សិក្ខាសាលាផ្សព្វផ្សាយរបស់ CGCC ស្តីពី “កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)”

នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)” នៃគម្រោង CAPFISH-Capture ដែលជាគម្រោងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia) និងសហការឧបត្ថម្ភដោយសហភាពអឺរ៉ុប និងដែលមាន CGCC ជាអ្នកគ្រប់គ្រងគម្រោង ISF នេះ។

សិក្ខាសាលានេះមានការចូលរួមជាអធិបតីភាពពីសំណាក់ លោក ទា គឹមសុទ្ធ  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប, លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប  និងមានការចូលរួមជាកិត្តិយសពី លោក ណូ លីដា អគ្គនាយករង CGCC, លោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC, លោក ប៉ោង លាងអូន អ្នកសម្របសម្រួលថ្នាក់ជាតិអភិវឌ្ឍន៍វិស័យឯកជននៃអង្គការ UNIDO, រួមទាំងសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងសហការីនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC គឺធនាគារអេស៊ីលីដា និងធនាគារមេយប៊ែង និងជាពិសេសបណ្តាម្ចាស់សហគ្រាសនៅក្នុងវិស័យជលផលក្រោយប្រមូលផល នៅក្នុងខេត្តសៀមរាប និងក្នុងតំបន់ ប្រមាណ៧០រូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីគម្រោង ISF និងគម្រោងធានាឥណទានលើវិស័យជលផលក្រោយប្រមូលផលរបស់ CGCC (PFGS) និងការចែករំលែកពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមលើនីតិវិធីនៃការទទួលបានហិរញ្ញប្បទានក្រោមគម្រោង PFGS ដើម្បីអាចឱ្យម្ចាស់អាជីវកម្មនៅក្នុងវិស័យជលផលក្រោយប្រមូលផលបានស្វែងយល់អំពីនីតិវិធីនៃគម្រោង ISF និងដើម្បីអាចត្រៀមខ្លួនក្នុងការទទួលបានកម្ចីដែលមានការធានាផងដែរ៕