“ការលើកកម្ពស់ការយល់ដឹងការធានាឥណទាន នៅក្នុងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២”
ខែវិច្ឆិកា 14, 2022ព្រឹត្តិការណ៍ និងសកម្មភាព
CGCC មានសេចក្តីរីករាយដែលបានចូលរួមសហការឧបត្ថម្ភដល់ការរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ និងសូមចូលរួមអបអរសាទរ ដែលវេទិកានេះត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ កាលពីថ្ងៃទី ១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២នេះ គឺជាព្រឹត្តិការណ៍ដំបូង និងធំជាងគេបំផុតនៅកម្ពុជា ដែលត្រូវបានរៀបចំឡើង អមជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
វេទិកានេះត្រូវបានសហការរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល , មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង សមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទធំៗចំនួន៣៖ (១) ការអភិវឌ្ឍនវិស័យច្ចេកវិទ្យាហិរញ្ញវត្ថុ, (២) វិស័យធនាគារ និងវិស័យមិនមែនធនាគារ , (៣) សន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត និងវិស័យហិរញ្ញវត្ថុទម្រង់វិមជ្ឈការ។
ឆ្លៀតក្នុងឱកាសនេះ CGCC បានដាក់តាំងបង្ហាញព័ត៌មានអំពីការធានាឥណទាន ដើម្បីលើកកម្ពស់់ការទទួលបានព័ត៌មានជំនួយហិរញ្ញវត្ថុ ពោលគឺការធានាឥណទានលើកម្ចីអាជីវកម្មដែលខ្វះទ្រព្យធានា ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម។