កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកណ្ដាល ខេត្តព្រៃវែង និង ខេត្តស្វាយរៀង
ខែមេសា 4, 2023ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក ណូ លីដា អគ្គនាយករង បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖
- នៅខេត្តកណ្ដាល រួមមាន ធនាគារស្ថាបនា, ធនាគារ អេស៊ីលីដា និងធនាគារ Maybank
- នៅខេត្តព្រៃវែង រួមមាន ធនាគារ ABA ធនាគារកាណាឌីយ៉ាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងធនាគារស្ថាបនា
- នៅខេត្តស្វាយរៀង រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ធនាគារ ABA និងធនាគារស្ថាបនា។
កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលនៃអាជីវកម្មរបស់សហគ្រាសខ្នាតតូចនិងមធ្យម គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យធានា។
តាមរយៈកិច្ចពិភាក្សាដោយផ្ទាល់ជាមួយ PFIs របស់ CGCC នៅបណ្តាខេត្តទាំងបីនេះ CGCC បានស្វែងយល់អំពីស្ថានភាពនៃការអនុវត្តគម្រោងធានាឥណទាន នៅតាមបណ្តាខេត្ត រួមទាំងមតិយោបល់ដ៏មានសារៈសំខាន់នានាទៅលើគម្រោងធានាឥណទានរបស់ CGCC។ CGCC និង PFIs នឹងបន្តបង្កើនការសហការលើការផ្តល់កម្ចីដែលមានការធានាជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីសម្រាប់អភិវឌ្ឍអាជីវកម្ម តែប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា។