ឯកសារទស្សនទានសម្រាប់អនុវត្តកំណែទម្រង់កសិកម្ម
ខែកក្កដា 8, 2024ព័ត៌មានថ្មីៗ
កាលពីថ្ងៃអង្គារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ជួបពិភាក្សាជាមួយអ្នកឯកទេសផ្នែកធនធានធម្មជាតិ និងកសិកម្ម និងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីរៀបចំឯកសារទស្សនទានសម្រាប់រៀបចំគម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” ហើយកិច្ចពិភាក្សានោះក៏មានការចូលរួមពីមន្ត្រីនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផងដែរ ដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានពី ADB ចំនួន ១០០លានដុល្លារ។
លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំគម្រោងពន្លឿនការកែទម្រង់វិស័យកសិកម្ម។ កំណែទម្រង់នេះមានគោលបំណងរួមចំណែកដល់ការសម្រេចបាននូវគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងក្រសួងកសិកម្ម តាមរយៈការប្រមូល និងពង្រឹងសមត្ថភាពសហគមន៍កសិកម្មទំនើបទាំងផ្នែកផលិតកម្ម និងការតភ្ជាប់ទីផ្សារ។
វាក៏នឹងរក្សាបានកំណើនសេដ្ឋកិច្ច និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការរក្សាបានតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់ ទាំងទីផ្សារក្នុងស្រុក ទីផ្សារនាំចេញ ការគាំទ្របច្ចេកទេសនិងមធ្យោបាយដល់មន្ត្រីកសិកម្មឃុំ ដែលត្រូវបានជ្រើសរើសបម្រើសេវាបច្ចេកទេស និងទីផ្សារដល់សហគមន៍ជនបទ។
លោកបានបន្តថា គម្រោងនេះ ត្រូវអនុវត្តន៍ក្នុងរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២៦ តទៅ ដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ១០០លានដុល្លារអាមេរិក ក្រោមការគ្រប់គ្រង និងអនុវត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយក្រសួងនិងស្ថាប័នរដ្ឋមួយចំនួនទៀត។
លោកបានលើកឡើងទៀតថា គម្រោងនេះនឹងគ្រោងអនុវត្តនៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ រួមមានខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដោយផ្តោតលើកសិផលដែលមានតម្លៃខ្ពស់មួយចំនួនដូចជា អង្ករក្រអូប ស្វាយ មៀនប៉ៃលិន ស្វាយចន្ទី និងជលផលជាដើម ដើម្បីឱ្យស្របនឹងគោលការណ៍របស់ Rice-Fish Economic corridorផងដែរ។
កាលពីថ្ងៃចន្ទ ក្នុងពិធីទិវាមច្ឆជាតិ” លើកទី១៩ ដែលបានរៀបចំឡើងនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាធ្វើទំនើបកម្មវិស័យកសិកម្ម ដោយសារវាមានសារៈសំខាន់ក្នុងការធានាសន្តិសុខស្បៀង និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា ដើម្បីលើកស្ទួយវិស័យនេះ ទាមទារឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ការស្រាវជ្រាវ និងការអភិវឌ្ឍនៃយន្តការ ក៏ដូចជាការបង្កើនសមត្ថភាពប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កើនផលិតភាព និងពិពិធកម្មដំណាំ និងទីផ្សារដែលមានសក្តានុពល។
លោកបានបន្ថែមថា៖ «វិស័យកសិកម្មសព្វថ្ងៃខុសពី ៣០ ឬ ៤០ ឆ្នាំមុន ដោយសារបច្ចុប្បន្នកម្លាំងពលកម្មសម្រាប់កសិកម្មបានធ្លាក់ចុះមកនៅត្រឹម ៣៦ ភាគរយដោយសារពួកគេភាគច្រើនងាកមកធ្វើការក្នុងវិស័យឧស្សាហកម្ម។ ខណៈដែលចំនួនប្រជាជនកើនឡើងមានអ្នកហូបច្រើន អ្នកផលិតថយ។ នោះជាស្ថានភាពនៅពេលនេះ ហើយនោះហើយជាមូលហេតុដែលយើងត្រូវតែដាក់គោលនយោបាយគ្រប់គ្រាន់ដើម្បីជំរុញឲ្យមានទំនើបកម្មក្នុងវិស័យកសិកម្ម»។
លោកបានបញ្ជាក់ទៀតថា ក្រសួងកសិកម្មបាននឹងកំពុងរៀបចំសហគមន៍កសិកម្មទំនើបនៅតាមខេត្ត ដើម្បីរួមគ្នាថែរក្សា អភិវឌ្ឍ និងបង្កើនប្រាក់ចំណូល។
គួរកត់សម្គាល់ថា កាលពីខែសីហា ឆ្នាំមុន រដ្ឋាភិបាលបានបម្រុងថវិការប្រមាណ ១០០លានដុល្លារសម្រាប់ជំរុញវិស័យកសិកម្មរបស់ប្រទេស។
លោកបានបន្តថា៖ «យើងបានត្រៀមថវិកា ១០០លានដុល្លារដើម្បីអន្តរាគមន៍លើផលិតផលកសិកម្មដូចជា ស្រូវ អង្ករ និងបន្លែ»។
លោកបណ្ឌិត ជ័យ តិច អ្នកជំនាញអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច បានប្រាប់កាសែតខ្មែរថាមស៍ថា កំណែទម្រង់វិវិស័យកសិកម្ម ក៏ដូចជាការពង្រាយមន្ត្រីកសិកម្មនៅគ្រប់ឃុំទូទាំងប្រទេស និងការបង្កើតសហគមន៍កសិកម្មទំនើប ពិតជាបានរួមចំណែកលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
លោកបានបន្ថែម“កសិកម្ម គឺជាវិស័យសំខាន់មួយក្នុងប្រទេសកម្ពុជា ក្នុងចំណោមវិស័យសំខាន់ៗចំនួនបី ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមមាន ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ ផ្អែកលើតួលេខសេដ្ឋកិច្ច យើងឃើញថាវិស័យកសិកម្មបានរួមចំណែកដល់ទៅ២២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា»។
លោកបានបន្តទៀតថា ក្រៅពីពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ និងពង្រីកសហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលត្រូវពង្រឹងជំនាញកសិកម្មបន្ថែមទៀតដល់កសិករ ជាពិសេសការធ្វើកសិកម្មបែបទំនើប ដើម្បីតាមទាន់បរិបទក្នុងតំបន់ និងពិភពលោក។
Credit to: Khmer Times, Published on 04 July 2024