CGCC ចូលរួមក្នុងសន្និសីទរបស់ ACSIC លើកទី៣៦ នៅប្រទេសនេប៉ាល់

នៅថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូ CGCC ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងហានិភ័យរបស់ CGCC បានចូលរួមសន្និសីទ Asian Credit Supplementation Institution Confederation (ACSIC) លើកទី៣៦ នៅរដ្ឋធានី Kathmandu នៃប្រទេសនេប៉ាល់ ដែលត្រូវបានរៀបចំដោយ Deposit and Credit Guarantee Fund of Nepal ក្រោមប្រធានបទ “Financing Innovations for Economic Growth”។

តាមរយៈសន្និសីទនេះ​ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ ត្រូវបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ក្រោយពីទទួលបានការប្រកាសជាផ្លូវការនូវការក្លាយជាសមាជិក ACSIC ចាប់ពីឆ្នាំ២០២៤ តទៅ ដោយបានថ្លែងអំណរគុណដល់សមាជិក ACSIC ទាំងអស់ដែលបានគាំទ្រ និងស្វាគមន៍ CGCC ជាសមាជិកផ្លូវការ និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីបណ្តុះបណ្តាល ACSIC សម្រាប់ឆ្នាំ២០២៦ខាងមុខ។

ជាងនេះទៅទៀត លោក ណូ លីដា អគ្គនាយក CGCC ក៏ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកអំពី គម្រោងធានាឥណទាន និងការធានាលើសញ្ញាបណ្ណរបស់ CGCC ជាពិសេសក្នុងគោលបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការងារអាទិភាពលើគម្រោងហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព។ បន្ថែមពីលើនេះ លោកអគ្គនាយកក៏បានចែករំលែកអំពីកម្មវិធីកសាងសមត្ថភាពរបស់ CGCC ដែលមានគោលដៅគាំទ្រដល់ក្រុមហ៊ុនអាជីវកម្ម, ការចូលរួមនៃយន្តការធានាឥណទានដើម្បីបង្កើនឱកាសការងារ ការដោះស្រាយបម្រែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រ និងការគិតគូរពីដំណោះស្រាយហិរញ្ញប្បទានប្រកបដោយចីរភាព និងនវានុវត្តន៍ តាមរយៈការរៀនសូត្រពីបទពិសោធន៍ល្អៗពីប្រទេសជាសមាជិក។

នៅក្នុងសន្និសីទនេះ គណៈប្រតិភូមកពីប្រទេសសមាជិក/អ្នកសង្កេតការណ៍មួយចំនួនរបស់ ACSIC បានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃគម្រោងធានាឥណទានរៀងៗខ្លួន ក៏ដូចជាមានកិច្ចពិភាក្សាពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗដូចជា យន្តការនវានុវត្តន៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យនៃស្ថាប័នធានាឥណទាន ការប្រើប្រាស់ប្រព័ន្ធឌីជីថល (AI) និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។

សន្និសីទ ACSIC លើកទី៣៦ មានការចូលរួមពីតំណាងសមាជិក ACSIC និងស្ថាប័នពាក់ព័ន្ធដូចជាធនាគារពិភពលោក ធនាគារកណ្តាលរបស់ប្រទេសនេប៉ាល់ ប្រមាណជាង១០០រូប។ គួរបញ្ជាក់ផងដែរថា ACSIC គឺជាសមាគមនៃស្ថាប័នធានាឥណទាន ឬស្ថាប័នមានតួនាទីប្រហាក់ប្រហែលនេះដ៏ធំជាងគេ នៅក្នុងតំបន់អាស៊ី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការចែករំលែកព័ត៌មាន ការប្រឹក្សាយោបល់ និងការកសាងសមត្ថភាពរវាងស្ថាប័នសមាជិក៕