សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅខេត្តប៉ៃលិន
ខែកញ្ញា 20, 2023ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តប៉ៃលិន ក្រោមកិច្ចសហការចូលរួមដោយ សភាពាណិជ្ជកម្មមណ្ឌលខេត្តប៉ៃលិន ដែលក្នុងនោះមានសមាសភាពចូលរួមពី សំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តប៉ៃលិន និងបណ្ដាខេត្តផ្សេងៗទៀត ជាង៨០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីដោយ លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តប៉ៃលិន លោក ណូ លីដា អគ្គនាយករង CGCC លោក ហ៊ុន វត្ថា អនុប្រធានក្រុមប្រឹក្សានៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ព្រមទាំងការធ្វើបទបង្ហាញរបស់អ្នកតំណាងមកពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLCនិង ធនាគារ ABA ផងដែរ។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានជ្រាបអំពីព័ត៌មាននៃអត្ថប្រយោជន៍ពីកម្ចីដែលមានការធានាតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានាពេលស្នើសុំកម្ចី សម្រាប់ពង្រីក និងស្តារអាជីវកម្មរបស់ខ្លួនទៀតផង។