អគ្គនាយកចប់អាណត្តិលើកឡើងពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់របស់សាជីវកម្មធានាឥណទានកម្ពុជា

ដោយចាប់ផ្តើមជាស្ថាប័នរដ្ឋាភិបាលជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងអំឡុងជំងឺរាតត្បាត សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រែក្លាយពីការធានាឥណទានទៅជាហិរញ្ញប្បទានបៃតង និងការធានាសញ្ញាប័ណ្ណក្រោមការដឹកនាំរបស់លោកអគ្គនាយក Wong Keet Loong ។ លោកបានបំពេញការងារជាមួយ CGCC ចាប់តាំងពីក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងខែតុលាឆ្នាំ២០២០។ បច្ចុប្បន្ននេះ CGCC បានធានាឥណទានចំនួន២៣០ លានដុល្លារក្នុងការធានាដល់២.៨០០ ក្រុមហ៊ុន/អាជីវកម្ម ។ ពិតណាស់ លោក Wong មិនមែនជាអ្នកចំណូលថ្មីសម្រាប់ពិភពឥណទានទេ លោកធ្លាប់មានបទពិសោធន៍ធ្វើការឱ្យសាជីវកម្មធានាឥណទាន (CGC) នៃប្រទេសម៉ាឡេស៊ី។ ជាមួយនឹងបទពិសោធន៍ ២៥ ឆ្នាំក្នុងវិស័យធនាគារ លោកគឺជាអ្នកជំនាញអន្តរជាតិផ្នែកហិរញ្ញវត្ថុនៅប្រទេសមួយចំនួនដូចជា ស្រីលង្កា ហ្ស៊ីមបាវ៉េ ក្នុងចំណោមប្រទេសដទៃទៀត។ យោងតាមគណនីធម្មនុញ្ញដែលមានការបញ្ជាក់ លោក Wong ជាសមាជិកនៃសមាគមគណនេយ្យករដែលមានវិញ្ញាបនបត្រ (ACCA) តាំងពីឆ្នាំ១៩៩៤ ។

សព្វថ្ងៃនេះ CGCC ​បាន​ក្លាយ​ជា​ស្ថាប័នដ៏​សំខាន់​សម្រាប់កម្ពុជា។ ចាប់ផ្តើមនៅអំឡុងពេលមានជំងឺCovid-19 CGCC បានផ្តល់ការការពារសុវត្ថិភាពសម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាច្រើនក្នុងការបន្តផ្តល់ប្រាក់កម្ចីដល់សេដ្ឋកិច្ចនៃប្រទេស។

កន្លងមក លោក Wong បានធ្វើការជាមួយសាជីវកម្មធានាឥណទាននៃប្រទេសម៉ាឡេស៊ីជាមួយក្រុមស្ថាបនិកនៃ CGCC ដើម្បីបង្កើតសហគ្រាសពីដំណាក់កាលដំបូង។ ក្នុងនាមជាអគ្គនាយកដំបូងរបស់ CGCC លោក Wong បានបន្សល់ទុកនូវកេរ្តិ៍ដំណែលសម្រាប់ឧស្សាហកម្មនេះ។ មន្ត្រី​ក្រសួង​ដែល​បាន​និយាយ​ជាមួយកាសែត​ខ្មែរថាមស៍​បាន​សាទរ​ចំពោះ​​ការ​ដឹកនាំរបស់លោកនៅ CGCC ក្នុងពេលកន្លងមក។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយខ្មែរថាមស៍ លោក Wong បាននិយាយថា លោកក៏ទទួលបានការណែនាំពីលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន CGCC និងដផ្សេងទៀតដើម្បីជួយលោកក្នុងការបំពេញតួនាទីថ្មី។

CGCC បានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២០ ក្រោមកម្រិតគោលនយោបាយ ហើយលោក Wong បានចាប់ផ្តើមតួនាទីជាផ្លូវការក្នុងខែតុលា ឆ្នាំ២០២០។ ក្នុងរយៈពេល៩ខែបន្ទាប់ មន្ត្រីក្រសួងបានកំណត់អំពីការបង្កើតក្របខ័ណ្ឌគោលនយោបាយ និងគោលការណ៍ណែនាំសម្រាប់ប្រតិបត្តិការ។ “ត្រឹមខែមីនា ឆ្នាំ២០២១ យើងបានចាប់ផ្តើមគម្រោងធានាឥណទានដំបូងរបស់យើង”។

លោកបានអោយដឹងទៀតថា “នៅពេលយើងចាប់ផ្តើម ចក្ខុវិស័យរបស់យើងគឺច្បាស់លាស់៖ ដើម្បីបង្កើតស្ថាប័នធានាឥណទានដំបូងគេនៅកម្ពុជា។ ខ្ញុំមានមោទនភាពក្នុងការនិយាយថា យើងបានប្រែក្លាយចក្ខុវិស័យនោះឱ្យក្លាយជាការពិត ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ទិដ្ឋភាពហិរញ្ញវត្ថុ ដែលនឹងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេស។ CGCC ត្រូវបានបញ្ចូលនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយយើងបានចាប់ផ្តើមប្រតិបត្តិការបន្ទាប់ពី៤ខែ​ដែល​យើង​បាន​ដាក់​ដំណើរការ​គម្រោង​ធានា​ឥណទានដើម្បីស្ដារ​អាជីវកម្ម​ដំបូង​របស់​យើង (BRGS)។

លោកបានបន្ថែមថា ខណៈដែលឆ្នាំ២០២១ មានសន្ទុះយឺតនៅពេលដែល CGCC បានព្យាយាមផ្តល់លារយល់ដឹងដល់អ្នកទីផ្សារអំពីតម្រូវការសម្រាប់ការធានាឥណទាន នៅឆ្នាំ២០២២ ល្បឿននៃការធានាឥណទានបានកើនឡើង។ “នៅក្នុងឆ្នាំ២០២១ យើងបានធានាឥណទានចំនួន ២១,៣ លានដុល្លារសម្រាប់ ១៩៤ គណនី។ នៅឆ្នាំ២០២២ យើងធានាឥណទានដែលមានទំហំទឹកប្រាក់ដល់ ៧១,៤ លានដុល្លារជូនដល់ ៧៩១អាជីវកម្ម”។ “យើងបានរក្សាល្បឿននេះនៅឆ្នាំ២០២៣ និងធានាឥណទានចំនួន ៧២ លានដុល្លារសម្រាប់ ៩៤៣គណនី។” សរុបមក CGCC បានធានាឥណទានចំនួន ១៦៤ លានដុល្លារដល់ ១.៩២៨សហគ្រាសខ្នាតតូច និងមធ្យម គិតត្រឹមខែមិថុនា ឆ្នាំ២០២៤។

លោកបានបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់ CGCC មកទល់បច្ចុប្បន្នបាននាំឱ្យមានការធានាចំនួន ២.៨០០ដល់សហគ្រាស/អាជីវកម្ម ដែលស្មើនឹងទឹកប្រាក់ចំនួន ២៣០ លានដុល្លារនៅទូទាំងខេត្តទាំងអស់។ “យន្តការធានាឥណទានគឺត្រូវការជាចាំបាច់នៅក្នុងប្រទេស។ សព្វថ្ងៃនេះ នៅពេលដែលយើងឈានចូលដល់ឆ្នាំទីបួននៃប្រតិបត្តិការរបស់យើង CGCC បានក្លាយជាមធ្យោបាយផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម។

លោកបានលើកឡើងទៀតថា នៅកម្ពុជា សហគ្រាសធុនតូច និងមធ្យមតំណាងឱ្យ ៧០ ភាគរយនៃឱកាសការងារ និងរួមចំណែក៥៨ ភាគរយដល់ផលិតផលសរុបរបស់ប្រទេស។ សហគ្រាសធុនតូច និងមធ្យមមកពីវិស័យចម្រុះដូចជា កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ប៉ុន្តែ រដ្ឋាភិបាល​បាន​កត់​សម្គាល់​ថា មាន​គម្លាត​ឥណទាន។ មនុស្សជាច្រើនមិនអាចទទួលបានឥណទានពីធនាគារទេ ដូច្នេះរដ្ឋាភិបាលបានដោះស្រាយបញ្ហានេះដោយបានបង្កើត CGCC ។

ឧបសគ្គទូទៅមួយចំនួនដែលសហគ្រាសធុនតូច និងមធ្យមប្រឈមក្នុងការទទួលបានឥណទាន គឺការខ្វះខាតកំណត់ត្រាហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន ដូចជាពិន្ទុឥណទាន និងវត្ថុបញ្ចាំជាដើម។ “ពួកគេក៏រងផលប៉ះពាល់ផងដោយកង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងគំរូអភិបាលកិច្ចសាជីវកម្មល្អ។ ប៉ុន្តែជាមួយនឹងការគាំទ្ររបស់ CGCC សហគ្រាសធុនតូច និងមធ្យមអាចទទួលបានឥណទានដែលដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ឬទទួលបានដើមទុនសម្រាប់ការបណ្តាក់ទុនថ្មីៗ។

បើក្រឡេកមើលផលប័ត្រនៃអាជីវកម្មដែល CGCC ធានាមានខ្ពស់រហូតដល់ ៥០ ភាគរយគឺជាសហគ្រាសធុនតូច និងមធ្យមក្នុងសេវាកម្ម និងពាណិជ្ជកម្ម ៣ ភាគរយពីវិស័យកសិកម្ម ៧ ភាគរយពីឧស្សាហកម្មជាមួយសហគ្រាសធុនតូច និងមធ្យមផ្សេងទៀតដែលបង្កើតបាន៤០ ភាគរយ។

CGCC ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារផងដែរ។ នៅឆ្នាំ២០២១ CGCC បានបង្កើតការងារចំនួន ៤.៦៧១កន្លែង ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។ ចំនួននេះបានកើនឡើងបួនដងក្នុងឆ្នាំ២០២២ ដល់ ១៩.៩២១កន្លែ ហើយនៅឆ្នាំ ២០២៣ បានកើនឡើង៤០ ភាគរយដល់ ២៨.១៤៨ កន្លែង។ លោក Wong បានបន្តថា “សរុបមក CGCC បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតការងារជាង ៥២.៧៤០កន្លែងនៅក្នុងប្រទេសកម្ពុជា” ។

នៅឆ្នាំនេះ CGCC ក៏បានចាប់ផ្តើម “គំនិតផ្តួចផ្តើមកម្មវិធីសហគ្រិន” ដើម្បីលើកកម្ពស់ភាពជាសហគ្រិន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមម្ចាស់សហគ្រាសធុនតូច និងមធ្យម។ នៅឆ្នាំ២០២៣ យើងសម្រេចបានសមិទ្ធផលមួយទៀត ដោយក្លាយជាស្ថាប័នធានាសញ្ញាប័ណ្ណដំបូងគេនៅកម្ពុជា។ កាលពីដើមខែនេះ CGCC បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយនិយតករមូលបត្រកម្ពុជា (SERC) ដើម្បីគាំទ្រទីផ្សារមូលបត្រកម្ពុជា តាមរយៈការធ្វើពិពិធកម្មសេវាកម្មធានាឥណទាន និងការធានាលើសញ្ញាប័ណ្ណ។ ជាមួយគ្នានេះ CGCC ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីខែមុនជាមួយក្រុមហ៊ុន GuarantCo ដើម្បីផ្តល់ការធានាសម្រាប់មូលបត្របំណុលក្នុងស្រុក ដែលជាក្រុមហ៊ុនធានាអន្តរជាតិដែលផ្តល់មូលនិធិដោយបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនដូចជា ចក្រភពអង់គ្លេស ហូឡង់ និងស្វីស ដើម្បីផ្តល់សមត្ថភាពធានាបន្ថែម និងជំនួយបច្ចេកទេសដល់ CGCC ។

លោកបានលើកឡើងទៀតថា “ពួកយើងនឹងផ្តល់ការធានាដល់វិនិយោគិនស្ថាប័ន និងសាធារណៈជន ដោយសារ CGCC បានទទួលចំណាត់ថ្នាក់ឥណទានក្នុងស្រុករបស់ khAAA ។ វាក៏នឹងជាការធានាដល់វិនិយោគិនថា ដៃគូរបស់យើង GuarantCo គឺជាអង្គភាពវាយតម្លៃបច្ចេកវិទ្យាហិរញ្ញវត្ថុ “ស្ថិរភាព” និងមានកម្រិត “AA” ។

“សមិទ្ធិផលនេះបង្ហាញពីការគាំទ្ររបស់យើងចំពោះគ្រប់ផ្នែកនៃសហគ្រាសធុនតូច និងមធ្យម តាមរយៈការបង្កើនមូលបត្របំណុលដែលធានាដោយ CGCC”។

លោកបានបញ្ជាក់ទៀតថា “ចក្ខុវិស័យរបស់យើងត្រូវបានពង្រីក ហើយយើងក៏បានបង្កើតកន្លែងផ្តល់ហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព និងគម្រោងការធានាសញ្ញាប័ណ្ណនេះ ដែលយើងសង្ឃឹមថាយើងនឹងមានដៃគូល្អជាមួយ SERC, CSX និង GuarantCo”។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន CGCC បានមានប្រសាសន៍ថា “ការធានារបស់ CGCC នឹងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត និងផលិតផលហិរញ្ញវត្ថុ ដែលនឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

លោក Wong បាននិយាយថា អស់រយៈពេលបួនឆ្នាំហើយចាប់តាំងពីខ្ញុំបានមកប្រទេសកម្ពុជាជាលើកដំបូងក្នុងអំឡុងពេលបិទខ្ទប់នៃជំងឺកូវីដ-១៩ ហើយត្រូវបំពេញការងារនៅក្រសួងនៅថ្ងៃទី១ ខែតុលាឆ្នាំ២០២០ ។ ខ្ញុំនៅតែចងចាំថ្ងៃនោះដែលមានភាពស្ងប់ស្ងាត់ និងមិនមានចរាចរណ៍ច្រើន។ វា​ជា​ដំណើរ​ដ៏​អស្ចារ្យ​មួយ​ជាមួយ​គ្នា ហើយ​វា​ជា​ដំណើរ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​!”។

នៅឆ្នាំ២០២០ CGCC បានចាប់ផ្តើមគម្រោងធានាឥណទានដើម្បីស្ដារអាជីវកម្ម (BRGS)ដំបូងរបស់ខ្លួន។ សព្វ​ថ្ងៃ​នេះ​វា​មាន​ច្រើន​ដូច​ជា​ការ​ធានា​ជា​បុគ្គល​ចំនួន​ប្រាំ​ដូច​ជា​គម្រោង​ធានា​សម្រាប់ៀសហគ្រិនស្ត្រី គម្រោងធានាសហហិរញ្ញប្បទាន ដើម្បីគាំទ្រដល់គម្រោងសហហិរញ្ញប្បទានរបស់ធនាគារ SME និងគម្រោងធានាជលផលក្រោយការប្រមូលផលនេសាទ។

“យើងក៏បានដាក់ឱ្យដំណើរការនូវគម្រោងធានាផលប័ត្រជាពិសេសសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និងជាពិសេសគម្រោងធានាការនាំចេញអង្ករដើម្បីគាំទ្រដល់ការនាំចេញអង្ករចំនួន១ លានតោនក្នុងឆ្នាំ២០២៥ ។ ការដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្នរបស់យើងនូវការផ្តល់ហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព (SGFF) ដើម្បីគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានបៃតងដែលមានគោលដៅលើកកម្ពស់បច្ចេកវិទ្យាបៃតងក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

គម្រោងការធានាទាំងនេះធ្វើឱ្យ CGCC ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អំណាចដល់សហគ្រិន និងការអភិវឌ្ឍវិស័យផ្សេងៗ។

លោកក៏បាននិយាយផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ CGCC បានបង្កើតភាពជាដៃគូរឹងមាំជាមួយស្ថាប័នហិរញ្ញវត្ថុចំនួន ២៧ ដោយសហការគ្នាដើម្បីបង្កើតប្រព័ន្ធអេកូដ៏រឹងមាំដែលគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមរបស់យើង។

លោកបានបន្តថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការជម្រាបជូនថា CGCC ទទួលបានសមិទ្ធផលហិរញ្ញវត្ថុដ៏ល្អជាមួយនឹងភាគហ៊ុនសរុបរបស់ខ្លួនបានកើនឡើងពី២០០ លានដុល្លារដល់ ២៣៥ លានដុល្លារជាមួយនឹងកំណើន ១៥ ភាគរយ។ ជាមួយនឹងការកើនឡើងនៃទុន វាបង្កើនសមត្ថភាពធានា និងនិរន្តរភាពរបស់យើង”។ “កំណើននេះគឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ និងការគាំទ្រឥតឈប់ឈរពីគ្រប់បុគ្គលិកនៃ CGCC និងក្រសួង/ស្ថាប័នពាក់ព័ន្ធ” ។

លោកបានបន្ថែមថា លោកសូមថ្លែងអំណរគុណចំពោះប្រធាន CGCC ក្រុមប្រឹក្សាភិបាល និងអ្នកពាក់ព័ន្ធ និងដៃគូទាំងអស់របស់យើងរួមមាន ធនាគារពិភពលោក ADB UNDP UNIDO ស្ថាប័នហិរញ្ញវត្ថុ និងសមាគមសហគ្រាសធុនតូច និងមធ្យម។ “វាជាកិត្តិយសដែលបានធ្វើការជាមួយនឹងដៃគូ និងអ្នកពាក់ព័ន្ធដែលចែករំលែកចក្ខុវិស័យរបស់យើងសម្រាប់ភាពរីកចម្រើននៃសេដ្ឋកិច្ច។ កិច្ចសហការ ការយល់ដឹង និងការគាំទ្រដែលមិនផ្លាស់ប្តូររបស់អ្នកគឺជាឆ្អឹងខ្នងនៃសមិទ្ធិផលរបស់ CGCC ។ ខ្ញុំសូមជំរុញឱ្យអ្នកទាំងអស់គ្នាបន្តដំណើរនេះជាមួយយើង ដើម្បីគាំទ្រ CGCC ក្នុងការផ្តល់អំណាចដល់សហគ្រាសធុនតូច និងមធ្យមកាន់តែច្រើន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា»។

លោកបន្ថែមថា No Lida នឹងចូលកាន់តំណែងជាអគ្គនាយកថ្មីរបស់ CGCC។ “ខ្ញុំសូមជូនពរឱ្យ CGCC បន្តទទួលបានជោគជ័យក្នុងតួនាទីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមរបស់យើង។ រួមគ្នា យើងអាចកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់សហគ្រិន និងសេដ្ឋកិច្ចរបស់យើង»។

 

Credit to: Khmer Times, Published on 30 September 2024