ការស្វែងយល់អំពីជម្រើសហិរញ្ញប្បទានសម្រាប់អាជីវកម្ម
ខែសីហា 18, 2024ស្វែងយល់ពីការធានាឥណទាន
តើអ្នកមានជម្រើសអ្វីខ្លះក្នុងការកៀរគរទុនសម្រាប់អាជីវកម្ម? ការជ្រើសរើសជម្រើសហិរញ្ញប្បទានដែលត្រឹមត្រូវ គឺជាគន្លឹះមួយក្នុងការទទួលបានជោគជ័យក្នុងអាជីវកម្ម។ មិនថាការខ្ចីពីសមាជិកគ្រួសារ ឬការកៀរគរទុនជាសាធារណៈ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) ជម្រើសហិរញ្ញប្បទាននីមួយៗ មានលក្ខណៈសម្បត្តិខុសគ្នា ដែលឆ្លើយតបទៅតាមតម្រូវការអាជីវកម្ម ក្នុងកាលៈទេសៈជាក់ស្តែងណាមួយ។ ការស្វែងយល់អំពីជម្រើសហិរញ្ញប្បទាន គឺជាយុទ្ធសាស្ត្រ ក្នុងការកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុឱ្យបានរឹងមាំ និងមានចីរភាពសម្រាប់អាជីវកម្ម។
១. ហិរញ្ញប្បទានបំណុល
ហិរញ្ញប្បទានបំណុល គឺជាវិធីសាស្ត្រក្នុងការកៀរគរទុន តាមរយៈការខ្ចីពីក្រុមគ្រួសារ, មិត្តភក្តិ, ស្ថាប័នហិរញ្ញវត្ថុ, ឬវិនិយោគិន។ អ្នកខ្ចីត្រូវសងត្រឡប់ទៅអ្នកផ្តល់កម្ចីនូវប្រាក់ដើម បូកនឹងការប្រាក់នៅក្នុងអំឡុងពេលនៃកម្ចី។ ហិរញ្ញប្បទានបំណុល គឺជាវិធីសាស្ត្រដ៏សាមញ្ញមួយក្នុងការកៀរគរទុនសម្រាប់អាជីវកម្មទូទៅ។
កម្ចីពីក្រុមគ្រួសារ និងមិត្តភក្តិ គឺជាវិធីសាស្ត្រដែលទាក់ទាញសម្រាប់អាជីវកម្មទើបចាប់ផ្តើមដំបូងនិងអាជីវកម្មខ្នាតតូច។ កម្ចីប្រភេទនេះនិងកម្ចីផ្សេងទៀតពីស្ថាប័នផ្តល់កម្ចីដែលមិនមានអាជ្ញាប័ណ្ណ មិនមានការគ្រប់គ្រងនិងមិនមានការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ គឺជាកម្ចីក្រៅផ្លូវការ។ ជាធម្មតា កម្ចីក្រៅផ្លូវការមិនតម្រូវឱ្យអ្នកខ្ចីមានប្រវត្តិអាជីវកម្មច្បាស់លាស់, ព្រមទាំងមានលក្ខខណ្ឌធូររលុង, ឯកសារតម្រូវតិចតួច, និងអាចទទួលបានកម្ចីឆាប់រហ័ស។ ប៉ុន្តែ កម្ចីក្រៅផ្លូវការមានគុណវិបត្តិជាច្រើន។ ជាក់ស្តែង លទ្ធភាពសងរបស់អ្នកខ្ចីមិនត្រូវបានវាយតម្លៃឱ្យបានស៊ីជម្រៅនិងល្អិតល្អន់នោះទេ ដែលជាហេតុបណ្តាលឱ្យអ្នកខ្ចី អាចបាត់បង់លទ្ធភាពសងនៅពេលក្រោយ និងប្រឈមបំណុលវ័ណ្ឌកធ្ងន់ធ្ងរ។ លើសពីនេះ កម្ចីក្រៅផ្លូវការមិនមានស្តង់ដារនៃការរៀបចំឥណទានឡើងវិញដើម្បីសម្រួលអ្នកខ្ចីក្នុងពេលជួបការលំបាកផ្នែកហិរញ្ញវត្ថុនោះទេ។ ការទាមទារបំណុលត្រឡប់មកវិញពីអ្នកខ្ចី ក៏មិនមាននីតិវិធីស្តង់ដារត្រឹមត្រូវ ដែលអាចបណ្តលឱ្យខូចទំនាក់ទំនងរវាងអ្នកខ្ចី និងអ្នកផ្តល់កម្ចី។ ដូច្នេះ មុននឹងសម្រេចជ្រើសរើសហិរញ្ញប្បទានប្រភេទនេះ ម្ចាស់អាជីវកម្មត្រូវគិតគូរឱ្យបានល្អិតល្អន់អំពីហានិភ័យទាំងនេះ។
ជម្រើសហិរញ្ញប្បទានបំណុលមួយទៀត គឺកម្ចីតាមរយៈធនាគារ។ ការស្វែងយល់ និងការបំពេញបានតាមលក្ខខណ្ឌនៃ 5Cs (លក្ខណៈសម្បត្តិ, ដើមទុន, ទ្រព្យធានា, សមត្ថភាព, និងលក្ខខណ្ឌ) គឺជាកត្តាសំខាន់ក្នុងការទទួលបានកម្ចីផ្លូវការពីធនាគារ។ កម្ចីផ្លូវការតាមរយៈធនាគារ ត្រូវបានគ្រប់គ្រងនិងត្រួតពិនិត្យយ៉ាងដិតដល់ ស្របតាមច្បាប់និងបទប្បញ្ញត្តិក្នុងវិស័យធនាគារ ដែលត្រូវបានរៀបចំឡើង ដើម្បីការពារអតិថិជន និងរក្សាស្ថិរភាពក្នុងវិស័យធនាគារ។ CGCC គាំទ្រក្រុមហ៊ុនអាជីវកម្ម ដើម្បីទទួលបានកម្ចីផ្លូវការពីធនាគារ តាមរយៈការធានាឥណទានដែលអាចដើរតួជាទ្រព្យធានារបស់អ្នកខ្ចី។
បន្ទាប់ពីដំណើរការប្រកបដោយជោគជ័យ និងមានស្ថិរភាព (ជាធម្មតាក្រោយរយៈពេល ៣ឆ្នាំ ឬលើសពីនេះ) ក្រុមហ៊ុនអាជីវកម្មអាចពិចារណាកៀរគរទុនតាមរយៈការបោះផ្សាយមូលបត្របំណុល ឬសញ្ញាប័ណ្ណ។ សញ្ញាប័ណ្ណគឺជាឧបករណ៍បំណុលដែលអាចជំនួសកម្ចីធនាគារ។ អ្នកផ្តល់កម្ចី ផ្តល់កម្ចីដល់អ្នកខ្ចី តាមរយៈការទិញមូលបត្របំណុលដែលបោះផ្សាយដោយអ្នកខ្ចី ដែលសន្យាទូទាត់ប្រាក់ដើម បូកនឹងការប្រាក់ដល់អ្នកផ្តល់កម្ចី ក្នុងអំឡុងពេលកាលវសាននៃសញ្ញាប័ណ្ណ។ សញ្ញាប័ណ្ណមានភាពបត់បែនជាងកម្ចីធនាគារ ទៅលើទំហំកម្ចី, កាលវសាន, និងការបង់ការប្រាក់ជាដើម។ ការប្រៀបធៀបរវាងកម្ចីធនាគារនិងសញ្ញាប័ណ្ណ ត្រូវបានពន្យល់នៅក្នុងព្រឹត្តិប័ត្រព័ត៌មានលេខ៩ របស់ CGCC។ CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណកាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីគាំទ្រក្រុមហ៊ុនអាជីវកម្មក្នុងការបោះផ្សាយសញ្ញាប័ណ្ណនៅកម្ពុជា។
២. ហិរញ្ញប្បទានភាគហ៊ុនកម្មសិទ្ធិ
ហិរញ្ញប្បទានភាគហ៊ុនកម្មសិទ្ធិ គឺជាវិធីសាស្ត្រនៃការកៀរគរទុន តាមរយៈការលក់ចំណែកនៃកម្មសិទ្ធិអាជីវកម្មទៅឱ្យវិនិយោគិន។ នៅពេលវិនិយោគិនវិនិយោគលើភាគហ៊ុនកម្មសិទ្ធិ វិនិយោគិននឹងក្លាយជាម្ចាស់ភាគហ៊ុននៃអាជីវកម្ម ហើយអាចនឹងមានឥទ្ធិពលលើការសម្រេចចិត្តសំខាន់ៗក្នុងអាជីវកម្ម។ ខណៈដែលវិនិយោគិនលើភាគហ៊ុនកម្មសិទ្ធិ មិនមានសិទ្ធទទួលបានការប្រាក់ថេរពីការវិនិយោគលើភាគហ៊ុនកម្មសិទ្ធិ ពួកគេមានសិទ្ធិក្នុងការទទួលបានការចែករំលែកប្រាក់ចំណេញ និងការខាតបង់ជាក់ស្តែងរបស់អាជីវកម្ម។ ហិរញ្ញប្បទានភាគហ៊ុនកម្មសិទ្ធិ អាចត្រូវបានកៀរគរ តាមរយៈការលក់ភាគហ៊ុនជាលក្ខណៈឯកជនទៅកាន់វិនិយោគិនជាបុគ្គល (Angel Investor) និងវិនិយោគិនស្ថាប័ន (Venture Capital) ឬការលក់ភាគហ៊ុនជាសាធារណៈ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)។
Angel Investment គឺជាការវិនិយោគរបស់វិនិយោគិនដែលជាបុគ្គលមានបទពិសោធអាជីវកម្ម និងមានទ្រព្យសម្បត្តិច្រើន តាមរយៈការទិញភាគហ៊ុនរបស់ក្រុមហ៊ុនអាជីវកម្មទើបចាប់ផ្តើម ឬអាជីវកម្មខ្នាតតូចដែលពួកគេយល់ថាមានសក្តានុពលក្នុងការរីកចម្រើន និងទទួលបានប្រាក់ចំណេញខ្ពស់នាពេលអនាគត។ ដើម្បីកៀរគរទុនពី Angel Investors ម្ចាស់អាជីវកម្មត្រូវមានផែនការ
អាជីវកម្មរឹងមាំ ដែលអាចទាក់ទាញ Angel Investor ឱ្យដាក់ទុនវិនិយោគលើអាជីវកម្ម។ ខុសគ្នាពី Angel Investor ដែលវិនិយោគដើមទុនផ្ទាល់ខ្លួនរបស់ពួកគេក្នុងអាជីវកម្មដែលពួកគេចាប់អារម្មណ៍, Venture Capital ប្រើប្រាស់មូលនិធិដែលមានមកពីការរួមបញ្ចូលគ្នារវាងវិនិយោគិនច្រើនរួមគ្នា ដើម្បីវិនិយោគលើអាជីវកម្មដែលមានសក្តានុពល។ Venture Capital ធ្វើការសិក្សាល្អិតល្អន់និងស៊ីជម្រៅជាង Angel Investor មុននឹងសម្រេចចិត្តវិនិយោគលើអាជីវកម្មណាមួយ និងអាចផ្តល់ជំនួយបច្ចេកទេស ព្រមទាំងបទពិសោធន៏នៃការគ្រប់គ្រងអាជីវកម្ម ដើម្បីលើកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនៃអាជីវកម្មដែលពួកគេវិនិយោគ។
ជម្រើសមួយទៀតនៃការកៀរគរទុន គឺការបោះផ្សាយមូលបត្រកម្មសិទ្ធិជាលើកដំបូង (IPO) ដែលជាដំណើរការនៃការលក់ភាគហ៊ុនរបស់ក្រុមហ៊ុនទៅឱ្យវិនិយោគិនជាសាធារណៈជាលើកដំបូង។ ដោយសារដើមទុនត្រូវបានកៀរគរពីសាធារណជន ក្រុមហ៊ុនបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ ត្រូវឆ្លងកាត់ការត្រួតពិនិត្យការតម្រូវតាមច្បាប់ និងបំពេញតាមលក្ខខណ្ឌនៃការបង្ហាញព័ត៌មានដ៏តឹងរឹង។ ដូច្នេះ IPO អាចលើកកម្ពស់កេរ្តិ៍ឈ្មោះ គណនេយ្យភាព និងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់ក្រុមហ៊ុននាពេលអនាគត។ ដំណើរការនៃការធ្វើ IPO ត្រូវបានគ្រប់គ្រងនិងត្រួតពិនិត្យ ដោយនិយ័តករមូលបត្រកម្ពុជា។
អាននិងទាញយកអត្ថបទជា PDF: ការស្វែងយល់អំពីជម្រើសហិរញ្ញប្បទានសម្រាប់អាជីវកម្ម