ជំនួបសម្តែងការគួរសមរបស់ CGCC ជាមួយធនាគារកសិកន នៅប្រទេសថៃ
ខែធ្នូ 1, 2023ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដឹកនាំគណៈប្រតិភូ CGCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Suwat Techawatanawana អគ្គនាយកប្រតិបត្តិរងធនាគារកសិកនប្រទេសថៃ នៅការិយាល័យរបស់ធនាគារកសិកនប្រទេសថៃ ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងរបស់ធនាគារកសិកនប្រទេសថៃ និងសាខាធនាគារកសិកន (ភ្នំពេញ) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសម្តែងក្តីសោមនស្ស ចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់លោកអគ្គនាយកប្រតិបត្តិរងរបស់ធនាគារកសិកនប្រទេសថៃ និងបានពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ជុំវិញស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាង CGCC និង សាខាធនាគារកសិកន (ភ្នំពេញ) ដែលជាសាខារបស់ ធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ដែលទើបនឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC នាពេលថ្មីៗនេះ។
ជាកិច្ចឆ្លើយតប លោកអគ្គនាយកប្រតិបត្តិរងរបស់ធនាគារកសិកនប្រទេសថៃ បានសម្តែងការត្រេកអរ និងថ្លែងអំណរគុណដល់វត្តមានរបស់គណៈប្រតិភូរបស់ CGCC និង បានចែករំលែកអំពីវឌ្ឍនភាពនៃធនាគារកសិកន រួមទាំង បទពិសោធន៍នៃការផ្តល់កម្ចី ដែលមានការធានាពីសាជីវកម្មធានាឥណទានថៃ នៅក្នុងប្រទេសថៃជាដើម។
ជំនួបសម្តែងការគួរសមនេះ ពិតជាឱកាសដ៏មានតម្លៃសម្រាប់ទាំង CGCC និងធនាគារកសិកន បានសិក្សាស្វែងយល់ពីស្ថានភាពនៃវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងជាពិសេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ ក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៕