CGCC និង YEAC ពិភាក្សាលើសហការរួមគ្នាដើម្បីជំរុញដល់ការទទួលបានហិរញ្ញប្បទានកាន់តែប្រសើរដល់សមាជិក YEAC
ខែវិច្ឆិកា 5, 2024ព្រឹត្តិការណ៍ និងសកម្មភាព
នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ណូ លីដា អគ្គនាយក CGCC ព្រមទាំងសហការី បានជួបពិភាក្សា និងស្វាគមន៍ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងសមាគម YEAC នៅការិយាល័យ CGCC។ កិច្ចប្រជុំនេះបានពិភាក្សាអំពីកិច្ចការងារដែលស្ថាប័នទាំងពីរអាចផ្តល់កិច្ចសហការរវាងគ្នា ដើម្បីជំរុញដល់ការទទួលបានហិរញ្ញប្បទានកាន់តែប្រសើរដល់សមាជិក YEAC។
តាមរយៈកិច្ចពិភាក្សានេះ ស្ថាប័នទាំងពីរ បានសិក្សាស្វែងយល់ស៊ីជម្រៅអំពីកត្តារាំងស្ទះ និងបញ្ហាប្រឈមដែលម្ចាស់អាជីវកម្ម សហគ្រិន ជួបប្រទះ និងបានលើកឡើងអំពីសកម្មភាព យុទ្ធសាស្ត្រ ដែលអាចផ្តល់ជាដំណោះស្រាយ និងសម្រួលដល់ម្ចាស់អាជីវកម្ម សហគ្រិន តាមរយៈការសហការភាពជាដៃគូរវាង CGCC និង YEAC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ CGCC។ ផែនការបន្ទាប់ ស្ថាប័នទាំងពីរនឹងធ្វើការរួមគ្នា ដូចជាការរៀបចំវេទិកា សិក្ខាសាលាផ្សេង ៗអំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលនឹងមានការចូលរួមចែករំលែកដោយ CGCC ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់សេវាធានាឥណទានរបស់ CGCC ឱ្យកាន់តែបានទូលំទូលាយ និងជំរុញការទទួលបានហិរញ្ញប្បទានផ្លូវការប្រកបដោយប្រសិទ្ធភាព៕