កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC វគ្គទី២ នៃឆ្នាំ២០២៤
ខែកក្កដា 23, 2024ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្រោមការគាំទ្រពី គម្រោង Feed the Future Cambodia Harvest III របស់ USAID បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី២ នៃឆ្នាំ២០២៤ ស្តីអំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ដោយមានការចូលរួមពី លោក NimishJhaveri ប្រធានគម្រោងហាវែស III លោក ស គីណាល់ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក ណូ លីដា អគ្គនាយករង CGCC ព្រមទាំងវាគ្មិនកិត្តិយស និងសិក្ខាកាមចំនួន ៥១រូប ដែលជាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម នៅក្នុងវិស័យកសិកម្ម និងសហគមន៍កសិកម្ម ដែលមកពីរាជធានីភ្នំពេញ និងខេត្តក្រុងចំនួន ១២។
តាមរយៈ EPIC វគ្គទី២ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់អំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ដែលត្រូវបានចែករំលែកដោយ លោកស្រី ចៅ លន់មូលីការ នាយិកាប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Cambodian Standard Development & Supply Co., Ltd. និងជាក្រុមប្រឹក្សាភិបាលទទួលបន្ទុកគណៈកម្មការលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ YEAC។ លោកស្រីបានចែករំលែកនូវយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងបទពិសោធន៍ទទួលបានហិរញ្ញប្បទានផ្លូវការ រួមមាន ជំនួយហិរញ្ញវត្ថុ កម្ចីផ្លូវការ និងប្រភពទុនផ្សេងៗ ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប។ សិក្ខាកាមទាំងអស់ ក៏បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុម អំពីការគ្រប់គ្រងហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាពផងដែរ។
បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបានស្វែងយល់អំពីយន្តការធានាឥណទានរបស់ CGCC ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានចាំបាច់របស់អាជីវកម្ម ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល និងជាវិស័យស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈបទបង្ហាញរបស់ កញ្ញា ជុំ សិលារ័ត្ន ប្រធានការិយាល័យអភិវឌ្ឍន៍អាជីវកម្ម (ការធានាលើសញ្ញាប័ណ្ណ) នៃ CGCC។
ស្របជាមួយនឹងយន្តការធានាឥណទានរបស់ CGCC លោកស្រី ម៉ក់ ដាវី នាយិការងឥណទានអាជីវកម្មខ្នាតមធ្យម នៃធនាគារ ABA ក៏បានចែករំលែកអំពីការគាំទ្រលើលទ្ធភាពទទួលបានកម្ចីដែលមានការធានា និងនីតិវិធីនៃការអនុម័តកម្ចីរបស់ធនាគារ ABA ដល់សិក្ខាកាម ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីការទទួលបានហិរញ្ញប្បទានផ្លូវការពីធនាគារ និងបង្កើនចំណេះដឹងហិរញ្ញវត្ថុដល់ម្ចាស់អាជីវកម្មផងដែរ។
ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល នឹងនាំមកនូវប្រធានបទពាក់ព័ន្ធ ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕