CGCC គឺជាយន្តការក្នុងការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ឡើងវិញ
ខែមិថុនា 27, 2022ព័ត៌មានថ្មីៗ
ប្រតិបត្តិករទេសចរណ៍ត្រូវបំពេញនីតិវិធី និងលក្ខខណ្ឌមួយចំនួន ដើម្បីទទួលបានលិខិតបញ្ជាក់ទ្រព្យបញ្ចាំពី CGCC ដែលអាចយកទៅប្រើប្រាស់ក្នុងការទទួលបានឥណទានពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរនៅកម្ពុជា។
នៅក្នុងកម្មវិធីផ្សព្វផ្សាយពី «នីតិវិធី និងលក្ខខណ្ឌ ដើម្បីទទួលបានលិខិតបញ្ជាក់ទ្រព្យបញ្ចាំពីសាជីវកម្មធានាឥណទានកម្ពុជា» កាលពីថ្ងៃទី ២៤ ខែមិថុនា លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា នីតិវិធី និងលក្ខខណ្ឌ ដើម្បីទទួលបានលិខិតបញ្ជាក់ទ្រព្យបញ្ចាំពីសាជីវកម្មធានាឥណទានកម្ពុជា គឺជាយន្តការបន្ថែមក្នុងការគាំទ្រគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរដែលត្រូវបានរដ្ឋាភិបាលដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៧ ខែឧសភា។
លោក តុងហាប់ បន្តថា កម្មវិធីធានាឥណទានបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia-CGCC) ដើម្បីផ្តល់ការធានាឥណទានទៅលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកនូវហានិភ័យជាមួយស្ថាប័នកម្ចី និងបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ ដោយទទួលបានដើមទុនដំបូងសមមូលនឹងទឹកប្រាក់ ២០០ លានដុល្លារពីរាជរដ្ឋាភិបាល។
លោក ណូ លីដា អគ្គនាយករងនៃសាជីវកម្មធានាឥណទានកម្ពុជាបានថ្លែងថា អាជីវកម្មទេសចរណ៍ត្រូវបំពេញនូវគុណវុឌ្ឍិមួយចំនួនដូចជា អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនសញ្ជាតិខ្មែរ (កាន់កាប់ភាគហ៊ុនលើសពី ៥០ ភាគរយ, អាជីវកម្មបានចុះបញ្ជីជាមួយអាជ្ញាធរពន្ធ ឬមិនបានចុះបញ្ជីត្រូវតែចុះបញ្ជី បន្ទាប់ពីទទួលបានការធានាឥណទាន និងអាជីវកម្មដែលមានលទ្ធភាពសងត្រឡប់វិញ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានប្រាប់ថា នីតិវិធី និងលក្ខខណ្ឌ ដែលក្រសួងទេសចរណ៍ និងសាជីវកម្មធានាឥណទានកម្ពុជាបានដាក់ចេញនេះ ពិតជាមានភាពទាក់ទាញខ្លាំង សម្រាប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ប៉ុន្តែនៅមានបញ្ហាប្រឈមមួយចំនួនដែលប្រតិបត្តិករបានជួបប្រទះនៅពេលស្នើសុំកម្ចី៕
(អត្ថបទពីកាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២)