CGCC និងក្រុមហ៊ុន Royal Group Securities Plc. (RGS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធានាសញ្ញាប័ណ្ណ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមហ៊ុន Royal Group Securities Plc. (RGS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធានាសញ្ញាប័ណ្ណ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា អមដោយ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា នៅអាគារផ្សារមូលបត្រកម្ពុជា។

CGCC បានប្រកាសនូវការក្លាយខ្លួនជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណដំបូងរបស់កម្ពុជាជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ “ក្របខណ្ឌគោលនយោបាយនៃការធានាលើការបោះផ្សាយសញ្ញាប័ណ្ណ” និងបានទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក និងចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា “CGCC ត្រូវបានទទួលស្គាល់ដោយ SERC ជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្ម  ដែលបានចុះបញ្ជីនៅក្នុង CSX ។ ភាពជាដៃគូនេះជាមួយ RGS នេះនឹងជាឱកាសមួយផ្តល់ឱ្យយើងក្លាយជាផ្នែកមួយនៃរចនាសម្ព័ន្ធនៃសញ្ញាប័ណ្ណរវាងអ្នកបោះផ្សាយ និងវិនិយោគិន។ ការធានាសម្រាប់សញ្ញាប័ណ្ណសាជីវកម្មនឹងបង្កើនចំណាត់ថ្នាក់ឥណទាននៃការបោះផ្សាយសញ្ញាប័ណ្ណ ដែលបន្ថែមទំនុកចិត្តដល់វិនិយោគិន។ CGCC ដែលជាសហគ្រាសសាធារណៈ  ស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) នឹងគាំទ្រដល់ SERC ក្នុងការអភិវឌ្ឍទីផ្សារទុន ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសខ្នាតធំទទួលបានប្រភពទុនតាមរយៈការបោះផ្សាយសញ្ញាបណ្ណ។ ជាមួយនឹងការធានាលើសញ្ញាប័ណ្ណ យើងសង្ឃឹមថានឹងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសឱ្យមកបណ្តាក់ទុនក្នុងសញ្ញាប័ណ្ណដែលមានការធានា។”

លោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃ RGS មានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសភាពជាដៃគូយុទ្ធសាស្រ្តរបស់យើងជាមួយ CGCC ក្នុងគោលបំណងលើកកម្ពស់ការបង្កើនដើមទុនបំណុលតាមរយៈការធានាលើសញ្ញាប័ណ្ណនៅក្នុងទីផ្សារទុនកម្ពុជា ដោយស្ថាប័នធានាជាសហគ្រាសសាធារណៈ ។ កិច្ចសហប្រតិបត្តិការនេះបង្ហាញនូវ សមិទ្ធផលមួយដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញកំណើន និងជំនឿទុកចិត្តនៅក្នុងវិស័យហិរញ្ញវត្ថុ។ តាមរយៈការប្រើប្រាស់ជំនាញ និងធនធានរបស់យើងជាក្រុមហ៊ុនមូលបត្រដែលមានគ្រឹះយ៉ាងរឹងមាំ RGS នឹងសហការ និងគាំទ្រដល់ CGCC ក្នុងការផ្តល់នូវការធានាដល់អាជីវកម្មក្នុងស្រុករបស់យើង ពង្រឹងការធានាដល់វិនិយោគិន និងបង្កើនទំនុកចិត្តក្នុងការបោះផ្សាយសញ្ញាប័ណ្ណ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក៏នឹងអាចឱ្យយើងផ្តល់ជូននូវលក្ខខណ្ឌអំណោយផលបន្ថែមទៀតដល់អ្នកបោះផ្សាយ សម្រួលដល់លទ្ធភាពទទួលបានដើមទុន និងការលើកកម្ពស់ការចូលរួមកាន់តែច្រើននៅក្នុងទីផ្សារ។ ជាចុងក្រោយ យើងជឿជាក់ថាភាពជាដៃគូនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយផ្តល់នូវបរិយាកាសដ៏រឹងមាំសម្រាប់ការបង្កើតទុន និងការវិនិយោគ។”

ភាពជាដៃគូរវាង CGCC និង RGS នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា តាមរយៈការសហការគ្នាក្នុងការចែករំលែកចំណេះដឹង និងធនធានរវាងស្ថាប័នទាំងពីរ ដើម្បីបង្កើតការធានាលើសញ្ញាប័ណ្ណដែលគាំទ្រដល់អ្នកបោះផ្សាយ ក្នុងការបង្កើនទុននៅក្នុងទីផ្សារ ទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើសញ្ញាប័ណ្ណ និងបង្កើនភាពងាយស្រួលដល់សាច់ប្រាក់របស់ទីផ្សារសញ្ញាប័ណ្ណ។

 

អំពី CGCC

សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

 

អំពី RGS

Royal Group Securities Plc. (RGS) គឺជាក្រុមហ៊ុនមូលបត្រដែលមានអាជ្ញាប័ណ្ណពេញលេញ ក្រោមការគ្រប់គ្រងរបស់និយតករមូលបត្រកម្ពុជា។ RGS ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈជាច្រើន រួមទាំងការបង្កើនដើមទុន ការត្រួតពិនិត្យ និងរៀបចំរចនាសម្ព័ន្ធដើមទុន ការជួញដូរភាគហ៊ុន ការវិនិយោគភាគហ៊ុនអន្តរជាតិ ការវាយតម្លៃភាគហ៊ុន ការវិនិយោគរួមគ្នា និងហិរញ្ញវត្ថុ និងច្រើនទៀត។ RGS គឺជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់ និងជាអ្នកធានាទិញមូលបត្របំណុលទាំងអស់ដែលបានចេញក្នុងឆ្នាំ២០២៣ ហើយបានចុះបញ្ជីជាបន្តបន្ទាប់នៅលើទីផ្សារមូលបត្រកម្ពុជា។ នៅឆមាសទីពីរ នៃឆ្នាំ២០២៣ ក្រុមហ៊ុនបានរៃកៀរគរទុនបានជាង១០០ លានដុល្លារសម្រាប់អាជីវកម្មក្នុងស្រុកតាមរយៈ IPO មូលបត្របំណុល និងប្រាក់កម្ចី។