CGCC ចូលរួមវេទិកាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ (Clean Energy Week 2024)
ខែវិច្ឆិកា 4, 2024ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក ណូ លីដា អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវេទិកាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ (Clean Energy Week 2024) ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីមហិច្ឆតា ឆន្ទះ និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្ពោះទៅអនាគតនៃថាមពលប្រកបដោយចីរភាព។
តាមរយៈវេទិកានេះ លោកអគ្គនាយកបានធ្វើបទបង្ហាញអំពីការចូលរួមរបស់ CGCC ពាក់ព័ន្ធនឹងការគាំទ្រដល់វិស័យថាមពលស្អាត តាមរយៈការចាប់ផ្តើមដាក់ឱ្យដំណើរការនូវ គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព ដែលជាគម្រោងបង្កើតឡើង ក្រោមកិច្ចសហការផ្តួចផ្តើមរបស់ CGCC និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលនឹងអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបង្កើតមូលនិធិរួមគ្នាជាមួយ CGCC ដើម្បីផ្តល់ហិរញ្ញប្បទានចម្រុះសម្រាប់ការវិនិយោគវិស័យបៃតងដែលមានការធានាពីCGCC ក្នុងលក្ខខណ្ឌអនុគ្រោះ ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ស្របពេលជាមួយគ្នានេះផងដែរ លោកអគ្គនាយកក៏បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៃកិច្ចពិភាក្សាលើប្រធានបទ “Financing the Transition” ដែលផ្តោតលើការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ លើយុទ្ធសាស្ត្រហិរញ្ញវត្ថុដែលចាំបាច់ដើម្បីសម្រេចបាននូវគោលដៅថាមពលស្អាតរបស់ប្រទេសកម្ពុជា និងបានចែករំលែកពីតួនាទី និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការចម្រុះ ពីស្ថាប័នពាក់ព័ន្ធ រួមមានរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ រួមជាមួយការធានាលើឥណទានរបស់ CGCC ដែលផ្តល់ក្នុងវិស័យនេះ។
គួរបញ្ជាក់ផងដែរថា វេទិកាសប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងអង្គការ Energy Lab ក្រោមកិច្ចសហការជាមួយក្រសួងរ៉ែ និងថាមពល និងគាំទ្រដោយ UNDP និងកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (ហៅកាត់ថា កម្មវិធី CAPRED) ដែលត្រូវបានចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។