CGCC បានចូលរួមក្នុងកម្មវិធី ACSIC Training Program លើកទី៣២ ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

នៅថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូ CGCC ដឹកនាំដោយលោក ប៊ុត វ៉ាន់នី  ប្រធាននាយកដ្ឋាន ធនធានមនុស្ស និងរដ្ឋបាលនៃ CGCC បានចូលរួមកម្មវិធី Asian Credit Supplementation Institution Confederation (ACSIC) Training Program លើកទី៣២ ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលសហការរៀបចំដោយ សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC) និងសហព័ន្ធសាជីវកម្មធានាឥណទានជប៉ុន (JFG) ក្រោមប្រធានបទ “Unique Initiatives Based on Recent Economic Situations” និង “Pursuing Sustainability and Best Practices for SMEs through the Credit Supplementation System”។

កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានអញ្ជើញចូលរួមដោយប្រតិភូប្រមាណ​ ៤៣រូប មកពីស្ថាប័នដែលជាសមាជិក និងអ្នកសង្កេតការណ៍នៃ ACSIC (១៦ ស្ថាប័ន មកពី១៣ ប្រទេសផ្សេងគ្នា) រួមមានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឥណ្ឌា ជប៉ុន កូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាពួអាស៊ីនូវែលហ្គីណេ ហ្វីលីពីន ស្រីលង្កា តៃវ៉ាន់ និងថៃ។

កម្មវិធីបណ្តុះបណ្តាលនេះក៏បានផ្តល់ឱកាសដ៏ល្អសម្រាប់ប្រតិភូរបស់ CGCC ក្នុងការពង្រីកបណ្តាញជាមួយស្ថាប័នធានាឥណទានផ្សេងទៀតក្នុងការអភិវឌ្ឍបន្ថែមទៀតសម្រាប់ CGCC  លើសពីនេះទៀត ស្ថាប័នធានាឥណទាន មួយចំនួនក៏បានយល់ព្រមចែករំលែកព័ត៌មានផ្សេងៗរួមទាំងច្បាប់ និងបទប្បញ្ញត្តិរៀងៗខ្លួនមកកាន់ CGCC។ គណៈប្រតិភូរបស់ CGCC ក៏បានរៀនពីរបៀបនៃការរៀបចំកម្មវិធី ACSIC Training Program ដែលជាបទពិសោធន៍ដ៏មានប្រយោជន៍សម្រាប់ CGCC ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធី ACSIC Training Program នេះនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា ACSIC គឺជាសមាគមនៃស្ថាប័នធានាឥណទាន ឬស្ថាប័នមានតួនាទីប្រហាក់ប្រហែលនេះដ៏ធំជាងគេ នៅក្នុងតំបន់អាស៊ី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធធានាឥណទាន នៅក្នុងទ្វីបអាស៊ី​។