ស្វែងយល់អំពីការធានាឥណទាន “កិច្ចសម្ភាសន៍ជាមួយធនាគារ ស្ថាបនា”
ខែមករា 19, 2023ស្វែងយល់ពីការធានាឥណទាន
អាននិងទាញយកជា PDF: កិច្ចសម្ភាសន៍ជាមួយប្រធាននាយកប្រតិបត្តិធនាគារស្ថាបនា
១. តើធនាគារស្ថាបនាមានការយល់ឃើញដូចម្តេចចំពោះគម្រោងធានាឥណទាន នៅកម្ពុជា និងហេតុអ្វីបានជាធនាគារចូលរួមជាមួយ CGCC ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម?
គម្រោងធានាឥណទានមានសារៈសំខាន់ក្នុងការបំពេញគម្លាតហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម។ គម្រោងនេះក៏ផ្តល់នូវការកាត់បន្ថយហានិភ័យឥណទានដល់ធនាគារ ស្ថាបនា។ ដូច្នេះហើយ គម្រោងនេះជួយយើងក្នុងការពង្រីកការផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកមួយក្នុងការរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងណាស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការផ្តល់ជូនឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។
២. បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀមធានាឥណទានជាមួយ CGCC និងកំពុងក្លាយជា PFI ដែលផ្តល់កម្ចីដែលមានការធានាច្រើនជាងគេមួយរបស់ CGCC តើធនាគារស្ថាបនាយល់ឃើញថា គម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះចំពោះធនាគារ និងអតិថិជន?
ភាគច្រើននៃផលិតផលប្រាក់កម្ចីនៅក្នុងប្រទេសកម្ពុជា គឺជាប្រាក់កម្ចីដែលមានទ្រព្យធានា។ យើងបានសង្កេតឃើញថាការសហការជាមួយ CGCC គឺជាឱកាសដ៏ល្អសម្រាប់ធនាគារ ក្នុងការពង្រីកការគាំទ្រដល់អតិថិជនរបស់យើងដែលត្រូវការថវិកាដើម្បីយកទៅអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែរីកចម្រើនដោយមិនចាំបាច់មានទ្រព្យបញ្ចាំ។ គម្រោងនេះអនុញ្ញាតឱ្យយើងបង្កើត និងផ្តល់ប្រាក់កម្ចីដោយមិនតម្រូវឲ្យសម្រាប់ម្ចាស់អាជីវកម្មដាក់ទ្រព្យធានា (ប្លង់រឹង) ។ ធនាគារ ស្ថាបនា មានមោទនភាពណាស់ដែលបានក្លាយជាធនាគារដំបូងគេក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងនេះ។ គិតត្រឹមខែកញ្ញា ឆ្នាំ 2022 ប្រាក់កម្ចីជាង 12 លានដុល្លារអាមេរិកត្រូវបានផ្តល់ក្រោមគម្រោងធានាឥណទាន។ សម្រាប់អតិថិជនរបស់យើង គម្រោងនេះនឹងផ្តល់ឱ្យពួកគាត់នូវឱកាស ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេជាមួយនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានកាន់តែទូលំទូលាយ។
៣. តើអ្វីទៅដែលជំរុញឱ្យធនាគារស្ថាបនាផ្តួចផ្តើមនូវផលិតផលឥណទានដែលមិនចាំបាច់មានទ្រព្យបញ្ចាំ ដែលហៅថា “កម្មវិធីឥណទានទូទាត់អាជីវកម្ម” សម្រាប់អតិថិជនដែលមានលទ្ធភាពសងតែខ្វះទ្រព្យបញ្ចំា?
នៅក្នុងប្រទេសកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុភាគច្រើន បានផ្តល់ប្រាក់កម្ចីដោយផ្អែកទៅលើទ្រព្យបញ្ចាំជាពិសេសប្លង់រឹង។ លទ្ធភាពនៃការទទួលបានឥណទាន នឹងត្រូវបានកាត់បន្ថយ សម្រាប់ម្ចាស់អាជីវកម្មដែលមិនមានបង្ល់រឹង ដាក់បញ្ចាំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីធានាកម្ចី ដែលយើងជឿជាក់ថានេះ គឺជាផ្នែកមួយដ៏ធំនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។ ដូចនេះ គោលដៅរបស់យើង គឺដើម្បីជួយពួកគាត់ឱ្យទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្មពួកគាត់ឲ្យកាន់តែមានភាពរីកចម្រើន ស្របគ្នានេះដែរ ធនាគារក៏បាន និងកំពុងគ្រប់គ្រងទៅលើហានិភ័យឥណទានផងដែរ។
៤. ថ្មីៗនេះ CGCC ធនាគារស្ថាបនា និងដៃគូចំនួន២ស្ថាប័នទៀត បានសហការរួមគ្នា ក្នុងការរៀបចំនូវកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ”។ តើកម្មវិធីនេះគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម និងអាចលើកកម្ពស់ដល់ការអភិវឌ្ឍរបស់អាជីវកម្ម រួមជាមួយនឹងការទទួលបានកម្ចី យ៉ាងដូចម្តេចខ្លះ?
កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” គឺជាកម្មវិធីមួយដែលផ្តួចផ្តើមដោយធនាគារ ស្ថាបនា និង រួមសហការជាមួយ CGCC និងដៃគូពីរផ្សេងទៀត។ កម្មវិធីបណ្តុះបណ្តាលនេះ គឺបង្កើតឡើងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី និងម្ចាស់អាជីវកម្មតាមរយៈវគ្គបណ្តុះបណ្តាល។ វគ្គបណ្តុះបណ្តាលមានកម្មវិធីសិក្សាដូចជា៖ ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងប្រតិបត្តិការ ការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ និងការលក់។ តាមរយៈ កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” សិក្ខាកាមត្រូវបានផ្តល់ជូននូវការធ្វើការវាយតម្លៃហិរញ្ញវត្ថុ និងចំណេះដឹងក្នុងការទទួលបានហិរញ្ញប្បទាន។
៥. ដោយមើលឃើញថា មួយរយៈចុងក្រោយនេះ ធនាគារស្ថាបនាបាននិងកំពុងតែបន្តបញ្ចេញឥណទានដែលគ្មានទ្រព្យបញ្ចាំក្រោមការធានាពី CGCC ដល់អាជីវកម្ម កាន់តែច្រើន និងមានសន្ទុះយ៉ាងលឿន ដូច្នេះចង់ដឹងថា តើធនាគារស្ថាបនាមានយុទ្ធសាស្រ្តឬផែនការដូចម្តេច ដើម្បីបង្កើនការប្រើប្រាស់ការធានាឥណទានឱ្យកាន់តែច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា?
ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យទេសចរណ៍ឱ្យងើបឡើងវិញពីជំងឺរាតត្បាត យើងកំពុងតែធ្វើការលើកម្មវិធីមួយជាមួយ CGCC ដើម្បីគាំទ្រដល់គម្រោងការស្តារឡើងវិញ។ បន្ថែមពីលើកម្មវិធីនេះ យើងកំពុងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីគាំទ្រអតិថិជននៅតាមបណ្តាខេត្តនានា តាមរយៈបណ្តាញសាខាដ៏ធំទូលាយរបស់យើង។
៦. ដោយសារតែប្រធានបទនៃការធានាឥណទាននៅតែជារឿងថ្មីនៅឡើយសម្រាប់កម្ពុជា តើធនាគារស្ថាបនា និង CGCC គួរតែបន្តធ្វើអ្វីខ្លះទៀត ដើម្បីលើកកម្ពស់ការយល់ដឹងនៃការធានាឥណទានសម្រាប់អតិថិជន?
តាមរយៈ កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ធនាគារ ស្ថាបនា និង CGCC កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់អតិថិជនដែលត្រូវការពង្រីកអាជីវកម្មរបស់ពួកគាត់។ ហើយនេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមផ្សេងទៀត ដែលយើងកំពុងធ្វើការរួមគ្នាដើម្បីបង្កើនការយល់ដឹងបន្ថែម និងការផ្សព្វផ្សាយអំពីការធានាឥណទានដល់អតិថិជនរបស់យើងដែលកំពុងស្វែងរកហិរញ្ញប្បទាន សម្រាប់អតិថិជនដែលមិនច្បាស់ អំពីរបៀប និងជម្រើសរបស់ពួកគាត់។ ទន្ទឹមនឹងនេះ យើងអាចបង្កើតនូវវិធីផ្សព្វផ្សាយ និងទំនាក់ទំនងស្តីអំពីអត្ថប្រយោជន៍នៃកម្មវិធី និងកម្មវិធីឥណទានទូទាត់អាជីវកម្ម “BIL” របស់យើងដើម្បីបំពេញតម្រូវការរបស់អតិថិជនទៅតាមវិស័យ និងទីតាំងភូមិសាស្រ្តផ្សេងៗគ្នា។