ពិធីប្រកាសតែងតាំង និងការផ្ទេរភារកិច្ចរបស់ អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា
ខែកញ្ញា 30, 2024ដំណឹង
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំ “ពិធីប្រកាសតែងតាំង និងការផ្ទេរភារកិច្ចរបស់អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC និងវត្តមានកិត្តិយសរបស់សមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC ដៃគូជាតិ និងអន្តរជាតិ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគមអាជីវកម្ម និងស្ថាប័នពាក់ព័ន្ធសរុបប្រមាណជាង ១០០រូប នៅសណ្ឋាគារ Oakwood Premier Phnom Penh។
ពិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសម្តែងនូវការថ្លែងអំណរគុណ ជូនចំពោះ លោក Wong Keet Loong ដែលបានចូលរួមបង្កើត និងដឹកនាំ CGCC ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ និងដើម្បីប្រកាសជាផ្លូវការនូវការតែងតាំង និងផ្ទេរភារកិច្ចរបស់អគ្គនាយក CGCC ដោយអនុក្រឹត្យលេខ ៨៧២ អនក្រ.តត តាមរយៈការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តបតាមសំណើដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានតែងតាំង លោក ណូ លីដា ជាអគ្គនាយក CGCC ដែលលោកគឺជាបុគ្គលដ៏សំខាន់មួយរូប ក្នុងការចូលរួមរៀបចំគោលនយោបាយបង្កើត CGCC និងបានកាន់តួនាទីជាអគ្គនាយករង ក្នុងរយៈពេល ៤ឆ្នាំ កន្លងមកនេះ និងបានបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាង១០ឆ្នាំ ដែលពោរពេញដោយបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តដឹកនាំ CGCC ឱ្យកាន់តែរីកចម្រើន។
តាមរយៈពិធីនេះ CGCC ក៏បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព ដែលជាគម្រោងបង្កើតឡើង ក្រោមកិច្ចសហការផ្តួចផ្តើមរបស់ CGCC និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលនឹងអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបង្កើតមូលនិធិរួមគ្នាជាមួយ CGCC ដើម្បីផ្តល់ហិរញ្ញប្បទានចម្រុះសម្រាប់ការវិនិយោគវិស័យបៃតងដែលមានការធានាពី CGCC ក្នុងលក្ខខណ្ឌអនុគ្រោះ ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការដាក់ឱ្យដំណើរការជាផ្លូវការ នេះមានការចូលរួមជាវត្តមានកិត្តិយស និងជាសក្ខីភាពពីសំណាក់ឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល CGCC, លោក Shakeel Ahmad អ្នកតំណាងរងនៃ UNDP និងសហការី និងអគ្គនាយក CGCC។
ឯកឧត្តម រស់ សីលវ៉ា បានថ្លែងចំណាប់អារម្មណ៍នៅក្នុងពិធីនេះថា ៖ “ពិតណាស់ ភាពជោគជ័យ និងការរីកចម្រើនរបស់ CGCC មកទល់ពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺកើតចេញពីការបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ និងឆន្ទៈរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ CGCC ជាពិសេសការគាំទ្រ កិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលរួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងសហគ្រាសខ្នាតតូច និងមធ្យមរបស់យើង”។
លោក Wong Keet Loong បានថ្លែងថា៖ “ខ្ញុំមានកិត្តិយសណាស់ដែលមានឱកាសដឹកនាំ CGCC តាំងពីការចាប់ផ្តើម រហូតដល់សព្វថ្ងៃ។ CGCC បានសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន តាមរយៈការក្លាយជាស្ថាប័នធានាឥណទាន និងធានាលើការបោះផ្សាយសញ្ញាបណ្ណដំបូងគេ ក្នុងប្រទេសកម្ពុជា។ CGCC នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ”។
លោក ណូ លីដា អគ្គនាយក CGCC បានថ្លែងថា៖ “ខ្ញុំពិតជាមានមហាកិត្តិយសដ៏ធំធេង ដែលទទួលបានការជឿទុកចិត្ត ពីក្រុមប្រឹក្សាភិបាល ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាពិសេស ពីសម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានឯកភាពដ៏ខ្ពង់ខ្ពស់បំផុត លើការតែងតាំងរូបខ្ញុំ ជាអគ្គនាយករបស់ CGCC។ ខ្ញុំសូមប្តេជ្ញាថា នឹងខិតខំបំពេញតួនាទីនេះ ឱ្យអស់ពីសមត្ថភាព និងអស់ពីកម្លាំងកាយចិត្ត។ ខ្ញុំនឹងប្រើប្រាស់ នូវរាល់មធ្យោបាយដែលខ្ញុំមាន ដើម្បីដឹកនាំ CGCC ឱ្យកាន់តែរីចកម្រើនបន្ថែមទៀត ដោយផ្អែកលើគុណាធិបតេយ្យ និងគោលការណ៍ ព្រមទាំងប្រកាន់ភ្ជាប់ជានិច្ច នូវការបំពេញការងារ ប្រកបដោយទំនុកចិត្ត, ទំនួលខុសត្រូវ, សាមគ្គីភាព, ចីរភាព, តម្លាភាព ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល។”
CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២០ និងបានដាក់ឱ្យដំណើរការគម្រោងធានាឥណទានជាលើកដំបូងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ គិតត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាលើឥណទានចំនួន ២.៦៧៨ គណនី ក្នុងទំហំទឹកប្រាក់ប្រមាណ ២២៥ លានដុល្លារ៕