ស្ថាប័ន ២ រួមគ្នាដើម្បីផ្តល់លទ្ធភាពនៃការផ្តល់ហិរញ្ញប្បទានដល់ SME
ខែសីហា 14, 2022ព័ត៌មានថ្មីៗ
ស្ថាប័នទាំង ២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ១១ ខែសីហា ដើម្បីពង្រីកលទ្ធភាពទទួលបានឥណទានដោយផ្តល់នូវការវាយតម្លៃកម្ចីកាន់តែប្រកបដោយតម្លាភាពដល់សហគ្រិនស្ត្រីនិង SMEs។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានបានពី CBC។
យោងតាម MoU នេះ CBC នឹងផ្តល់នូវព័ត៌មានប្រវត្តិឥណទានដែលផ្សារភ្ជាប់ព័ត៌មានអសមប្បមាណរវាងអ្នកខ្ចី និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការនៃការផ្តល់កម្ចី និងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន។ ខណៈដែល CGCC នឹងផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុនឬអាជីវកម្មដែលមានលទ្ធភាពសងតែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ ជាពិសេសនៅក្នុងបរិបទនៃការប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ ១៩ ការគាំទ្រពី CGCC កំពុងបន្តចូលរួមចំណែកដល់ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចជំរុញការផ្តល់ឱកាសការងារនិងស្ថិរភាពសេដ្ឋកិច្ច។
លោកអឿសុធារ័ត្នប្រធាននាយកប្រតិបត្តិ CBC មានប្រសាសន៍ឱ្យដឹងថា៖«ភាពជាដៃគូនេះបង្ហាញសមិទ្ធផលដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីនិងម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យមក៏ដូចជាការធានានូវវិធីសាស្ត្រប្រកបដោយតម្លាភាពទំនុកចិត្តនិងការបញ្ចូលទិន្នន័យសម្រាប់បង្កើតនូវលទ្ធភាពទទួលបានហិរញ្ញប្បទាននៅក្នុងប្រទេសនេះ។
លោកថ្លែងថា៖ «កិច្ចសហការរវាង CBC និង CGCC នឹងអាចពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់យើងនិងសម្រួលដល់តម្រូវការនៃការគាំទ្របន្ថែមជាច្រើនដល់ SMEs»។
លោក Wong Keet Loongអគ្គនាយក CGCC ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា៖«ជាមួយនឹងអនុស្សរណៈនៃការយោគយល់នេះ CGCC នឹងអាចបង្កើតទម្រង់ឥណទាននៃកម្ចីដែលមានការធានាដោយប្រើពិន្ទុខេស្ករ (K-Score) របស់ CBC ជាឯកសារយោងសម្រាប់ការវាយតម្លៃឥណទានរបស់អ្នកខ្ចីដែលមានការធានារបស់យើង»។
លោកបន្ថែមថា៖ «នៅពេលដែលគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) រាយការណ៍ពីការផ្តល់កម្ចីដែលមានការធានានៅក្នុងរបាយការណ៍ប្រចាំខែរបស់ពួកគេទៅកាន់ CBC ទិន្នន័យនេះនឹងមានប្រយោជន៍ក្នុងការចាប់យកទម្រង់របស់អ្នកខ្ចីដែលជា SMEs នៅកម្ពុជាដែលទទួលបានកម្ចីមានការធានា។ការណ៍នេះនឹងជួយសម្រួលបន្ថែមទៀតដល់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ SMEs»។
យោងតាម CCC កិច្ចសហការគ្នានេះនឹងអាចឱ្យគ្រឹះស្ថានហិរញ្ញវត្ថុប្រើប្រាស់ប្រព័ន្ធឌីជីថលការរាយការណ៍កម្រិតខ្ពស់និងឧបករណ៍វិភាគទិន្នន័យពី CBC ដើម្បីធ្វើការវាយតម្លៃអំពីហានិភ័យជាក់លាក់របស់អ្នកខ្ចីនិងតាមដានអំពីការប្រើប្រាស់កម្ចីរបស់ពួកគេផងដែរ។
«តាមរយៈកិច្ចសហប្រតិបត្តិការនេះផងដែរ CGCC និង CBC ប្តេជ្ញាសហការគ្នាកសាងនូវសកម្មភាពបង្កើនការយល់ដឹងនិងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនិងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា»។នេះបើយោងតាម CCC៕
Credit to: ភ្នំពេញ ប៉ុស្តិ៍, ១៤ សីហា ២០២២