សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
ខែវិច្ឆិកា 26, 2021ព្រឹត្តិការណ៍ និងសកម្មភាព
សាជីវកម្មធានាឥណទានកម្ពុជា មានក្តីសោមនស្ស សូមប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត តាមរយៈកិច្ចព្រមព្រៀងធានាឥណទាន ជាមួយ ធនាគារ មេយប៊ែង ខេមបូឌា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្នុងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីជួយឲ្យពួកគាត់អាចបន្តទទួលបាននូវគុណប្រយោជន៍យូរអង្វែង តាមរយៈកម្មវិធី “កសាងសមត្ថភាព” សម្រាប់សហគ្រាសខា្នតតូច និងមធ្យម របស់ធនាគារ មេយប៊ែង ខេមបូឌា។
ការប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងធានាឥណទាននេះត្រូវបានធ្វើឡើងបន្ថែម នៅឯវេទិកាធុរកិច្ចស្ដីអំពី “ការលើកស្ទួយការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា” ដែលសហការរៀបចំឡើងដោយធនាគារមេយប៊ែង ខេមបូឌា និងសាជីវកម្មធានាឥណទានកម្ពុជា ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។
វេទិកាធុរកិច្ចទាំងមូលនេះមាននូវកិច្ចពិភាក្សាពិសេស ដែលទទួលបានការសម្របសម្រួលដោយឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងចូលរួមពីវាគ្មិនកិត្តិយស ៤រូបគឺលោក ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា លោក Wong Keet Loong អគ្គនាយក CGCC និង លោក រ័ត្ន សោភ័ណ អគ្គនាយករងធនាគារ Maybank (Cambodia)។