ដំណើរទស្សនកិច្ចសិក្សាទៅកាន់សហគមន៍កសិកម្ម និងសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅខេត្តកំពង់ចាម ស្វែងយល់ពីតម្រូវការឥណទាន និងបង្កើនទំនាក់ទំនង
ខែធ្នូ 23, 2022ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០២២ ក្រុមការងារ CGCC បានចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តកំពង់ចាម ក្រោមកិច្ចសហការរៀបចំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសម្ព័ន្ធសហគមន៍សិកម្មកម្ពុជា (CACA) ដើម្បីស្វែងយល់ពីតម្រូវការនិងបញ្ហាប្រឈមនានាដែលសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសហគមន៍កសិកម្មកំពុងជួបប្រទះ ដើម្បីចូលរួមលើកកម្ពស់ការផ្តល់ឥណទានសម្រាប់វិស័យកសិកម្មចំពោះសហគមន៍ ពីគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសគឺការកសាងបណ្ដាញទំនាក់ទំនងរវាងគ្នានិងគ្នា។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ ដោយបានចុះសិក្សាស្វែងយល់ស្ថានភាពរបស់សហគមន៍ចំនួន៣ នៅស្រុកព្រៃឈរ ស្រុកស្ទឹងត្រង់ និងស្រុកជើងព្រៃ។ បន្ថែមពីលើនេះ ក្រុមកាងារក៏បានចុះទៅកាន់សាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ នៅទីប្រជុំជនស្គន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេត្តកំពង់ចាម។ CGCC ពិតជាមានក្តីសោមនស្ស ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ស្វែងយល់ពីប្រធានបទនិងតួអង្គសំខាន់ៗពាក់ព័ន្ធនឹងឥណទាននៅក្នុងវិស័យកសិកម្ម ដែលធាតុចូលទាំងអស់នេះនឹងជាបច្ច័យដល់ CGCC ក្នុងការរៀបចំយុទ្ធសាស្រ្តនានាដើម្បីបង្កើនការគាំទ្រដល់សហគមន៍កសិកម្មដែលខ្វះទ្រព្យធានា ឱ្យទទួលបានកម្ចីសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍសហគមន៍។
Also check: CGCC Annual Staff Retreat 2022