CGCC ចូលរួមវេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី នៅកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី និងប៉ាស៊ីហ្វិក លើកទី១៧
ខែវិច្ឆិកា 13, 2024ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ណូ លីដា អគ្គនាយក CGCC បានអញ្ជើញចូលរួមវេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១៧ (ADFIAP International CEO Forum XVII)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)។
វេទិកាអន្តរជាតិនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍការបញ្ចេញកាបូនតិច” ដោយបានពិភាក្សាលើបញ្ហាពាក់ព័ន្ធការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈយន្តការហិរញ្ញប្បទានដើម្បីជំរុញការវិនិយោគលើថាមពលកកើតឡើងវិញ និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, សារៈសំខាន់នៃការធ្វើបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងការទទួលបានសេវាទឹកស្អាត និងអនាម័យជាដើម។
វេទិកានេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ គ្រឹះស្ថានធនាគារ និង ស្ថាប័នហិរញ្ញវត្ថុ ចំនួន ៤០ប្រទេស សរុប ៩៤ ស្ថាប័ន ជាសមាជិករបស់ សមាគម ADFIAP។