លោក ណូ លីដា ត្រូវបានតែងតាំងជាអគ្គនាយកថ្មី នៃសាជីវកម្មធានាឥណទានកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(ភ្នំពេញ)៖ លោក ណូ លីដា ត្រូវបានតែងតាំងជាអគ្គនាយកថ្មី នៃសាជីវកម្មធានាឥណទានកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយអនុក្រឹត្យលេខ ៨៧២ អនក្រ.តត តាមរយៈការឯកភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា តបតាមសំណើរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នាពេលថ្មីៗកន្លងទៅនេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំ «ពិធីប្រកាសតែងតាំង និងការផ្ទេរភារកិច្ចរបស់អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា» ក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC។

លោក ណូ លីដា ជាអគ្គនាយក CGCC ដែលលោក គឺជាបុគ្គលដ៏សំខាន់មួយរូប ក្នុងការចូលរួមបង្កើតគោលនយោបាយបង្កើត CGCC និងបានកាន់តួនាទីជាអគ្គនាយករង ក្នុងរយៈពេល៤ឆ្នាំ កន្លងមកនេះ និងបានបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាង១០ឆ្នាំ ដែលពោរពេញដោយបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តដឹកនាំ CGCC ឱ្យកាន់តែរីកចម្រើន។

តាមរយៈពិធីនេះ CGCC ក៏បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព ដែលជាគម្រោងបង្កើតឡើង ក្រោមកិច្ចសហការផ្តួចផ្តើមរបស់ CGCC និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលនឹងអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបង្កើតមូលនិធិរួមគ្នាជាមួយ CGCC ដើម្បីផ្តល់ហិរញ្ញប្បទានចម្រុះសម្រាប់ការវិនិយោគវិស័យបៃតងដែលមានការធានាពី CGCC ក្នុងលក្ខខណ្ឌអនុគ្រោះ ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការដាក់ឱ្យដំណើរការជាផ្លូវការ នេះមានការចូលរួមជាវត្តមានកិត្តិយស និងជាសក្ខីភាពពីសំណាក់ឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល CGCC, លោក Shakeel Ahmad អ្នកតំណាងរងនៃ UNDP និងសហការី និងអគ្គនាយក CGCC។

លោក រស់ សីលវ៉ា បានថ្លែងថា «ពិតណាស់ ភាពជោគជ័យ និងការរីកចម្រើនរបស់ CGCC មកទល់ពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺកើតចេញពីការបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ និងឆន្ទៈរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ CGCC ជាពិសេសការគាំទ្រ កិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលរួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងសហគ្រាសខ្នាតតូច និងមធ្យមរបស់យើង»

លោក ណូ លីដា អគ្គនាយក CGCC បានថ្លែងប្តេជ្ញាថា នឹងខិតខំបំពេញតួនាទីនេះ ឱ្យអស់ពីសមត្ថភាព និងពីអស់ពីកម្លាំងកាយចិត្ត នឹងប្រើប្រាស់ នូវរាល់មធ្យោបាយដែលខ្លួនមាន ដើម្បីដឹកនាំ CGCC ឱ្យកាន់តែរីចកម្រើនបន្ថែមទៀត ដោយផ្អែកលើគុណាធិបតេយ្យ និងគោលការណ៍ ព្រមទាំងប្រកាន់ភ្ជាប់ជានិច្ច នូវការបំពេញការងារ ប្រកបដោយទំនុកចិត្ត, ទំនួលខុសត្រូវ, សាមគ្គីភាព, ចីរភាព, តម្លាភាព ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល។

CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២០ និងបានដាក់ឱ្យដំណើរការគម្រោងធានាឥណទានជាលើកដំបូងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១៕

 

Credit to: Fresh News, Published on 04 October 2024