CGCC ចូលរួមក្នុងកិច្ចប្រជុំសម្រាប់វិនិយោគិននៃកម្មវិធីផ្តួចផ្តើមសហគ្រិនក្នុងកិច្ចការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
ខែមេសា 11, 2024ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសមួយរូប ក្នុងកិច្ចប្រជុំសម្រាប់វិនិយោគិននៃកម្មវិធីផ្តួចផ្តើមសហគ្រិនក្នុងកិច្ចការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដោយបានចែករំលែកអំពីកិច្ចផ្តួចផ្តើមរបស់ CGCC ក្នុងការសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យឯកជននៅប្រទេសកម្ពុជា តាមរយៈកិច្ចពិភាក្សាបើកចំហរមួយស្តីពី “ទិដ្ឋភាពនៃការវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងការបន្ស៊ាំនឹងអាកាសធាតុ”។
តាមរយៈកិច្ចពិភាក្សានេះ លោកអគ្គនាយកបានគូសបញ្ជាក់អំពីយន្តការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់វិស័យឯកជនក្នុងការទទួលបានហិរញ្ញប្បទាន តាមរយៈយន្តការធានាឥណទានរបស់ CGCC សម្រាប់ក្រុមហ៊ុន/អាជីវកម្ម និងជាពិសេសអាជីវកម្មក្នុងវិស័យបៃតង។ លោកក៏បានចែករំលែកអំពី “គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព” របស់ CGCC ដែលជាគំរូហិរញ្ញប្បទានរួមបញ្ចូលគ្នា ដែលទទួលបានការគាំទ្រពី UNDP ដើម្បីបង្កើនសមត្ថភាពនៃការធានាឥណទានរបស់ CGCC សម្រាប់វិស័យបៃតង។
កម្មវិធីកិច្ចប្រជុំសម្រាប់វិនិយោគិនដែលរៀបចំដោយ UNDP នេះ មានគោលបំណងទាញចំណាប់អារម្មណ៍ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងវិស័យឯកជន ជុំវិញដំណោះស្រាយទីផ្សារ និងការវិយោគដែលពឹងផ្អែកលើអាកាសធាតុ និងបង្កើតនូវឱកាសក្នុងការកៀរគរ និងទាញយកទុនសម្រាប់វិស័យឯកជន និងហិរញ្ញប្បទានរួមបញ្ចូលគ្នា សំដៅដល់ការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ និងដើម្បីធ្វើពិពិធកម្មធនធានសម្រាប់ហិរញ្ញប្បទានផ្នែកអាកាសធាតុ តាមរយៈការប្រើប្រាស់ទុនលើឱកាសទីផ្សារដែលមានស្រាប់៕