Understanding Credit Guarantee-Interview with LOLC Microfinance Institution

ស្វែងយល់អំពីការធានាឥណទាន “កិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ”

អាននិងទាញយកជា PDF: កិច្ចសម្ភាសន៍ជាមួយនាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អិលអូ​អិលស៊ី

១. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អិលអូ​អិលស៊ី យល់ឃើញដូចម្តេច ចំពោះគម្រោងធានាឥណទាន? ហេតុអ្វីបានជា អិលអូ​អិលស៊ី ចូលរួមជាដៃគូជាមួយ CGCC?

  • គណៈគ្រប់គ្រងអិលអូអិលស៊ី ពិតជារីករាយក្នុងការចូលរួមជាមួយ CGCC ដើម្បីចាប់យកឱកាសនៃភាពជាដៃគូក្នុងការពង្រីកទីផ្សារបន្ថែម តាមរយៈការផ្តល់ប្រាក់កម្ចីថ្មីជាមួយនឹងការធានាពីCGCC ដែលគម្រោងធានាឥណទាននេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ទាំងសម្រាប់អិលអូអិលស៊ី និងអតិថិជនផងដែរ ជាពិសេសអតិថិជនដែលពុំមានទ្រព្យដាក់ធានា ដើម្បីផ្តល់លទ្ធភាព និងជម្រុញឱ្យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ទទួលបានដើមទុនងាយស្រួលជាងមុន ក្នុងអត្រាការប្រាក់ទាប ដើម្បីស្តារ  ចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។
  • អិលអូអិលស៊ីចូលរួមជាមួយ CGCC ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដោយមើលឃើញថាគម្រោងធានាឥណទាននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិទាំងមូល ដោយបានផ្តល់ លទ្ធភាពដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាឱ្យទទួលបានហិរញ្ញប្បទាន ដើម្បីស្តារ ចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ពួកគាត់ ទន្ទឹមគ្នានេះដែរក៏បានផ្តល់នូវឱកាសការងារក្នុងស្រុកដល់ប្រជាជនឱ្យមានការងារធ្វើ និងមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារផងដែរ។​

 

២. តើគម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះចំពោះ អិលអូ​អិលស៊ី  និងអតិថិជន?

តាមរយៈការសហការជាមួយ CGCC អិលអូអិលស៊ីមានឱកាសក្នុងការពង្រីកទីផ្សារសក្តានុពលបន្ថែមទៀត និងមានទំនុកចិត្ត ក្នុងការពង្រីកការផ្តល់កម្ចីដល់អតិថិជនដែលមានលទ្ធភាព និងចង់ពង្រីកអាជីវកម្មបន្ថែម ប៉ុន្តែមិនមានទ្រព្យធានាគ្រប់គ្រាន់។ បន្ថែមលើនេះទៅទៀត គម្រោងធានាឥណទានរបស់ CGCC នេះ គឺជាចំណែកមួយយ៉ាងសំខាន់ ក្នុងការបំពេញនូវតម្រូវការ​របស់អតិថិជនដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់ និងលុបបំបាត់ការព្រួយបារម្ភរបស់គាត់ពីពាក្យថា “ទោះបីមុខរបរគាត់ល្អប៉ុណ្ណាក៏ដោយ បើគ្មានទ្រព្យធានា ចង់ខ្ចីលុយគេមករកស៊ី គឺគេមិនឱ្យទេ” ប៉ុន្តែពេលនេះទោះគ្មានទ្រព្យធានា ក៏អតិថិជនអាចខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារមករកស៊ីបានដែរ ឱ្យតែយើងមានលទ្ធភាពបង់សងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារវិញ និងមានផែនការរអាជីវកម្មច្បាស់លាស់។

 

៣. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូ​អិលស៊ី មានយុទ្ធសាស្រ្តក្នុងការរៀបចំកម្ចីក្រោមការធានាឥណទានពី CGCC យ៉ាងដូចម្តេច? និងតើស្ថាប័នមានលក្ខខណ្ឌក្នុងការវាយតម្លៃសំណើកម្ចីពីអតិថិជនយ៉ាងដូចម្តេចខ្លះ?

ការពិតណាស់ អិលអូអិលស៊ី បានរៀបចំយុទ្ធសាស្រ្តច្បាស់លាស់មួយចំនួន​ ក្នុងការរៀបចំកម្ចីក្រោមការធានាឥណទាន ពី CGCC ដូចជា៖

  • ផ្តល់កម្ចីទៅកាន់អតិថិជនដែលមានមុខរបរច្បាស់លាស់ ស្របច្បាប់ មានលំហូរសាច់ប្រាក់ល្អ មានប្រវត្តិឥណទានល្អ ទោះបីអតិថិជននោះ មានទ្រព្យធានា ឬមិនមានទ្រព្យធានាក៏ដោយ ជាពិសេស គឺផ្តល់កម្ចីទៅកាន់អតិថិជនដែលជាសហគ្រាសខ្នាតតូច និងមធ្យម (SME) ដែលមានបំណងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យរីកចម្រើន ដែលអាជីវកម្មរបស់សហគ្រិននោះ បានចូលរួមចំណែកជួយសង្គមតាមរយៈការផ្តល់ការងារធ្វើដល់ប្រជាជនឱ្យមានចំណូលសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់។
  • ផ្តល់កម្ចីទៅកាន់អតិថិជនដែលមានមុខរបរមានហានិភ័យ ប៉ុន្តែរំពឹងថាមុខរបរនោះ នឹងមានភាពល្អប្រសើរនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។
  • ផ្តល់កម្ចីទៅដល់វិស័យសំខាន់ៗដែលជាអាទិភាព ដែលអាចចូលរួមចំណែក ក្នុងការស្តារ និងលើកស្ទួយដល់អតិថិជន ដែលកំពុងតែទទួលរងឥទ្ធិពលបន្ទាប់ពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអិលអូអិលស៊ីរំពឹងថា អាជីវកម្មរបស់អតិថិជននឹងមានភាពល្អប្រសើរនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ដើម្បីជាជំនួយស្មារតីដល់អតិថិជនដែលមានសក្តានុពលក្នុងការទទួលបានកម្ចីដែលមានការធានាអាចស្វែងយល់ និងរៀបចំខ្លួនជាមុន មុនពេលស្នើកម្ចីពី LOLC គ្រឹះស្ថានអិលអូអិលស៊ីមានលក្ខខណ្ឌក្នុងការវាយតម្លៃសំណើកម្ចីពីអតិថិជន មួយចំនួន៖

  • អតិថិជនត្រូវមានមុខរបរច្បាស់លាស់ ស្របច្បាប់
  • អតិថិជនមានលំហូរសាច់ប្រាក់ល្អ ដែលអាចទទួលបានកម្ចីហើយមានលទ្ធភាពគ្រប់គ្រាន់នៅពេល ទូទាត់កម្ចីសងត្រលប់មកវិញ
  • អតិថិជនមានកេរ្តិ៍ឈ្មោះល្អ និងមានប្រវត្តិឥណទានល្អ
  • អតិថិជនត្រូវមានផែនការ និងគោលបំណងច្បាស់លាស់ក្នុងការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព
  • អតិថិជនអាចមានដើមទុនខ្លះ ក្នុងការប្រតិបត្តិការនៅក្នុងអាជីវកម្មរបស់ពួកគាត់
  • អាជីវកម្មរបស់អតិថិជន មានលក្ខខណ្ឌល្អ ដូចជាផលិតផល និងសេវាកម្មមានគុណភាព តម្លៃសមរម្យ មានតម្រូវការទីផ្សារ បុគ្គលិក និងអ្នកដឹកនាំមានជំនាញ បទពិសោធន៍ច្បាស់លាស់
  • អាចមាន ឬមិនមានទ្រព្យធានា ឬមានទ្រព្យធានាដែរ ប៉ុន្តែទ្រព្យធានាមិនគ្រប់លក្ខខណ្ឌកម្ចីក៏អាចទទួលបានកម្ចីបានដែរ។

 

៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូ​អិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឆ្នើមទី៤របស់ CGCC ប្រចាំឆ្នាំ២០២២។ តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អិលអូ​អិលស៊ី មានយុទ្ធសាស្រ្ត ឬផែនការដូចម្តេច ដើម្បីបន្តបង្កើនការបញ្ចេញកម្ចីដែល ការធានា នាឆ្នាំ២០២៣ នេះ?

ជាការពិតណាស់​ អិលអូអិលស៊ីនឹងបន្តផ្តល់ឥណទានបន្ថែមទៀតដល់អតិថិជន ដែលមានទ្រព្យដាក់ធានា និងគ្មានទ្រព្យដាក់ធានា ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន លើគ្រប់វិស័យទាំងអស់ និងជួយលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់ ព្រមទាំងដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជម្រុញដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ តាមរយៈនេះ អិលអូអិលស៊ី នឹងជំរុញបន្ថែមដល់ថ្នាក់គ្រប់គ្រងសាខាដើម្បីផ្សព្វផ្សាយគម្រោងធានាឥណទាននេះឱ្យបានទូលំទូលាយ ទៅដល់គ្រប់អតិថិជនគោលដៅ ជាពិសេសអតិថិជនថ្មីៗបន្ថែមទៀតដែលមិនទាន់ទទួលបានកម្ចីពី អិលអូអិលស៊ីទាំងអតិថិជនមានទ្រព្យដាក់ធានា និងមានទ្រព្យដាក់ធានាមិនគ្រប់តម្រូវការ ឬមិនមានទ្រព្យដាក់ធានា សំខាន់គឺអតិថិជនមានមុខរបរច្បាស់លាស់ ស្របច្បាប់ មានកេរ្តិ៍ឈ្មោះល្អ មានប្រវត្តិឥណទានល្អ មានលំហូរសាច់ប្រាក់រឹងមាំ ព្រមទាំងលក្ខខណ្ឌអាជីវកម្មរបស់អតិថិជនល្អ។

 

៥. ក្រៅពីការផ្តល់កម្ចីដែលមានធានាឥណទាន តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និង CGCC គួរសហការគ្នាយ៉ាងដូចម្តេចទៀត ដើម្បីអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម នៅកម្ពុជា?

ក្រៅពីការផ្តល់សេវាឥណទាន CGCC និង អិលអូអិលស៊ី ក៏នឹងបន្តធ្វើការសហការគ្នា ដើម្បីធ្វើការគាំទ្រសេវាមិនមែនហិរញ្ញវត្ថុផ្សេងៗ​ ដើម្បីជួយបង្កើនការយល់ដឹង ឬជំនាញបន្ថែម ទាក់ទងនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សហគ្រិន ជាពិសេសម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ កាន់តែមានចំណេះដឹងបន្ថែមលើអភិបាលកិច្ច ចំណេះដឹងហិរញ្ញវត្ថុ ដូចជាការគ្រប់គ្រងសាច់ប្រាក់ គ្រប់គ្រងចំណាយ ដែលចូលរួមចំណែកដល់ការគ្រប់គ្រងអាជីវកម្មរបស់អតិថិជនកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។