CGCC បានចេញលិខិតធានា (LG) ៩៨៥ ច្បាប់ ជាមួយនឹងចំនួនប្រាក់កម្ចីសរុប ៩២,៧ លានដុល្លារ
ខែមករា 18, 2023ព័ត៌មានថ្មីៗ
ភ្នំពេញៈ សាជីវកម្មធានាឥណទានកម្ពុជា ភីអិលស៊ី (CGCC) ដែលគ្រប់គ្រងដោយរដ្ឋ បានចេញលិខិតធានា (LG) ចំនួន ៩៨៥ ច្បាប់ជាមួយនឹងប្រាក់កម្ចីសរុប ៩២,៧ លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ ចាប់តាំងពីក្រុមហ៊ុននេះដំណើរការនៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ពីវិបត្តិសុខភាព។
អគ្គនាយក CGCC លោក Wong Keet Loong បានឱ្យដឹងនៅក្នុងសិក្ខាសាលាប្រចាំឆ្នាំរបស់ CGCC ស្តីពី «តួនាទីនៃគម្រោងការធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា និងអាស៊ាន»នាថ្ងៃទី ១៧ ខែមករាថា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ស្ថាប័នលោកបានទទួលលិខិតធានាសរុប (LG) និងចំនួនប្រាក់កម្ចីសរុប ៩២,៧ លានដុល្លារ ខណៈប្រាក់កម្ចីដែលមានការធានាមានចំនួន ៧០,៩ លានដុល្លារ គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២។ ទឹកប្រាក់ធានាចំនួន ៥១,២ លានដុល្លារ គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោកបន្ថែមថា កម្ចីដែលធានាភាគច្រើន គឺក្នុងវិស័យកសិកម្មមានចំនួន ២,៦ ភាគរយ ឧស្សាហកម្ម ៨,៣ភាគរយ សេវាកម្ម ១១,៦ ភាគរយ ពាណិជ្ជកម្មលក់រាយ ២៩ ភាគរយ និងផ្សេងទៀត ៤៨,៤ ភាគរយ។ ប្រភេទអ្នកខ្ចី ក្រុមហ៊ុនធំមានចំនួន ៣៥ និងសហគ្រាសធុនតូច និងមធ្យម ៩៥០ ខណៈប្រភេទប្រាក់កម្ចីមានធានាចំនួន ៣២៨ ប្រាក់កម្ចីគ្មានធានាចំនួន ៦៥៧។
លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងក្នុងសិក្ខាសាលាខាងលើថា សហគ្រាសធុនតូច និងមធ្យម បានដើរតួយ៉ាងសំខាន់នៅក្នុងការទ្រទ្រង់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដោយបានរួមចំណែកកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ពីអត្រា ៥០,២ ភាគរយក្នុងឆ្នាំ ២០០៣ មកត្រឹម ១៧,៨ ភាគរយក្នុងឆ្នាំ ២០២០ តាមរយៈការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋកម្ពុជា។
លោកបន្តថា ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម គឺជាការងារអាទិភាពរបស់រដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងតាមរយៈយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាល និងបានបង្កើតស្ថាប័នពាក់ព័ន្ធដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រួមទាំងការបង្កើតសាជីវកម្មធានាឥណទានកម្ពុជាផងដែរ ដើម្បីចែករំលែកហានិភ័យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់កម្ចីសំដៅបង្កើនលទ្ធភាពទទួលបានកម្ចីរបស់ក្រុមហ៊ុនអាជីវកម្ម ពិសេសសហគ្រាសធុនតូច និងមធ្យម។
លោកបានថ្លែងថា៖ «រាជរដ្ឋាភិបាលពិនិត្យឃើញថា ការប្រើប្រាស់ថវិការដ្ឋ ដើម្បីគាំទ្រផ្នែកហិរញ្ញប្បទានតាមរយៈយន្តការធានាឥណទាន គឺមានគុណសម្បត្តិសំខាន់ទី១ «Leverage Effect» ដោយការប្រើប្រាស់ដើមទុនរបស់សាជីវកម្មធានាឥណទានកម្ពុជា ដើម្បីធានាលើកម្ចីសាចុះសាឡើង ព្រោះទុននេះត្រូវបានប្រើប្រាស់នៅពេលកម្ចីដែលមានការធានាត្រូវបានបាត់បង់តែប៉ុណ្ណោះ។ ដូច្នេះថវិការដ្ឋចំនួន ២០០ លានដុល្លារដែលត្រូវបានផ្តល់ជូនសាជីវកម្មធានាឥណទានជាដើមទុន នឹងមានលទ្ធភាពគាំទ្រដល់ការបញ្ចេញកម្ចីថ្មីៗ ដែលមានការធានាលើសពី ២០០ លានដុល្លារ ទី២ «Countercyclical Crisis Tool» ដោយរក្សាទំនុកចិត្តលើទីផ្សារ ជាពិសេសក្នុងអំឡុងពេលវិបត្តិដើម្បីរក្សាលំនឹងសកម្មភាពសេដ្ឋកិច្ច»។
លោកបញ្ជាក់ថា ជាមួយប្រសិទ្ធភាពនៃគោលនយោបាយដែលបានដាក់ចេញ សេដ្ឋកិច្ចកម្ពុជាត្រូវបានងាកមករកកំណើនជាវិជ្ជមានឡើងវិញ បន្ទាប់ពីកំណើនអវិជ្ជមានកាលពីឆ្នាំ ២០២០ ដែលក្នុងនោះសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា កើនឡើងក្នុងអត្រាប្រមាណ ៥ ភាគរយក្នុងឆ្នាំ ២០២២ និងប្រមាណ ៦ ភាគរយនៅឆ្នាំ ២០២៣ ខាងមុខ។ យ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែបន្តដែលអាចជះឥទ្ធិពលអវិជ្ជមាន ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដូចជាការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការកើនឡើងនៃសម្ពាធអតិផរណានិងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់។
លោកលើកឡើងថា៖ «ក្នុងបរិបទនេះ សហគ្រាសធុនតូច និងមធ្យម គឺជាកម្លាំងចលករដែលមិនអាចខ្វះបាន ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។ ដូច្នេះរដ្ឋាភិបាលនឹងបន្តអនុវត្តគោលនយោបាយគាំទ្រតាមរយៈយន្តការធានាឥណទាន ដើម្បីធានាការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម»។
លោកបន្ថែមថា៖ «សាជីវកម្មធានាឥណទានកម្ពុជា គឺជាស្ថាប័នធានាឥណទានដំបូងបង្អស់នៅកម្ពុជាដែលត្រូវបានបង្កើតឡើង ដោយប្រើប្រាស់រយៈពេលខ្លីក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ ១៩ កំពុងវាយលុកយ៉ាងខ្លាំងលើកម្ពុជា ក្រោមការប្តេជ្ញាខ្ពស់របស់រដ្ឋាភិបាលដើម្បីដាក់ឱ្យដំណើរការគម្រោងធានាឥណទានឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់ការស្តារ និងការធានានិរន្តរភាពរបស់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះដំណើរការរបស់សាជីវកម្មធានាឥណទានកម្ពុជារយៈពេល ២ ឆ្នាំកន្លងមក»។
កាលពីដើមខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសអំពីការបន្តដាក់ឱ្យដំណើរការគម្រោងធានាឥណទានដើម្បីស្ដារអាជីវកម្ម (BRGS) នៃ (CGCC) ដើម្បីគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) និងសហគ្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ធ្វើជាទុនបង្វិល, ការវិនិយោគ, និងការពង្រីកអាជីវកម្ម។
បើយោងតាមការប្រកាសពី CGCC ការប្រកាសបន្តដាក់ឱ្យដំណើរការ «គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ រហូតដល់គម្រោងនេះត្រូវបានប្រើប្រាស់អស់៕
Credit to: ភ្នំពេញប៉ុស្តិ៍, 17 January 2023