ទឹកប្រាក់ជាង ១០០ លានដុល្លារ ត្រូវផ្តល់ដល់ SME តាម CGCC
ខែមីនា 16, 2023ព័ត៌មានថ្មីៗ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានជូនដល់ ១១៥៥ ក្រុមហ៊ុន/អាជីវកម្ម ក្នុងទំហំទឹកប្រាក់កម្ចីចំនួនជិត ១០៥ លានដុល្លារ គិតត្រឹមចុងខែកុម្ភ: ឆ្នាំ ២០២៣ ក្នុងការផ្តល់លទ្ធភាពហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីបន្តនិរន្តរភាពនិងពង្រីកអាជីវកម្មដែលបានរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩។
យោងតាមរបាយការណ៍របស់ CGCC ចេញផ្សាយកាលពីថ្ងៃទី ១០ ខែមីនានេះ គិតត្រឹមចុងខែកុម្ភ: ឆ្នាំ ២០២៣ CGCC បានផ្តល់ការធានាឥណទានជូនដល់ ១១៥៥ ក្រុមហ៊ុន/អាជីវកម្ម ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១០៤,៩ លានដុល្លារ។ បើគិតត្រឹមថ្ងៃទី ៣១ ខែមករា សន្និធិឥណទានដែលមានការធានាមានចំនួន ៨១,៦ លានដុល្លារ និងសន្និធិទំហំការធានាឥណទានមានចំនួន ៥៨,៩ លានដុល្លារ។
លោក សុខ វឿង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ ខែមីនាថា គម្រោងធានាឥណទាននេះបានដើរ តួនាទីយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពដល់សហគ្រាសធុនតូចនិងមធ្យមទទួលបាននូវកម្ចីដោយពុំបាច់មានទ្រព្យធានាដើម្បីយកទៅបន្តនិរន្តរភាពនិងពង្រីកអាជីវកម្មរបស់ពួកគាត់ក្រោយពីទទួលរងពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ជាង ២ ឆ្នាំមកនេះ។
លោកបានថ្លែងថា ជាមួយនឹងកំណើននៃការធានាចំនួន ១ ១៥៥ នេះ ក្នុងនោះ ៨០ ភាគរយគឺផ្តល់ដោយធនាគារពាណិជ្ជ និងចំណែកដែលនៅសល់គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូចូលរួមជាមួយគម្រោងធានាឥណទាននេះ។
ប៉ុន្តែសម្រាប់ទឹកប្រាក់នៃទំហំឥណទានដែលមានជិត ១០៥ លានដុល្លារនោះគឺ ប្រមាណ ៩៥ ភាគរយត្រូវផ្តល់ដោយគ្រឹះស្ថានធនាគារ។
លោកបានថ្លែងថា៖ «សម្រាប់ទំហំឥណទានដែលបានផ្តល់នោះគឺយើងបានផ្តល់ភាគច្រើនទៅលើវិស័យអាទិភាពដូចជាវិស័យសេវាកម្ម កសិកម្ម និងផលិតកម្ម ដែលបណ្តាសហគ្រាសខ្នាតតូចនិងមធ្យមទាំងនោះអាចទទួលបានកម្ចីដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួនដោយពុំចាំបាច់មានទ្រព្យធានា»។
លោកបានថ្លែងបញ្ជាក់ទៀតថា៖ «យើងរីករាយក្នុងការចូលរួមជាមួយ CGCC ដោយសារតែហានិភ័យត្រូវបានធានា។ យើងសង្កេតឃើញថាចាប់តាំងពីគម្រោងនេះចាប់ផ្តើមអនុវត្តគឺអត្រាឥណទានដែលខូច នោះមានអត្រាតិចតួចបំផុត ដោយសារតែអាជីវកម្មទាំងនោះគឺសុទ្ធសឹងតែមានសក្តានុពលក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចប៉ុន្តែពួកគេពុំមានទ្រព្យធានា ហេតុដូច្នេះហើយការអនុវត្តគម្រោងធានាឥណទាននេះគឺបានជួយពួកគាត់ច្រើនក្នុងការពង្រីកអាជីវកម្ម។
លោក សុខ វឿង ដែលជាអគ្គនាយករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ផងដែរនោះបានថ្លែងថា ស្ថាប័នរបស់លោកក៏បានផ្តល់កម្ចីប្រមាណជា ២ លានដុល្លារផងដែរ ហើយលោកនឹងធ្វើការពង្រីកឱ្យបានពី ៤ ទៅ ៥ លានដុល្លារសម្រាប់ឆ្នាំ ២០២៣ នេះដើម្បីចូលរួមចំណែកផ្តល់មូលនិធិ បន្ថែមដល់ SMEs។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ ខែមីនាថា ធនាគាររបស់លោកចូលរួមជាមួយគម្រោងធានាឥណទាននេះមានទឹកប្រាក់ជាង១លានដុល្លាររួចទៅហើយគិតត្រឹមដំណាច់ ឆ្នាំ ២០២២។ លោកបន្ថែមថា ធនាគារលោកនឹងមានគម្រោងក្នុងការពង្រីកឱ្យបានប្រមាណពី ៥ ទៅ ១០ លានដុល្លារក្នុងឆ្នាំ ២០២៣ នេះ។
លោកបានថ្លែងថា៖ «ជាការពិត ណាស់ តាមរយៈគម្រោង CGCC នេះគឺជាគម្រោងមួយល្អសម្រាប់ SMEs ទាំងឡាយដែលពួកគាត់គ្មានទ្រព្យដាក់ធានាគឺអាចស្នើសុំឥណទានតាមគម្រោងនេះគឺពួកគាត់មានឱកាសក្នុងការស្តារ និងពង្រីកអាជីវកម្មរបស់ពួកគាត់ដោយមិនតម្រូវឱ្យមានទ្រព្យធានាទេ»។
«សម្រាប់ឆ្នាំ ២០២៣ នេះយើងចង់ពង្រីកឱ្យធំដោយយើងចង់ពង្រីកទៅអាជីវកម្មផ្សេងៗឱ្យបានច្រើនដោយកាលពីមុនយើងផ្តោតតែទៅលើ SMEs ធំៗដែលមានទ្រព្យធានាដើម្បីពង្រីកអាជីវកម្មរបស់គាត់ ហើយឥឡូវនេះសម្រាប់ SMEs តូចៗដែលត្រូវការសាច់ប្រាក់ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់ប៉ុន្តែមិនមានទ្រព្យធានាក៏បានដែរដោយយកតាម CGCC ហេតុដូច្នេះហើយបានជាធនាគាររបស់ខ្ញុំនឹងធ្វើការពង្រីកការផ្តល់កម្ចីរបស់យើងតាមរយៈគម្រោង CGCC នេះពី ១ លានដុល្លារ ទៅចន្លោះពី ៥ ទៅ ១០ លានដុល្លារនៅឆ្នាំ ២០២៣ នេះ» នេះបើតាមលោក ចៅចេក៕
ដកស្រង់ពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣៖ ទឹកប្រាក់ជាង ១០០ លានដុល្លារ ត្រូវផ្តល់ដល់ SME តាម CGCC