សេចក្តីប្រកាសព័ត៌មាន ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា
ខែកក្កដា 4, 2023ដំណឹង
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានកិត្តិយសសូមជម្រាបជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ឱ្យបានជ្រាបថា នាថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យអនុវត្ត “ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ”។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃដដែល ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើនេះ មានគោលបំណងដាក់ចេញនូវវិធានការនៃការថ្លឹងហានិភ័យឥណទានយ៉ាងទូលំទូលាយ ដែលការថ្លឹងនេះ មានកម្រិតខុសៗគ្នាផ្អែកលើ ប្រភេទឥណទាន អ្នកខ្ចី ឬសមភាគី និងឆ្លុះបង្ហាញពីកម្រិតហានិភ័យដែលគ្រឹះស្ថានអាចប្រឈមជាក់ស្តែង សំដៅពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យ។
សេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងផងដែរ ពីការដាក់វិធានការប្រុងប្រយ័ត្ន និងថ្លឹងថ្លែង និងគិតគូរយ៉ាងម៉ត់ចត់ដល់ការជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអនុវត្តគោលនយោបាយពាក់ព័ន្ធ ដែលក្នុងនោះក៏មាន ការយកចិត្តទុកដាក់ពិសេសចំពោះ “ការគាំទ្រដល់យន្តការធានាឥណទានដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដូចជា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយការថ្លឹងហានិភ័យសូន្យភាគរយចំពោះចំណែកឥណទានដែលត្រូវបានធានា ដើម្បីសម្រួលឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម ទទួលបានប្រភពទុនកាន់តែច្រើនជាងមុន”។
គួរបញ្ជាក់ផងដែរថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ៕
ថ្ងៃចន្ទ ១រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣