ស្វែងយល់អំពីការធានាឥណទាន-កិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម FTB
ខែសីហា 18, 2024ស្វែងយល់ពីការធានាឥណទាន
១. តើធនាគារ FTB យល់ឃើញដូចម្តេច ចំពោះគម្រោងធានាឥណទាន? ហេតុអ្វីបានជាធនាគារ FTB ចូលរួមជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) មួយរបស់ CGCC
ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទីមួយដែលត្រូវបានបង្កើតឡើចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានចូលរួមក្នុងដំណើរអភិឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងទីផ្សារក្នុងស្រុកជាបន្តបន្ទាប់ ហើយជាពិសេសគឺការចូលរួមគាំទ្រអនុវត្តគម្រោងនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងសាជីវកម្មធានាឥណទានកម្ពុជា ជាគំនិតផ្តួចផ្តើមដ៏ល្អរបស់រាជរដ្ឋាភិបាលដែលផ្តោតការយកចិត្តទុកដាក់ជាពិសេសដល់ម្ចាស់អាជីវកម្ម ដែលអនុញ្ញាតឱ្យពួកគាត់មានលទ្ធភាពទទួលបានឥណទានបន្ថែមសម្រាប់អាជីវកម្ម ក្នុងលក្ខខណ្ឌដែលមិនមានទ្រព្យដាក់ធានាគ្រប់គ្រាន់ស្របតាមគោលការណ៍របស់ធនាគារ។
តាមរយៈគម្រោងសាជីវកម្មធានាឥណទានកម្ពុជា ធនាគារ FTB ទទួលបានឱកាសជាច្រើនដែលរួមមានជាអាទិ៍៖
- បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបន្តបញ្ចេញឥណទានដល់អតិថិជន ដែលមិនមានទ្រព្យដាក់ធានាគ្រប់គ្រាន់ ប៉ុន្តែមានតម្រូវការវិនិយោគ និងមានផែនការអាជីវកម្មច្បាស់លាស់។
- ជួយបង្កើត និងបង្កើនឱកាសការងារ សម្រាប់ប្រជាពលរដ្ឋទូទៅតាមរយៈការផ្តល់ឥណទានដល់ម្ចាស់សហគ្រាសតូច មធ្យម និងធំ ដើម្បីបង្កើនផលិតភាព និងបន្តពង្រីកអាជីវកម្មរបស់ខ្លួន។
- បង្កើតឱកាសអាជីវកម្មថ្មីសម្រាប់ធនាគារ និងអតិថិជនគោលដៅក្នុងការធ្វើឱ្យមានកំណើនឥណទានស្របតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន។
២. គម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ចំពោះធនាគារ និងអតិថិជនរបស់ ធនាគារ FTB យ៉ាងដូចម្តេចខ្លះ?
គម្រោងសាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់អត្ថប្រយោជន៍ចំពោះធនាគារ ក៏ដូចជាអតិថិជនមានដូចខាងក្រោម៖
ផ្តល់អត្ថប្រយោជន៍ចំពោះធនាគារ៖
- ឱកាសថ្មីក្នុងការផ្តល់ឥណទានដល់អតិថិជនដែលមានតម្រូវការបន្ថែម ប៉ុន្តែមិនមានទ្រព្យធានាគ្រប់គ្រាន់ ម្យ៉ាងទៀតក៏ជាការវិវឌ្ឍន៍ថ្មីមួយជំហ៊ានទៀតនៅក្នុងវិស័យ ធនាគារ ដែលធ្លាប់តែបានផ្តល់ឥណទានដែលទ្រព្យធានាជាអចលនទ្រព្យ និងចលនទ្រព្យ មកជាការផ្តល់ឥណទានដែលមានការធានាដោយស្ថាប័នដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល។
- ឱកាសក្នុងការរក្សាអតិថិជនចាស់ ក៏ដូចជាឱកាសក្នុងការទាក់ទាញអតិថិជន ថ្មីឱ្យមកប្រើប្រាស់សេវាកម្មរបស់ធនាគារ FTB តាមរយៈការផ្តល់ឥណទានដែលមានភាពបត់បែនស្របតាមតម្រូវការ និងផែនការវិនិយោគរបស់អតិថិជន។
- ការពារ និងកាត់បន្ថយកំរិតហានិភ័យឥណទាន តាមរយៈទទួលបានការធានាឥណទានរហូតដល់៨០% នៃទំហំឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា។
ផ្តល់អត្ថប្រយោជន៍ចំពោះអតិថិជន៖
- អតិថិជនដែលមានសក្តានុពលអាចមានលទ្ធភាពទទួលឥណទានបន្ថែមពីស្ថាប័នហិរញ្ញវត្ថុដែលមានការអនុញ្ញាតត្រឹមត្រូវពីធនាគារជាតិ នៃកម្ពុជា ទោះបីជាមិនមានទ្រព្យដាក់ធានាគ្រប់គ្រាន់។
- ទទួលបានការប្រឹក្សាយោបល់ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយពីមន្ត្រីដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ។
- មានលទ្ធភាពពង្រីកអាជីវកម្មតាមផែនការដែលបានកំណត់របស់ខ្លួន។
៣. តើកន្លងមក ធនាគារ FTB បានប្រើប្រាស់ការធានាឥណទាន ដើម្បីផ្តល់កម្ចីប្រភេទណាខ្លះ ជូនដល់អតិថិជន?
ចាប់តាំងពីចូលរួមជាមួយសាជីវកម្មធានាឥណទានកម្ពុជា ធនាគារ FTB បានអនុវត្តន៍យ៉ាងសកម្មក្នុងការផ្តល់ឥណទានគ្រប់ប្រភេទជូនដល់អតិថិជនដូចជា ឥណទានមានកាលកំណត់ (Business Term Loan) ឥណទានវិបារូបន៍ (Overdraft) និងឥណទានសម្រាប់ប្រើប្រាស់ជាទុនបង្វិល (Revolving Loan)
ដែលគាំទ្រនូវគ្រប់គម្រោងរបស់សាជីវកម្មធានាឥណទានកម្ពុជាដូចខាងក្រោម៖
- គម្រោងធានាឥណទានសម្រាប់ការនាំចេញស្រូវ-អង្ករ
- គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី
- គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម
- គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍
៤. តើម្ចាស់អាជីវកម្ម គួររៀបចំខ្លួនយ៉ាងដូចម្តេច ដើម្បីទទួលបានកម្ចីដែលមានការធានាពីធនាគារ?
ដើម្បីទទួលបានឥណទានដែលមានការធានាពីធនាគារ FTB ម្ចាស់អាជីវកម្មគ្រប់ប្រភេទត្រូវមានលក្ខណៈសម្បត្តិចំបងៗមួយចំនួន ដូចខាងក្រោម៖
- ជាអាជីវកម្មដែលមានម្ចាស់ភាគហ៊ុនសញ្ជាតិខ្មែរ (មានភាគហ៊ុនលើសពី៥០%) មានដើមទុនចូលរួមគ្រប់គ្រាន់ក្នុងគម្រោងវិនិយោគ និងមានគោលបំណងប្រើប្រាស់ឥណទានសមស្របតាមលក្ខខណ្ឌតម្រូវរបស់ សាជីវកម្មធានាឥណទានកម្ពុជា។
- ជាអាជីវកម្មដែលបានចុះបញ្ជីត្រឹមត្រូវជាមួយអាជ្ញាធរពាក់ព័ន្ធ។
- ចំពោះអាជីវកម្មដែលមិនបានចុះបញ្ជី ត្រូវធ្វើការចុះបញ្ជីជាមួយអាជ្ញាធរពាក់ពន័្ធបន្ទាប់ពីទទួលបានឥណទាន។
- អាជីវកម្មដែលមានប្រាក់ចំណូលគ្រប់គ្រាន់ ហើយដែលមានលទ្ធភាពអាចបង់សងមកធនាគារវិញបាន។
៥. តើធនាគារ មានយុទ្ធសាស្រ្ត ឬផែនការដូចម្តេច ដើម្បីបន្តបង្កើនការបញ្ចេញកម្ចីដែលការធានាក្នុងឆ្នាំ២០២៤ នេះ?
ស្របតាមផែនការយុទ្ធសាស្ត្រ ធនាគារ FTB នៅតែបន្តការបញ្ចេញឥណទានដែលមានការធានា តាមរយៈសកម្មភាពសំខាន់ៗមួយចំនួនដូចខាងក្រោម៖
- បន្តធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅដល់អតិថិជនគោលដៅចាស់ និងថ្មី ដែលមានសក្តានុពល និងមានគោលបំណងច្បាស់លាស់ក្នុងការពង្រីកអាជីវកម្ម។
- មានផែនការជាក់លាក់ប្រចាំឆ្នាំ ក្នុងការបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់ទាំងអស់អំពីនីតិវិធី និងការអនុវត្តគម្រោងដើម្បីឱ្យមានការយល់ដឹងច្បាស់ និងមានភាពលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់ប្រឹក្សាយោបល់គ្រប់ជ្រុងជ្រោយជូនអតិថិជន។
- បន្តធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បី សម្រួលនីតិវិធីក្នុងការទទួលបានឥណទានដែលមានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា ឱ្យមានភាពងាយស្រួលនិងឆាប់រហ័ស៕
អាននិងទាញយកជា PDF: ស្វែងយល់អំពីការធានាឥណទាន-កិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)