ស្វែងយល់ពីអត្រាការប្រាក់
ខែមិថុនា 9, 2023ស្វែងយល់ពីការធានាឥណទាន
ហេតុអ្វីអត្រាការប្រាក់មានសារៈសំខាន់សម្រាប់អ្នក? តើអ្នកយល់អំពីអត្រាការប្រាក់បានកម្រិតណា? អត្រាការប្រាក់មានឥទ្ធិពលយ៉ាងខ្លាំង លើការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ស្ថាប័ននីមួយៗ ក៏ដូចជាប្រទេសទាំងមូល ក្នុងការខ្ចីប្រាក់ពីគេ ការផ្តល់ប្រាក់ឱ្យគេខ្ចី ការបង្កើនវិនិយោគ និងការបន្ថយការវិនិយោគ ជាដើម។ ប្រសិនអត្រាការប្រាក់កើនឡើងខ្ពស់ ក្រុមហ៊ុនអាជីវកម្មនឹងពន្យាពេល ក្នុងការកៀរគរដើមទុនមកវិនិយោគ ឬពង្រីកអាជីវកម្ម ដែលធ្វើឱ្យភាពមានការងារធ្វើ និងប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗធ្លាក់ចុះ។ ដូច្នេះ ការស្វែងយល់អំពីអត្រាការប្រាក់មានសារៈសំខាន់ ក្នុងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការខ្ចីប្រាក់ ការឱ្យប្រាក់គេខ្ចី ឬការវិនិយោគលើអាជីវកម្ម។
១. និយមន័យនៃអត្រាការប្រាក់
ដូចគ្នានឹងទំនិញ ឬសេវាផ្សេងៗនៅក្នុងសេដ្ឋកិច្ចដែរ ការផ្តល់កម្ចីឬការខ្ចីគឺមានតម្លៃ (price) របស់វា។ ឧទាហរណ៍ ការជួលផ្ទះស្នាក់នៅ ១ខែ មានតម្លៃ ១.០០០ដុល្លារ រីឯការជួលសាច់ប្រាក់មកប្រើប្រាស់ ចំនួន ១០.០០០ដុល្លារ (ខ្ចីប្រាក់) ក្នុង ១ខែ មានតម្លៃ ១០០ដុល្លារ។ តាមរយៈឧទាហរណ៍នេះ អត្រាការប្រាក់សម្រាប់ការខ្ចីប្រាក់ ឬឱ្យប្រាក់គេខ្ចី (cost of borrowing) ចំនួន ១០.០០០ដុល្លារ ស្មើនឹង ១% ក្នុង ១ខែ (១០០ ចែកកនឹង ១០.០០០)។ ការជួលផ្ទះ មានតម្លៃ ខុសគ្នា ទៅតាមប្រភេទផ្ទះ, រយៈពេលនៃការជួលផ្ទះ, និងប្រភេទអតិថិជនដែលជួល។ល។ ដូចគ្នាដែរ អត្រាការប្រាក់ មានកម្រិតខុសគ្នា អាស្រ័យលើប្រភេទកម្ចី រយៈពេលកម្ចី និងអតិថិជនដែលស្នើសុំកម្ចី។ ជាទូទៅ អត្រាការប្រាក់ ត្រូវបានគិតជាភាគរយនៃប្រាក់ដើម ក្នុងមួយឆ្នាំ។ ដូច្នេះ នៅពេលគេនិយាយថា អត្រាការប្រាក់ចំនួន ៥% ឬ ១០% មានន័យថា ៥% ឬ ១០% ក្នុងមួយឆ្នាំ នៃប្រាក់ដើម។ និយាយឱ្យខ្លី អត្រាការប្រាក់គឺជាថ្លៃ (price) នៃការឱ្យប្រាក់គេខ្ចី ឬការស្នើសុំខ្ចីប្រាក់គេ។
អានបន្ត៖ ស្វែងយល់ពីអត្រាការប្រាក់