ធនាគារ មេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជា បណ្ដុះបណ្ដាលជំនាញ និងការកសាងសមត្ថភាព សម្រាប់សហគ្រាសធុនតូច និងមធ្យម
ខែវិច្ឆិកា 23, 2022ព័ត៌មានថ្មីៗ
ភ្នំពេញ)៖ ធនាគារ មេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំសិក្ខាសាលាចំនួន២ ជាផ្នែកនៃការខិតខំប្រឹងប្រែង និងពង្រឹងសមត្តភាព និងជំនាញរបស់សហគ្រាសធុនតូច និងមធ្យម និងអ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុជាង១០០នាក់ ដោយផ្ដល់ចំណេះដឹងផ្នែកអាជីវកម្ម និងចំណេះដឹង ព្រមទាំងជំនាញ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ ធ្វើឱ្យប្រតិបត្តិការអាជីវកម្ម កាន់តែល្អប្រសើរ។
សិក្ខាសាលាស្តីពី ការកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុន់តូច និងមធ្យម ធ្វើឡើងនៅគារមេយប៊ែង ថៅវើ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយផ្តល់ឱកាសឱ្យសហគ្រាសធុនតូច និងមធ្យម ផ្សារភ្ជាប់ទំនាក់ទំនង ជាមួយម្ចាស់អាជីវកម្មមកពីគ្រប់វិស័យ ដើម្បីបង្កើនការយល់ដឹងថ្មីៗ ក្នុងការកសាង និងពង្រឹងអាជីវកម្ម។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិនៃធនាគារ មេយប៊ែង ថ្លែងថា ធនាគារ មេយប៊ែង យល់ឃើញថា សហគ្រាសធុនតូច និងមធ្យម បានប្រឈមមុខ និងការលំបាក និងបញ្ហាជាច្រើន បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ហើយពពួកគេក៏ពុំទទួលបានពត៌មានត្រឹមត្រូវ និងទាន់ពេលវេលា ក៏ដូចជាចំណេះជំនាញ មានសារៈសំខាន់ ក្នុងការបំពេញតម្រូវការទីផ្សារ ដើម្បីមានលទ្ធភាព អាចប្រកួតប្រជែង និងបន្តភាពរឹងមាំ។
លោកបានបន្ថែមទៀតថា «ហេតុដូចនេះបានជាយើងបង្កើតកម្មវិធីនេះ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម ជាគំនិតផ្ដួចផ្តើមយុទ្ធសាស្ត្រ និងរួមគ្នាបន្ថែម ពីលើការខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ ដើម្បីធានាឱ្យបានថា សហគ្រាសធុនតូច និងមធ្យមទាំងអស់ ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ ស្របតាមបេសកកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព រួមជាមួយការរៀបចំសិក្ខាសាលា ប្រកបដោយភាពជោគជ័យ ធនាគារមេយប៊ែង នឹងរៀបចំសិក្ខាសាលាបែបនេះបន្ថែមទៀត នាពេលអនាគត កម្មវិធីនេះបានផ្តល់ជូនសហគ្រាសធុនតូច និងមធ្យម និងជាផ្នែកមួយនៃការរួមចំណែក ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសឹកម្ពុជា»។
ក្រោយពីបានចូលរួមកម្មវិធីទាំងនេះ ម្ចាស់អាជីវកម្មទាំងអស់ ទទួលបានការយល់ដឹងពី ប្រធានបទជាច្រើនដូចជា៖ ការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា គោលការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកពាណិជ្ជសញ្ញា និងទីផ្សារឌីជីថល ព្រមទាំងវិធីសាស្រ្តដ៏ល្អ ក្នុងការគ្រប់គ្រងធនធានមនុស្ស។
ក្នុងនោះក៏មានវាគ្មិនជំនាញមកពីស្ថាប័ន ប្រកបដោយវិជ្ជាជីវៈដូចជា៖ ការិយាល័យមេធាវី អ្នកប្រឹក្សាផ្នែកអាជីវកម្ម ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារឌីជីថល រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។
លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា «កិច្ចសហការរវាង CGCC ជាមួយធនាគារ មេយប៊ែង បានផ្តល់ឱកាសឱ្យស្ថាប័នទាំងពីរ រួមគ្នាលើកស្ទួយចំណេះដឹងផ្នែក
ហិរញ្ញវត្ថុ ក្នុងការពង្រឹងប្រតិបត្តិការអាជីវកម្ម របស់សហគ្រាសធុនតូច និងម៏ធ្យម ក៏ដូចជាបង្កើនជំនាញ និងឱកាសក្នុងការរីកចម្រើន របស់ម្ចាស់អាជីវកម្មទាំងអស់»។
លោកបានបន្ដថា សិក្ខាសាលាទាំងនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ ឆ្ពោះទៅបន្តជំរុញឱ្យមានការរីកចម្រើន
របស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។
លោកក៏បានបន្ថែមទៀតថា CGCC និងធនាគារ មេយប៊ែ នៅតែបន្តការរួមចំណែកគាំទ្រ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈកម្មវិធី ឬមធ្យោបាយផ្សេងៗរួមមាន ការផ្តល់សេវាជំនួយហិរញ្ញវត្ថុ ការគាំទ្រ និងផ្ដល់ការប្រឹក្សាបច្ចេកទេស ដោយផ្អែកលើការអនុវត្តអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយគាំទ្រដល់ការរីកចម្រើន ផលិតភាពការងារនិងភាពច្នៃប្រឌិត ក៏ដូចជាការពង្រឹងការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម៕
Credit to: Fresh News, ២១ វិច្ឆិកា ២០២២