ពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC)
ខែមេសា 27, 2023ព្រឹត្តិការណ៍ និងសកម្មភាព
ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្ត តាមរយៈពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា នៅទីស្នាក់ការកណ្តាលសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងលើកស្ទួយដល់លទ្ធភាពទទួលបានកម្ចីដែលមានការធានា សម្រាប់ការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម (MSMEs) នៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ការគាំទ្រជាពិសេសដល់សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា សម្រាប់ការបង្កើនលទ្ធភាពទទួលហិរញ្ញប្បទាន ឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានា និងជាពិសេសចូលរួមលើកស្ទួយចំណេះដឹងហិរញ្ញវត្ថុ រួមជាមួយនឹងការធានាឥណទាន ទៅកាន់សមាជិកសមាជិការបស់សភាពាណិជ្ជកម្មកម្ពុជានៅទូទាំងប្រទេស។
លោក Wong Keet Loong អគ្គនាយក CGCC បានគូសបញ្ជាក់ឱ្យដឹងដែរថា “ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា គឺជាសមិទ្ធផលដ៏សំខាន់មួយរបស់ CGCC ក្នុងការផ្តល់នូវលទ្ធភាព ដើម្បីផ្តល់ព័ត៌មានអំពី CGCC ទៅកាន់សមាជិកសមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជានៅទូទាំងប្រទេស។ សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាស្ថាប័នដែលប្រមូលផ្តុំនូវសមាជិកដែលជាធុរជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមជាច្រើន នឹងក្លាយជាដៃគូដ៏សំខាន់របស់ CGCC ក្នុងការលើកស្ទួយដល់ការជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃការធានាឥណទានទៅកាន់សមាជិកសមាជិការបស់ CCC។ CGCC និង CCC នឹងរួមគ្នាគាំទ្រដល់ការអភិវឌ្ឍរបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដោយបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ”។
លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា “សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែនៅតែជួបបញ្ហាប្រឈមជាច្រើន ជាពិសេសឧបសគ្គផ្នែកហិរញ្ញវត្ថុ។ ក្នុងន័យនេះ ការចុះអនុស្សរណៈរវាង CCC និង CGCC នាថ្ងៃនេះ មានគោលដៅជាចម្បងក្នុងការជំរុញការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម តាមរយៈការផ្តល់ឥណទានធានា។ បន្ថែមពីលើនេះ ការចុះអនុស្សរណៈយោគយល់នេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលនឹងជួយលើកកម្ពស់ និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។”
ភាពជាដៃគូរវាង CGCC និង CCC នេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច នៅកម្ពុជា។ តាមរយៈស្មារតីរួមគ្នានេះ ស្ថាប័នទាំងពីរនឹងសម្រួលដល់ក្រុមហ៊ុន/អាជីវកម្ម ដោយដោះស្រាយនូវបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន និងបើកបង្ហាញពីសក្តានុពលរបស់ពួកគេ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។
ចុចទីនេះស្វែងយល់បន្ថែម: សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ CIMB ចាប់ដៃគូសហការផ្តល់កម្ចីមានការធានា ដល់អាជីវកម្មដែលខ្វះទ្រព្យធានា