ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC
ខែធ្នូ 1, 2023ស្វែងយល់ពីការធានាឥណទាន
វិស័យកសិកម្ម គឺជាវិស័យស្នូលមួយ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ ដោយសារមើលឃើញពីសក្ដានុពុល និងដើម្បីលើកស្ទួយដល់ផលិតផលខ្មែរ និងទ្រទ្រង់ដល់បងប្អូនកសិករខ្មែរ ខ្ញុំបានសម្រេចចិត្តចាប់ផ្តើម បង្កើតជាសហភាព សហគមន៍បន្លែសុវត្ថិភាពនៅក្នុងឆ្នាំ២០២១។
ចាប់ពេលពីចាប់ផ្ដើមដំបូងរហូតដល់សព្វថ្ងៃ បញ្ហាប្រឈមសំខាន់របស់ខ្ញុំគឺ កង្វះធនធានមនុស្សក្នុងការរៀបចំឯកសារ និងការងាររដ្ឋបាលផ្សេងៗដោយសារភាគច្រើនសមាជិកនៅក្នុងសហភាពសហគមន៍គឺជាកសិករ។ បញ្ហាប្រឈមសំខាន់មួយទៀតគឺ កង្វះទុនបង្វិលដើម្បីពង្រីកអាជីវកម្ម និងជំរុញការនាំចេញ។ ដំណោះស្រាយសម្រាប់ខ្ញុំ គឺប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។
ដំបូងឡើយ ដោយសារទ្រព្យធានារបស់ខ្ញុំមិនគ្រប់គ្រាន់ ខ្ញុំមិនទទួលបានប្រាក់កម្ចីតាមតម្រូវការនោះទេ ដែលបានធ្វើឱ្យអាជីវកម្មរបស់ខ្ញុំមានការរាំងស្ទះ។ ប៉ុន្តែក្រោយមក ដោយសារការធានាឥណទានពី CGCC ខ្ញុំក៏ទទួលបានកម្ចីអាជីវកម្មពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន តាមទំហំកម្ចីដែលខ្ញុំបានស្នើសុំទាន់ពេលវេលា។ បន្ទាប់ពីទទួលបានកម្ចីដែលមានការធានា ខ្ញុំបានយកវាទៅធ្វើជាទុនបង្វិល ដែលអាចឲ្យខ្ញុំបន្ដការអាជីវកម្មសហភាពសហគមន៍បន្លែសុវត្ថិភាព ជូនដល់អតិថិជន និងដេប៉ូចែកចាយបានជាច្រើនខេត្តក្រុងទាន់ពេលវេលា។ មិនតែប៉ុណ្ណោះអាជីវកម្មរបស់ខ្ញុំ ក៏ទទួលបានការជឿទុកចិត្តពីដៃគូរអភិវឌ្ឍន៍នានាផងដែរ។
ការទទួលបានកម្ចីដែលមានការធានាពី CGCC គឺអាស្រ័យទៅលើសក្ដានុពលនៃអាជីវកម្មរបស់ខ្ញុំ ពោលគឺលទ្ធភាពនៃការរីកចម្រើនទៅមុខ ការកសាងនិងការថែទាំប្រវត្តិឥណទានឲ្យបានល្អ ក៏ដូចជាការបំពេញឯកសារតម្រូវដែលអាចបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់កម្ចីសម្រាប់អាជីវកម្មរបស់ខ្ញុំ។ ម្ចាស់អាជីវកម្មដទៃទៀតដែលមានតម្រូវការទុនប៉ុន្តែខ្វះទ្រព្យធានា ក៏អាចស្វែងរកការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដៃគូរបស់ CGCC បានដែរ៕
អាននិងទាញយកអត្ថបទជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC