ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC
ខែសីហា 30, 2023ស្វែងយល់ពីការធានាឥណទាន
ដោយមើលឃើញថាការយល់ដឹងអំពីហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាយើងនៅមានកម្រិត ហើយការប្រើប្រាស់និងការចាត់ចែងហិរញ្ញវត្ថុរបស់ពួកគាត់មិនសូវមានប្រសិទ្ធភាព នាងខ្ញុំនិងស្វាមីក៏ចាប់ផ្តើមបង្កើតក្រុមហ៊ុនឫទ្ធិពលនេះឡើងក្នុងឆ្នាំ២០១២ ដើម្បីផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុផងដែរ។ រហូតមកដល់ឆ្នាំ២០២០ អាជីវកម្មរបស់ពួកយើងបានរងផលប៉ះពាល់មួយចំនួនពីវិបត្តិសកល គឺជម្ងឺកូវីដ-១៩ ប៉ុន្តែពួកយើងក៏នៅតែអាចឆ្លងកាត់បានមកដល់បច្ចុប្បន្ន។ កត្តាដែលលំបាកបំផុតនាពេលនោះ គឺបញ្ហាខ្វះដើមទុន ជាពិសេសទុនបង្វិល ដើម្បីទ្រទ្រង់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។ នៅពេលនោះយើងបានប្រើប្រាស់ទ្រព្យរបស់យើងធ្វើជាទ្រព្យធានា ដើម្បីស្នើសុំកម្ចី ឋឋប៉ុន្តែពួកយើងនៅតែមិនអាចទទួលបានទុនគ្រប់គ្រាន់តាម តម្រូវការ។ដំណោះស្រាយដ៏ល្អនាពេលនោះគឺមានការណែនាំពី ខេមា មីក្រូហិរញ្ញវត្ថុដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដៃគូរបស់ CGCC ឲ្យពួកយើងស្នើសុំកម្ចីដែលមានការការធានាពី CGCC សម្រាប់អាជីវកម្មដោយមិនចាំបាច់មានទ្រព្យធានាគ្រប់គ្រាន់។
បន្ទាប់ពីទទួលបានទុនបង្វិលដែលមានការធានា យើងក៏អាចដោះស្រាយបញ្ហាសំខាន់ៗជាច្រើនដូចជាការចំណាយលើការធ្វើទីផ្សារ ការផ្សព្វផ្សាយ និង ការចំណាយលើប្រត្តិបត្តិការអាជីវកម្មទាំងមូល។ យើងខ្ញុំបានពង្រីកអាជីវកម្មឲ្យធំជាងមុន មានបុគ្គលិកច្រើនជាងមុន អតិថិជនបានទទួលជ្រាប និងស្គាល់ រួមជាមួយនឹងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំបានកើនឡើងជាលំដាប់។ ម៉្យាងទៀត យើងខ្ញុំក៏មានពេលវេលាច្រើនជាងមុន ដើម្បីគិតគូរទៅលើយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតដោយលែងបារម្ភពីបញ្ហាដើមទុនតទៅទៀត។
ដើម្បីឲ្យអាជីវកម្មមួយជោគជ័យទៅបានគឺអាស្រ័យលើកត្តាជាច្រើនក្នុងនោះដើមទុន ឬក៏ទុនបង្វិលគឺជាកត្តាសំខាន់បំផុតសម្រាប់អាជីវកម្មនីមួយៗ។ យើងខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលដែលបានបង្កើត CGCC ឡើង និងបានជួយគាំទ្រដល់អាជីវកម្មរបស់យើងខ្ញុំ ក៏ដូចជាម្ចាស់អាជីវកម្មដ៏ទៃផ្សេងទៀត ឲ្យមានឱកាសរីកចម្រើនទៅបានយ៉ាងរលូន ក៏ដូចជាដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសជាតិទាំងមូលផងដែរ៕
អាននិងទាញយកអត្ថបទជា PDF: លោកស្រី ប៉ែន បុប្ផា នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលឫទ្ធិពល