សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាកម្ចីដល់សហគ្រាសជិត១ពាន់ ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លា
ខែមករា 18, 2023ព័ត៌មានថ្មីៗ
(ភ្នំពេញ)៖ គិតមកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើការផ្តល់កម្ចីក្នុងទំហំទឹកប្រាក់៩២លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យម ចំនួន៩៨៥ ដែលគ្មានលទ្ធភាពដាក់ទ្រព្យបញ្ចាំ ដើម្បីទទួលបាននូវកម្ចី សម្រាប់ស្តារ និងពង្រីកអាជីវកម្មក្នុង និងក្រោយដំណាក់កាលរីករាលដាលជំងឺកូវីដ១៩។
ថ្លែងក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ «តួនាទីរបស់គម្រោងធានាឥណទាន ក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា និងតំបន់អាស៊ាន» នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា នេះគឺជាមោទនភាពមួយ ត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ សហគ្រាសធុនតូច និងមធ្យម បានស្គាល់ពីសេវាកម្មថ្មីរបស់រាជរដ្ឋាភិបាល និងបានជួយធានាឥណទាន ដល់សហគ្រាសជិត១ពាន់សហគ្រាស។
លោកបន្តថា CGCC បានដើរតួនាទីយ៉ាងសំខាន់ ក្នុងបម្រើបាននូវសេចក្តីត្រូវរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលកំពុងតែជួបបញ្ហាលំបាក នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ហើយត្រូវការឥណទានពីធនាគារ ដើម្បីអាជីវកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាល នឹងបន្តអនុវត្តគោលនយោបាយគាំទ្រ តាមរយៈយន្តការធានាឥណទាន ដើម្បីធានាការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។
លោកមានប្រសាសន៍ថា «យើងមានដើមទុនចំនួន ២០០លានដុល្លារ ហើយយើងទើបតែផ្តល់ការធានានៅចំនួនជាង ៩០លានទេ ហើយក្នុង ២០០លានដុល្លារនេះ យើងអាចធានាបានពីរទៅ ៣ដងឬ៤ដងទៅតាមគុណភាពនៃឥណទាន។ បើឥណទានល្អយើងពង្រីកការធានាបានច្រើន ហើយបើកម្ចីល្អ គឺយើងត្រូវគិតពីការធានាពីនិរន្តភាព និងភាពជឿទុកចិត្តបានរបស់ដៃគូរបស់យើង បើយើងមិនមានការរឹងមាំនៅក្នុងការគិតគូរទេ គឺដៃគូធនាគារយើងមិនជឿលើផលិតផលរបស់យើងទេ»។
លោកបន្ថែមថា «ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះដំណើរការរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងរយៈពេល២ឆ្នាំកន្លងមក និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាជីវកម្មធានាឥណទានកម្ពុជា ដែលបានខិតខំបំពេញការងារ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់»។
លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានថ្លែងថា CGCC បានចាប់ផ្តើមផ្តល់ការធានាឥណទានដំបូង នៅក្នុងខែមីនា ឆ្នាំ២០២១។ ក្នុងចំណោមធានាកម្ចីប្រមាណ ៩២លានដុល្លារនេះ ២៥%ជាសហគ្រិនស្រី្ត ៦៥% កម្ចីគ្មានទ្រព្យធានា និង៩៦% ជាកម្ចីរបស់សហគ្រាសធុនតូច និងមធ្យម រួមទាំងកម្ចីខ្នាតតូច។
លោកបន្តថា ថ្វីត្បិតតែក្នុងរយៈពេល២ឆ្នាំនេះ CGCC មានវឌ្ឍនភាពល្អ តែក៏នៅមានប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ដូចជាមិនអាចផ្តល់ការធានាឥណទាន ដល់អាជីវកម្មក្រៅប្រព័ន្ធ និងត្រូវធ្វើការងារជាច្រើនទៀតជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងដូរនូវគោលនយោបាយផ្ទៃក្នុង របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះ ក្នុងការផ្តល់ការធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា។
លោកបន្ថែមថា នាពេលខាងមុខ CGCC មានបំណងចូលគាំទ្រការធានាឥណទាន ដល់វិស័យកសិកម្ម និងហិរញ្ញប្បទានបៃតងផងដែរ។ ទន្ទឹមគ្នានេះ CGCC នឹងបន្តពង្រីកក្នុងភាពជាដៃគូជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីសម្រេចបាននូវបរិយាបន្នហិរញ្ញវត្ថុ។
សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាស្ថាប័នធានាឥណទានដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅខែសីហា ឆ្នាំ២០២០ នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងវាយលុកយ៉ាងខ្លាំងលើកម្ពុជា ក្រោមការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យដំណើរការគម្រោងធានាឥណទានឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់ការស្តារ និងការធានានិរន្តភាពរបស់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក៕
Credit to: Fresh News, Publish on 17 January 2023