វេទិកាផ្គូរផ្គងអាជីវកម្មសហគមន៍ ស្តីពី “ការពង្រឹងនិងពង្រីកទីផ្សារផលិតផលកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា”
ខែធ្នូ 29, 2023ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម តំណាងឱ្យសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានអញ្ជើញចូលរួម វេទិកាផ្គូរផ្គងអាជីវកម្មសហគមន៍ ស្តីពី “ការពង្រឹងនិងពង្រីកទីផ្សារផលិតផលកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” ដែលរៀបចំដោយសម្ព័ន្ធសហគមន៍សិកម្មកម្ពុជា (CACA) ក្រោមអធិបតីភាពពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ។ វេទិកានេះ មានសមាសភាពចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម និងតំណាងពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍ ព្រមទាំងស្ថាប័នឯកជន ប្រមាណសរុបចំនួន ២៣០ នាក់។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង បង្កើតជាវេទិកាពិភាក្សារួមគ្នាជាមួយ ស្ថាប័នរដ្ឋ វិស័យឯកជន អ្នកផលិត (សហគមន៍កសិកម្ម) ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម និងយន្តការដោះស្រាយ ជាពិសេសគឺ ការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងភាពជាដៃគូ រវាងរដ្ឋាភិបាល សហគមន៍កសិកម្ម វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រក្នុងការពង្រឹងនិងពង្រីកទីផ្សារផលិតផលកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ពិន ម៉ានីកា ក៍បានធ្វើបទបង្ហាញអំពីគម្រោងធានឥណទានរបស់ CGCC ក៏ដូចជា អត្ថប្រយោជន៍ពីកម្ចីដែលមានការធានាតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានាពេលស្នើសុំកម្ចី សម្រាប់ពង្រីក និងស្តារអាជីវកម្មរបស់ម្ចាស់អាជីវកម្មទូទៅ ជាពិសេសចំពោះម្ចាស់អាជីវកម្មដែលកំពុងតែស្ថិតនៅក្នុងវិស័យកសិកម្មនេះតែម្តង។