CGCC ចូលរួមសិក្ខាសាលា ស្តីអំពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” រៀបចំដោយក្រសួងពាណិជ្ជកម្ម

នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំសហការីចូលរួមសិក្ខាសាលា ស្តីអំពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន Alibaba ដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

តាមរយៈសិក្ខាសាលានេះ លោកអគ្គនាយក CGCC បានធ្វើបទបង្ហាញអំពីការចូលរួមរបស់ CGCC ពាក់ព័ន្ធនឹងយន្តការធានាឥណទាន ដើម្បីសម្រួលការទទួលបានហិរញ្ញប្បទាន និងការគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម ដែលលោកបានគូសបញ្ជាក់អំពីគម្រោងធានាឥណទាន និងកម្មវិធីកសាងសមត្ថភាសហគ្រិននានា ដែលសំដៅដល់ការអភិវឌ្ឍសមត្ថភាពរបស់សហគ្រិនរយៈពេលវែង។

សិក្ខាសាលានេះ គឺជាសកម្មភាពឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា និងសំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ការប្រតិបត្តិការតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។