ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនលទ្ធភាពទទួលបាន កម្ចីដែលមានការធានាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រវាង សាជីវកម្មធានាឥណទានកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ធនាគារវីង
ខែសីហា 23, 2023ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃទី២២ ខែសីហា ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងធនាគារវីង បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើភាពជាដៃគូយុទ្ធសាស្រ្ត ក្នុងគោលបំណងបង្កើនលទ្ធភាពទទួលបានកម្ចីដែលមានការធានា សម្រាប់ការអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម (SMEs) នៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ការគាំទ្រដល់សមាជិកសមាជិកា FASMEC ក្នុងការទទួលហិរញ្ញប្បទាន ចាំបាច់ ឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានា តាមរយៈការធានាឥណទាន និង ជាពិសេសចូលរួមលើកស្ទួយចំណេះដឹងហិរញ្ញវត្ថុ ជូនដល់សមាជិកសមាជិការបស់ FASMEC នៅទូទាំងប្រទេស។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធឡើងនៅការិយាល័យកណ្ដាលធនាគារវីង នឹងត្រូវបានការអញ្ជើញចូលរួមចុះហត្ថលេខាដោយ លោក Wong Keet Loong អគ្គនាយក CGCC លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC និងលោក Han Peng Kwang នាយកប្រតិបត្តិរបស់ធនាគារ វីង។
លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វីង និង FASMEC ក្នុងឆ្នាំនេះ ដើម្បីបង្កើនការគាំទ្រដល់សមាជិករបស់ FASMEC ឱ្យទទួលបានកម្ចីដែលមានការធានាពី CGCC តាមរយៈធនាគារ វីង ឱ្យកាន់តែទូលំទូលាយជាងមុន។ យើងខ្ញុំជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអាចឲ្យ CGCC ជួយដល់ SMEs ជាច្រើនទៀតក្នុងអំឡុងពេលនៃកម្មវិធីផ្សព្វផ្សាយនានារបស់យើងខ្ញុំ ជាពិសេស ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅទូទាំងខេត្ត-ក្រុង ដែលជាផ្នែកមួយនៃគោលដៅរយៈពេលវែងរបស់ CGCC ដើម្បីជំរុញការអភិវឌ្ឍរបស់ SMEs”។
ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC មានប្រសាសន៍ឱ្យដឹងថា “យើងពិតជាជាសប្បាយរីករាយក្នុងការចាប់ដៃគូជាមួយនិងធនាគារវីង និង សាជីវកម្មធានាឥណទានកម្ពុជា CGCC ព្រោះវាជាការផ្តល់ឱកាស ដល់សហគ្រាសធុនតូចនិងមធ្យមដែលជាសមាជិកសមាជិការរបស់ FASMEC ដែលកំពុងតែមានបញ្ហាប្រឈមកង្វះទ្រព្យធានា អាចទទួលបាននូវហិរញ្ញវត្ថុសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ ឲ្យបានកាន់តែរីកចម្រើន”។
លោក Han Peng Kwang នាយកប្រតិបត្តិរបស់ធនាគារ វីង បានថ្លែងថា“តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាភាពជាដៃគូសហការជាមួយ CGCC និង FASMEC យើងខ្ញុំមានការតាំងចិត្តជួយសម្រួលទៅដល់ SMEs ដើម្បីអាចទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន។” លោក ហាន ប៉េងក្វាង បានបន្តថា៖ “តាមរយៈការផ្តល់សេវាធនាគារដែលមានភាពបត់បែន និងការគាំទ្រផ្នែកឥណទានដ៏ល្អប្រសើរ យើងនឹងអាចជួយទៅដល់ SMEs ក្នុងការចាប់យកាលានុវត្តភាពរីកលូតលាស់ នវានុវត្តន៍ភាព និងរួមចំណែកដល់វិបុលទាំងមូលនៅក្នុងប្រទេសកម្ពុជា”។
ភាពជាដៃគូរវាង CGCC, FASMEC, និងធនាគារវីង នេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ តាមរយៈស្មារតីរួមគ្នានេះ ស្ថាប័នទាំងបីនឹងរួមគ្នាសម្រួលដល់ក្រុមហ៊ុន/អាជីវកម្ម ដោយដោះស្រាយនូវបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន និងចំណេះដឹងហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស។
អំពី CGCC
CGCC គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។ ព័ត៌មានបន្ថែមសូមចូលទៅ៖ www.cgcc.com.kh
អំពី FASMEC
FASMEC គឺជាសម្ព័ន្ធដែលចងក្រងឡើង ដោយបណ្តុំសមាគម និង សហគ្រាសធុនតូច មធ្យមនៅកម្ពុជា ដែល បានបង្កើតឡើង និងចុះបញ្ជីអនុញ្ញាតពីក្រសួងមហាផ្ទៃ ឆ្នាំ២០១០។ ទស្សនវិស័យរបស់ FASMEC គឺផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាទៅទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ បេសកម្មចម្បងរបស់ FASMEC គឺធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាមានការប្រមូលផ្តុំគ្នា និងសហការគ្នា ដើម្បីឱ្យគុណភាពផលិតផលប្រទេសកម្ពុជាមានការទទួលស្គាល់ជាលក្ខណអន្តរជាតិ។ គោលបំណងជួយសម្របសម្រួលបរិយាកាសពាណិជ្ជកម្ម បង្កើតវគ្គបណ្តុះបណ្តាល បង្កើនផលិតភាព ការច្នៃប្រឌិត និងការប្រកួតប្រជែង ដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូចនិងមធ្យម។
អំពីធនាគារ Wing
ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឲ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និងធ្វើឲ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេចាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ សព្វថ្ងៃនេះ ធនាគារវីងបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជាង ១១.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ១៥០.០០០ និងការសហការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុធំៗជាច្រើនដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។ ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ។ ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួលនិងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ៕