CGCC និងធនាគារប្រ៊ីដ ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីគាំទ្រដល់អាជីវកម្មឱ្យទទួលបានកម្ចីមានកាធានា

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) និងធនាគារប្រ៊ីដ បានប្រកាសកិច្ចសហការជាផ្លូវការ ដែលធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសម្រួលដល់លទ្ធភាពទទួលបានកម្ចីចាំបាច់ សម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម (MSMEs) ក៏ដូចជាសហគ្រាសខ្នាតធំផងដែរ។

កិច្ចសហការរវាង CGCC ដែលជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ MSMEs ក្នុងស្រុកនេះ នឹងបង្កើនឱកាសដល់ធនាគារប្រ៊ីដ ឱ្យមានទំនុកចិត្តបញ្ចេញកម្ចីដែលមានការធានាពី CGCCដល់ក្រុមហ៊ុនអាជីវកម្មដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានាដើម្បីដាក់តម្កល់នៅពេលស្នើសុំកម្ចីពីធនាគារ។

CGCC and Bridge Bank

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា៖ “ភាពជាដៃគូជាមួយធនាគារប្រ៊ីដនេះ នឹងបើកផ្លូវថ្មីមួយទៀតដល់យើងក្នុងការគាំទ្រដល់ SMEs របស់ធនាគារក្នុងការទទួលបានកម្ចី នៅពេលដែលពួកគេប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់យើងនឹងវាយតម្លៃលើលទ្ធភាពរបស់ SMEs សម្រាប់កម្ចីមានការធានា ដោយសារតែ  PFIs ដឹងពីតម្រូវការហិរញ្ញវត្ថុ និងលទ្ធភាពបង់សងរបស់អតិថិជនរបស់ពួកគេ។ ការធានាឥណទានរបស់ពួកយើងមានសារៈសំខាន់ក្នុងការធានានូវការបន្តផ្តល់នូវឥណទាន នៅក្នុងទីផ្សារ ដើម្បីគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច”។

CGCC and Bridge Bank

លោក Richard Liew នាយកប្រតិបត្តិ ធនាគារប្រ៊ីដ មានប្រសាសន៍ថា៖ “សហគ្រាសធុនតូច  និងមធ្យម  គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនទំហំផលិតផលក្នុងស្រុកសរុប ក៏ដូចជាការផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយអាជីវកម្មមួយចំនួនតែងតែជួបប្រទះបញ្ហាប្រឈមលើលទ្ធភាពទទួលបានសេវាឥណទាន (កម្ចី) ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគាត់។ ហើយដែលកិច្ចសហការវាងធនាគារប្រ៊ីដ និង CGCC នឹងចូលមក ចូលរួមចំណែកដោះស្រាយលើបញ្ហាមួយនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថានឹងផ្តល់ឱ្យសហគ្រាសខ្នាតមីក្រូ  តូច  និងមធ្យម  (MSMEs) នូវលទ្ធភាពទទួលបានកម្ចីសម្រាប់អាជីវកម្មកាន់តែងាយស្រួល តាមរយៈការធានាឥណទានរបស់ CGCC ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការបាត់បង់របស់កម្ចី និងសម្រួលឱ្យធនាគារប្រ៊ីដអាចផ្តល់នូវភាពប្រកួតប្រជែងនៃកម្ចីកាន់តែខ្ពស់ជាងមុន ដែលនឹងបង្កើនដល់លទ្ធភាពទទួលបានកម្ចីសម្រាប់ MSMEs”។

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារប្រ៊ីដ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយក្នុងចំណោម PFIs សរុប២៨ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ MSMEs។ CGCC និងធនាគារប្រ៊ីដ ជឿជាក់ថា កិច្ចសហការនេះនឹងអាចចូលរួមជួយដោះស្រាយបញ្ហាគម្លាតហិរញ្ញវត្ថុរបស់ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

CGCC and Bridge Bank

អំពី CGCC

CGCC គឺជាសាជីវកម្មធានាឥណទានតែមួយគត់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។

ព័ត៌មានបន្ថែមពី CGCC ៖ www.cgcc.com.kh

 

អំពីធនាគារប្រ៊ីដ

ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត ផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។

ព័ត៌មានបន្ថែមពី ធនាគារប្រ៊ីដ៖ www.bridgebank.com.kh