CGCC ចូលរួមក្នុង “ទិវាសហគ្រិនស្រ្ដីកម្ពុជា” ចែករំលែកពីយន្តការគាំទ្ររបស់រាជរដ្ឋាភិបាលដល់សហគ្រិនស្ត្រី តាមរយៈការធានាឥណទាន
ខែវិច្ឆិកា 14, 2023ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ណូ លីដា អគ្គនាយករង CGCC បានដឹកនាំក្រុមការងាររបស់ CGCC ចូលរួមក្នុង “ទិវាសហគ្រិនស្រ្ដីកម្ពុជា” ដែលត្រូវបានរៀបចំដោយសមាគមន៍សហគ្រិនស្រ្តីកម្ពុជា ក្រោមប្រធានបទស្តីពី “បញ្ហាប្រឈមរបស់សហគ្រិនស្រ្ដីលើកាតព្វកិច្ចបង់ពន្ធ និងទស្សនៈវិស័យនាពេលអនាគត”។ ទិវាដ៏មានអត្ថន័យនេះ មានអ្នកចូលរួមជាង១៥០នាក់ មកពីស្ថាប័នពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ព្រមទាំងដៃគូអភិវឌ្ឍន៍នានាផងដែរ។
នៅក្នុងវេទិកានេះ លោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផលរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សា ស្តីពី “ការគាំទ្ររបស់រាជរដ្ឋាភិបាលដល់សហគ្រិនស្ត្រី ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកល”។ ក្នុងកិច្ចពិភាក្សានេះ លោកស្រី សាន សុខរីណា បានចែករំលែកពីគម្រោងធានាឥណទានរបស់ CGCC ជាពិសេស គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ក្នុងការគាំទ្រដល់សហគ្រិនស្រ្តី ឱ្យទទួលបានហិរញ្ញប្បទានចាំបាច់ដើម្បីទ្រទ្រង់ និងពង្រីកអាជីវកម្ម ព្រមទាំងគន្លឹះសំខាន់ៗមួយចំនួនក្នុងការគ្រប់គ្រង និងទទួលបានហិរញ្ញប្បទានអាជីវកម្មរបស់សហគ្រិនជាស្ត្រី។