អត្ថបទស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងការធានា (GMS)
ខែធ្នូ 1, 2023ស្វែងយល់ពីការធានាឥណទាន
អាជីវកម្មមួយ មិនអាចរីកចម្រើនអស់លទ្ធភាពនោះទេ ប្រសិនមិនប្រើប្រាស់បច្ចេកវិទ្យា។ អាជីវកម្មរបស់ CGCC ក៏ដូច្នេះដែរ។ លោក ប៊ីល ហ្គេត ស្ថាបនិករបស់ក្រុមហ៊ុន Microsoft បានលើកឡើងថា៖ “បច្ចេកវិទ្យាព័ត៌មាន និងអាជីវកម្មបានភ្ជាប់គ្នាដ៏ស្អិតរមួត។ ខ្ញុំយល់ថា យើងមិនអាចនិយាយដោយមានន័យអំពីអាជីវកម្ម ដោយមិននិយាយអំពីបច្ចេកវិទ្យាព័ត៌មាននោះទេ។” ចាប់តាំងពីថ្ងៃដំបូងនៃអាជីវកម្ម CGCC បានប្រកាន់ភ្ជាប់នូវការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដោយចាប់ផ្តើមពីការប្រើប្រាស់កម្មវិធីអ៊ិចសែល និងកម្មវិធី Microsoft SharePoint ដើម្បីគ្រប់គ្រងប្រតិបត្តិការធានាឥណទាន។ ថ្ងៃនេះ CGCC បានសម្រេចលទ្ធផលថ្មីមួយទៀត គឺការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការធានាឥណទាន (GMS) ដើម្បីបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងប្រតិបត្តិការធានាឥណទាន ប្រកបដោយប្រសិទ្ធភាព។ ការចាប់យកបច្ចេកវិទ្យាព័ត៌មាន គឺជាការប្តេជ្ញាចិត្តរបស់ CGCC ក្នុងការចូលរួមមួយចំណែកតូច ក្នុងការគាំទ្រអាទិភាពគន្លឹះទាំងប្រាំ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) នៃ “យុទ្ធសាស្ត្របច្ចកោណ៖ ដំណាក់កាលទីមួយ” របស់រាជរដ្ឋាភិបាលកម្ពុជា។
តើ GMS ជាអ្វី?
GMS គឺជាប្រព័ន្ធឌីជីថល ដែលធ្វើស្វ័យប្រវត្តិកម្ម និងសម្រួលដំណើរការ នៃការធានាឥណទាន ឱ្យមានលក្ខណៈងាយស្រួល លឿន និងមានសុវត្ថិភាព។ GMS គឺជាប្រព័ន្ធឌីជីថលគ្រប់គ្រងប្រតិបត្តិការធានាឥណទានដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងជាក់លាក់ សម្រាប់តែម៉ូដែលនៃការធានាឥណទានរបស់ CGCC។ វាគឺជាប្រព័ន្ធ ដែលផ្អែកលើបណ្តាញអ៊ីនធឺណែត និងត្រូវបានបង្កើតឡើងដោយប្រើប្រាស់ស្ថាបត្យកម្ម សេវាកម្មលក្ខណៈមីក្រូ និងបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាព ភាពត្រឹមត្រូវ និងសុវត្ថិភាពនៃដំណើរការធានាឥណទាន។
តើ GMS ត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?
CGCC បានអភិវឌ្ឍ GMS ជាដំណាក់កាល។ GMS ដំណាក់កាលទី១ ត្រូវបានចំណាយពេលក្នុងការអភិវឌ្ឍអស់រយៈពេលប្រមាណ២ឆ្នាំ ដោយក្រុមអ្នកជំនាញអភិវឌ្ឍន៍កម្មវិធីដែលមានបទពិសោធន៍ខ្ពស់។ ការអភិវឌ្ឍ GMS ត្រូវបានធ្វើឡើងតាមវិធីសាស្រ្ត ដែលមានលក្ខណៈបត់បែនឆាប់រហ័ស (Agile Approach) ដោយត្រូវបានកែលម្អជាប្រចាំ ផ្អែកលើមតិយោបល់ពីអ្នកប្រើប្រាស់ផ្ទាល់។ GMS ត្រូវបានអភិឌ្ឍ ដោយភាពប្រុងប្រយ័ត្នខ្ពស់ និងត្រូវបានធ្វើតេស្តដោយយកចិត្តទុកដាក់និងម៉ត់ចត់ មុននឹងដាក់ឱ្យដំណើរការ ដើម្បីធានាសុវត្ថិភាព និងភាពជឿទុកចិត្តបាន។ នៅក្នុងដំណាក់កាលទីមួយ GMS ផ្តល់លក្ខណៈសំខាន់ៗ ដូចខាងក្រោម៖
. ស្វ័យប្រវត្តិកម្មទាំងស្រុង៖ GMS ធ្វើស្វ័យប្រវត្តិកម្មដំណើរការការធានាឥណទានទាំងមូល ចាប់ពីការស្នើសុំការធានាពី PFIs រហូតដល់ការអនុម័តការធានាឥណទានរបស់ CGCC។ ការផ្តល់ និងកែតម្រូវព័ត៌មានដោយស្វ័យប្រវត្តិ ត្រូវបានដាក់បញ្ចូលក្នុង GMS ដើម្បីកាត់បន្ថយកំហុស និងពេលវេលា ក្នុងការបង្កើតសំណើសុំការធានាឥណទាន និងការវាយតម្លៃសំណើធានាឥណទានផងដែរ។
. ការតាមដានដោយផ្ទាល់គ្រប់ពេលវេលា៖ GMS ផ្តល់មធ្យោបាយសម្រាប់ការតាមដានដោយផ្ទាល់គ្រប់ពេលវេលាអំពីវឌ្ឍនភាពនៃសំណើសុំការធានាឥណទាន ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចឆែកមើលបច្ចុប្បន្នភាពនៃការវាយតម្លៃសំណើសុំការធានាឥណទានពី CGCC បានគ្រប់ពេលវេលា។
. របាយការណ៍យ៉ាងទូលំទូលាយ៖ GMS បង្កើតរបាយការណ៍ដោយស្វ័យប្រវត្តិយ៉ាងទូលំទូលាយ អំពីការធានាឥណទាន សម្រាប់ការវិភាគទិន្នន័យអំពីការធានាឥណទាន ដើម្បីធ្វើការកែតម្រូវ និងការសម្រេចចិត្ត។
. សុវត្ថិភាពខ្ពស់៖ GMS ត្រូវបានរៀបចំនៅលើប្រព័ន្ធសុវត្ថិភាព និងប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាពចុងក្រោយបំផុតដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់។