Claim process on guaranteed loans from CGCC

នីតិវិធីសងត្រឡប់នៃកម្ចីដែលមានការធានា របស់សាជីវកម្មធានាឥណទានកម្ពុជា

ចុចអាននិងទាញយកជា PDF ៖ នីតិវិធីសងត្រឡប់នៃកម្ចីដែលមានការធានា របស់ CGCC 

គោលការណ៍១ នៃគោលការណ៍ទាំង១៦ របស់ធនាគារពិភពលោក អំពីគម្រោងធានាឥណទានសាធារណៈ ចែងថា៖ “ដំណើរការនៃការគ្រប់គ្រងការសងត្រឡប់គួរតែមានប្រសិទ្ធភាព, កំណត់ច្បាស់លាស់ជាលាយ​លក្ខណ៍​​​​អក្សរ, មាន​តម្លាភាព, មានការលើកទឹកចិត្តដល់ការទារមកវិញនូវកម្ចីដែលបានបាត់បង់, និងសមស្របតាមក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសសាម៉ី”។ ពិតណាស់ ការគ្រប់គ្រងនីតិវិធីការសងត្រឡប់ គឺជាកត្តាកំណត់មួយ នៃគណនេយ្យភាពរបស់ CGCC។ នីតិវិធីនៃការសងត្រឡប់ ត្រូវបានចែងជាលាយលក្ខណ៍អក្សរ នៅក្នុងកិច្ចព្រមព្រៀងធានាឥណទាន ដែលមានចំណងផ្លូវច្បាប់រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) នីមួយៗ ដែលជាដៃគូរបស់ CGCC។

 

ការដាក់ពាក្យស្នើសុំការសងត្រឡប់. ដើម្បីអាចដាក់ពាក្យស្នើសុំការសងត្រឡប់ពី CGCC លើកម្ចីដែលមានការធានា ទាមទារនូវការបំពេញបាននូវលក្ខខណ្ឌដូចខាងក្រោម៖

  • កម្ចីត្រូវបានចាត់ទុកថា “បាត់បង់” ដោយផ្អែកតាមនិយមន័យរបស់ធនាគារជាតិនៃកម្ពុជា។
  • PFI បានទាមទារជាផ្លូវការនូវសំណងពីអ្នកខ្ចី ស្របតាមនីតិវិធីជាធរមានរបស់ PFIs។
  • PFI បានអនុវត្តរាល់ដំណើរការក្នុងការទាមទារសំណងពីអ្នកខ្ចី ស្របតាមនីតិវិធីជាធរមានរបស់ PFI។
  • នីតិវិធីផ្លូវច្បាប់ត្រូវបានចាប់ផ្តើមចំពោះអ្នកខ្ចី និងចំពោះទ្រព្យបញ្ចាំដែលមាន។
  • កម្ចីដែលបាត់បង់ នោះត្រូវបានធ្វើសំវិធានធន ឬត្រូវបានលុបចោលដោយ PFI។

PFI ត្រូវដាក់ពាក្យស្នើសុំការសងត្រឡប់ពី CGCC ក្នុងរយៈពេលយ៉ាងយូរ ៩០ថ្ងៃ បន្ទាប់ពីលក្ខខណ្ឌនៃការសងត្រឡប់ខាងលើត្រូវបានបំពេញ។

 

ការទូទាត់ការសងត្រឡប់. CGCC ទូទាត់ការសងត្រឡប់ជូន PFI ចំពោះកម្ចីដែលមានការធានាជា ២ដំណាក់កាល។ ក្នុងដំណាក់កាលទី១ CGCC នឹងទូទាត់ការសងត្រឡប់ចំនួន ៥០% នៃទំហំសងត្រឡប់សរុប ជូនទៅ PFIs យ៉ាងយូរ ៣០ថ្ងៃ បន្ទាប់ពីទទួលបានសំណើសុំការសងត្រឡប់ពី PFIs។ CGCC នឹងទូទាត់ការសងត្រឡប់ដែលនៅសេសសល់ ក្នុងដំណាក់កាលទី២ យ៉ាងយូរ ២ឆ្នាំ បន្ទាប់ពីដំណាក់កាលទី១។ រយៈពេលយ៉ាងយូរ ២ឆ្នាំ នេះ គឺជាការទុកពេលជូន PFI ដើម្បីបន្តអនុវត្តនីតិវិធីទាមទារការសងត្រឡប់ពីអ្នកខ្ចីមកវិញ។ ទោះបីជាកម្ចីមានការធានាពី CGCC ក៏ដោយ PFI ត្រូវខិតខំឱ្យអស់លទ្ធភាពក្នុងការទាមទារសំណងពីអ្នកខ្ចី ដូចករណីកម្ចីគ្មានការធានាពី CGCC ដែរ។

 

ការទទួលបានសំណងមកវិញពីអ្នកខ្ចី.​ រាល់ការប្រមូលបានមកវិញនូវកម្ចីដែលបានបាត់បង់ ត្រូវបានបែងចែករវាង CGCC និង PFI ទៅតាមសមាមាត្រនៃការធានា។ PFI អាចប្រើប្រាស់សំណងដែលប្រមូលមកវិញពីអ្នកខ្ចី ដើម្បីទូទាត់ចំណាយពាក់ព័ន្ធទៅតាមលំដាប់អាទិភាពដូចខាងក្រោម៖

  • ចំណាយពាក់ព័ន្ធនឹងដំណើរការនៃការទាមទារការសងត្រឡប់
  • ការប្រាក់សម្រាប់កម្ចីដែលមានការធានា ដែលអ្នកខ្ចីត្រូវបង់ជូន PFI
  • ចំណែករបស់ CGCC ទៅតាមសមាមាត្រនៃការធានា
  • ការផាកពិន័យនានាដែលអ្នកខ្ចីត្រូវបង់ជូន PFI

អានបន្ត៖ នីតិវិធីសងត្រឡប់នៃកម្ចីដែលមានការធានា របស់ CGCC