ការស្វែងយល់ពីឥណទានមិនដំណើរការ
ខែឧសភា 8, 2024ស្វែងយល់ពីការធានាឥណទាន
ឥណទានមិនដំណើរការ (NPL) នៅក្នុងវិស័យធនាគារ ក្នុងឆ្នាំ២០២៣ មានអត្រាខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល ១៥ឆ្នាំ ចុងក្រោយ។ ក្នុងឆ្នាំ២០២៣ អត្រា NPL មានចំនួន ៥,៤% សម្រាប់ធនាគារ និង ៦,៥% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធៀបនឹងអត្រា NPL ជាមធ្យម ២,១៨% ពីឆ្នាំ២០០៩ ដល់ ២០២២ (ក្រាហ្វិកទី១)។ ទន្ទឹមនេះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងចំណោម ២០៧០ គណនីដែលមានការធានា ១៣៣ ជាគណនី NPL ដែលស្មើនឹង ៩,៧៦លានដុល្លារ។ ភាគរយនៃទំហំដែលមានការធានានៃឥណទានមិនដំណើរការ ធៀបនឹងទំហំដែលមានការធានាសរុប ស្មើនឹង ៨,០២%។ យ៉ាងណាក៏ដោយ NPL ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ខណៈវិស័យធនាគារនៅកម្ពុជានៅតែរក្សាបាននូវភាពរឹងមាំ។ ការស្វែងយល់ពី NPL មានសារៈសំខាន់ក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមានដល់អ្នកខ្ចី អ្នកផ្តល់កម្ចី និងសេដ្ឋកិច្ចទាំងមូល។
តើអ្វីទៅជាឥណទានមិនដំណើរការ?
ឥណទានមិនដំណើរការ កើតឡើងនៅពេលអ្នកខ្ចីមិនអាចបំពេញកាតព្វកិច្ចសងត្រឡប់ ដោយសារផលលំបាកហិរញ្ញវត្ថុ ឧទាហរណ៍ ការសងត្រឡប់យឺតជាង ៣០ថ្ងៃ សម្រាប់កម្ចីរយៈពេលខ្លី ឬយឺតជាង ៨៩ថ្ងៃ សម្រាប់កម្ចីរយៈពេលវែង។ លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកចំណាត់ថ្នាក់ឥណទាន មានភាពខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ នៅកម្ពុជា ធនាគារជាតិនៃកម្ពុជា បែងចែកឥណទានជា ៥ចំណាត់ថ្នាក់ ផ្អែកលើចំនួនថ្ងៃដែលលើសកាលកំណត់សង ដូចបង្ហាញជូន ក្នុងតារាងទី១ ខាងក្រោម។ ឥណទានដែលមានចំណាត់ថ្នាក់ “ធម្មតា” និង “ឃ្លាំមើល” គឺជាឥណទានដំណើរការ ចំណែកឯឥណទានដែលស្ថិតក្នុងចំណាត់ថ្នាក់ “ក្រោមស្តង់ដារ” ឬអន់ជាងនេះ ត្រូវបានចាត់ទុកថាជាឥណទានមិនដំណើរការ។
អាននិងទាញយកអត្ថបទជា PDF: ការស្វែងយល់ពីឥណទានមិនដំណើរការ