CGCC និង ធនាគារមេយប៊ែង សហការរៀបចំ “កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាស់ធុនតូច និងមធ្យម”
ខែកញ្ញា 19, 2022ព្រឹត្តិការណ៍ និងសកម្មភាព
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារមេយប៊ែង ខេមបូឌា បានសហការរៀបចំ កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាស់ធុនតូច និងមធ្យម ក្រោមការចូលរួមពីសហគ្រិនជាង៥០រូប ដែលសុទ្ធសឹងតែជាម្ចាស់សហគ្រាសធុនតូចនិងមធ្យម នៅឯអគារមេយប៊ែង ថៅវើ ដើម្បីផ្តល់ជូននូវការគាំទ្រ និងការផ្តល់ប្រឹក្សាបច្ចេកទេសដោយផ្អែកលើការអនុវត្តអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយគាំទ្រដល់រីកចម្រើន ផលិតភាពការងារ និងភាពច្នៃប្រឌិត ក៏ដូចជាការពង្រឹងការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម។
កម្មវិធីនេះ ទទួលបាននូវមតិស្វាគមន៍ពីសំណាក់ លោក ណូ លីដា អគ្គនាយករង CGCC និងបើកកម្មវិធីដោយលោក ឌុក សារ៉ាក់ នាយកនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសហគមន៍នៃធនាគារមេយប៊ែង។ សហគ្រាសធុនតូចនិងមធ្យម ដែលបានអញ្ជើញចូលរួមកម្មវិធីនេះ បានទទួលនូវឱកាសស្វែងយល់លើប្រធានបទ “ការចុះបញ្ជីពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា” ដោយសហការីជាន់ខ្ពស់នៃការិយាល័យមេធាវី សុក ស៊ីផាន់ណានិងសហការី និងការចែករំលែកលើប្រធានបទ “គោលការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម” ដោយវាគ្មិនអញ្ជើញមកពីក្រុមហ៊ុន អាខ្លែម ខេមបូឌា និងបទបង្ហាញស្តីពី “ការទទួលជំនួយផ្នែកហិរញ្ញវត្ថុនិងគម្រោងធានាឥណទាន” ដោយធនាគារមេយប៊ែងខេមបូឌា។
គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បន្ថែមពីលើការចុះកិច្ចព្រមព្រៀងភាពជាដៃគូលើការធានាឥណទាន CGCC និងធនាគារមេយប៊ែង ក៏បានសហការរៀបចំនូវវេទិកាធុរកិច្ចស្តីពីការលើកស្ទួយការរីកចម្រើនរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីពិភាក្សាស៊ីជម្រៅបន្ថែមពីលើលទ្ធភាពនៃកិច្ចសហការដែល CGCC និង ធនាគារមេយប៊ែង អាចគាំទ្រដល់ការរីកចម្រើនយូរអង្វែងរបស់សហគ្រាសធុនតូចនិងមធ្យម ទៅលើសមត្ថភាពនិងជំនាញចំណេះដឹងហិរញ្ញវត្ថុ និងការទទួលបានជំនួយហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអាជីវកម្មឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យបញ្ចាំ។