ពិធីប្រគល់អំណោយឧបត្ថម្ភលើគ្រឿងបម្លាស់សម្រាប់ប្រព័ន្ធចម្រោះទឹកពិសារ និងកម្មវិធីតម្រង់ទិសចែករំលែកជំនាញសិក្សាពី CGCC ជូនទៅសិស្សានុសិស្សនៃវិទ្យាល័យកោះស្តេច

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានសេចក្ដីសោមនស្សរីករាយក្នុងការធ្វើដំណើរជាថ្មីម្តងទៀត ទៅកាន់វិទ្យាល័យកោះស្ដេច ខេត្តកោះកុង ក្រោមការដឹកនាំរបស់ លោក ណូ លីដា អគ្គនាយករបស់ CGCC ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិករបស់ CGCC ទាំងអស់ ដើម្បីនាំយកនូវអំណោយឧបត្ថម្ភលើគ្រឿងបម្លាស់សម្រាប់ប្រព័ន្ធចម្រោះទឹកពិសា និងសម្ភារៈសិក្សាមួយចំនួន​ជូនដល់វិទ្យាល័យកោះស្តេចដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្ដេច លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យកោះស្ដេចប្រមាណ ៩០នាក់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ CGCC បានឧបត្ថម្ភប្រព័ន្ធចម្រោះទឹកស្អាត ទៅកាន់វិទ្យាល័យកោះស្ដេច ដើម្បីសម្រួលដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងសហគមន៍នៃកោះស្ដេចទាំងមូលមានទឹកស្អាតប្រើប្រាស់ដើម្បីកាត់បន្ថយកង្វះទឹកស្អាតដែលសហគមន៍បា​នប្រឈម កាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទិច និងការកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍នៅលើកោះនេះ។

ដំណើរទស្សនកិច្ចទៅកាន់វិទ្យាល័យកោះស្ដេចជាថ្មីម្តងទៀតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលដំណើរការ ក៏ដូចជាឧបត្ថម្ភលើគ្រឿងបន្លាស់ សម្រាប់ការថែទាំត្រឹមត្រូវតាមបច្ចេកទេសរបស់ប្រព័ន្ធចម្រោះទឹកស្អាត។ បន្ថែមពីលើនេះ  ថ្នាក់ដឹកនាំ និងបុគ្គលិក CGCC ទាំងអស់ក៏បានជួបសំណេះសំណាលជាមួយប្អូនៗសិស្សនុសិស្សថ្នាក់ ទី១០ ទី១១ និងទី១២ ប្រហែល ៩០នាក់ ដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ដែលជាការតម្រង់ទិសដល់ពួកគាត់ក្នុងការសម្រេចចិត្តលើការជ្រើសរើសមុខវិជ្ជាឱ្យបានត្រឹមត្រូវនិងកំណត់គោលដៅច្បាស់លាស់ក្នុងការសិក្សាបន្តនៅឯសាកលវិទ្យាល័យផងដែរ៕