ធនាគារ មេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំសិក្ខាសាលាស្តីពី ការកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម ជាង១០០នាក់ នៅក្នុងប្រទេសកម្ពុជា
ខែវិច្ឆិកា 21, 2022ព្រឹត្តិការណ៍ និងសកម្មភាព
ធនាគារ មេយប៊ែង និង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមសហការរៀបចំសិក្ខាសាលាចំនួន២ កាលពីខែកញ្ញា និង វិច្ឆិកា ឆ្នាំ២០២២នេះ ដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម និង អ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុជាង ១០០នាក់ តាមរយៈការផ្តល់ជូននូវការយល់ដឹងផ្នែកអាជីវកម្ម និងចំណេះដឹងនានា ព្រមទាំងជំនាញ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ ក្នុងការធ្វើឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេកាន់តែល្អប្រសើរឡើង។
សិក្ខាសាលាស្តីពី ការកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានធ្វើឡើងនៅ អគារមេយប៊ែង ថៅវើ បានផ្តល់ឱកាសឱ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មដទៃមកពីគ្រប់វិស័យ ដើម្បីបង្កើនការយល់ដឹងថ្មីៗ ក្នុងការកសាង និងពង្រឹងអាជីវកម្មរបស់ពួកគេ។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិនៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារមេយប៊ែង យល់ឃើញថាសហគ្រាសធុនតូច និងមធ្យម បានប្រឈមមុខនឹងផលលំបាក និងបញ្ហាជាច្រើន បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត ហើយពួកគេក៏ពុំទទួលបាននូវព័ត៌មានដែលត្រឹមត្រូវនិងទាន់ពេលវេលា ក៏ដូចជាចំណេះជំនាញដែលមានសារៈសំខាន់ ក្នុងការបំពេញតម្រូវការទីផ្សារ ដើម្បីមានលទ្ធភាពអាចប្រកួតប្រជែងនិងបន្តភាពរឹងមាំ ។
លោកក៏បានបន្ថែមទៀតថា៖ “ហេតុដូចនេះហើយ យើងក៏បានបង្កើតនូវកម្មវិធីនេះឡើង ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម ដែលជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ និងរួមគ្នារបស់យើង បន្ថែមពីលើការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីធានាឱ្យបានថាសហគ្រាសធុនតូច និងមធ្យមទាំងអស់ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ។ ស្របតាមបេសកកម្ម ហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព រួមជាមួយការរៀបចំសិក្ខាសាលាប្រកបដោយភាពជោគជ័យ យើងក៏មានគម្រោងរៀបចំឡើងសិក្ខាសាលាបែបនេះបន្ថែមទៀតនាពេលអនាគត ដោយយោងតាមអត្ថប្រយោជន៍ ដែលកម្មវិធីនេះបានផ្តល់ជូន សហគ្រាសធុនតូច និងមធ្យម និងជាផ្នែកមួយនៃការរួមចំណែក ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។”
ក្រោយពីបានចូលរួមសិក្ខាសាលាទាំងពីរនេះ ម្ចាស់អាជីវកម្មទាំងអស់ទទួលបានការយល់ដឹងអំពីប្រធានបទជាច្រើនដូចជា ការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា គោលការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកពាណិជ្ជសញ្ញា និងទីផ្សារឌីជីថល និង វិធីសាស្រ្តដ៏ល្អក្នុងការគ្រប់គ្រងធនធានមនុស្ស ដែលបានការបកស្រាយដោយអ្នកជំនាញមកពីស្ថាប័នប្រកបដោយវិជា្ជជីវៈដូចជា ការិយាល័យមេធាវី អ្នកប្រឹក្សាផ្នែកអាជីវកម្ម ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារឌីជីថល រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។
លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានគូសបញ្ជាក់ឱ្យដឹងថា៖ “កិច្ចសហការរវាង CGCC ជាមួយធនាគារ មេយប៊ែង បានផ្តល់ឱកាសឱ្យស្ថាប័នទាំងពីរ រួមគ្នាលើកស្ទួយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងការពង្រឹងប្រតិបត្តិការអាជីវកម្មរបស់ សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាបង្កើននូវជំនាញ និងឱកាសក្នុងការរីកចម្រើនរបស់ម្ចាស់អាជីវកម្មទាំងអស់។ សិក្ខាសាលាទាំងនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ឆ្ពោះទៅបន្តជំរុញឱ្យមានការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។”
លោកក៏បានបន្ថែមទៀតថា ធនាគារ មេយប៊ែង និង CGCC នឹងនៅតែបន្តការរួមចំណែកគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈកម្មវិធីឬមធ្យោបាយផ្សេងៗ ដែលរួមមានការផ្តល់ជូនសេវាជំនួយហិរញ្ញវត្ថុ ការគាំទ្រនិងផ្តល់ការប្រឹក្សាបច្ចេកទេស ដោយផ្អែកលើការអនុវត្តអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយគាំទ្រដល់ការរីកចម្រើនផលិតភាពការងារ និងភាពច្នៃប្រឌិត ក៏ដូចជាការពង្រឹងការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម។