CGCC ចូលរួមក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៤

កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប  លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការ របស់ CGCC និងសហការី បានចូលរួមក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្តីអំពី “និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» ។

តាមរយៈសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤នេះ លោកស្រី លឹម ចាន់ធីតា បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប លើកិច្ចពិភាក្សា ក្រោមប្រធានបទ “កត្តាប្រឈម និងដំណោះស្រាយសំខាន់ៗក្នុងការពង្រឹងដំណោះស្រាយជាយុទ្ធសាស្រ្តដល់ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការធានាបាននូវភាពធន់នៃវិស័យ”​។ លោកស្រីបានលើកឡើងអំពីតួនាទីរបស់ CGCC និងការធានាឥណទាន ក្នុងការគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុ រួមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តាមរយៈការការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុដោយចែករំលែកហានិភ័យលើការផ្តល់កម្ចី ដែលអាចបង្កើនទំនុកចិត្តនិងឱកាសដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចពង្រីកលទ្ធភាពផ្តល់កម្ចីទៅដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលជាលទ្ធផល CGCC បានផ្តល់ការធានាលើកម្ចី ជូនដល់ភាគច្រើនបំផុតជា MSMEs រហូតដល់ជាង ៩០% នៃគណនីដែលមានការធានាសរុប។

សន្និសីទនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់សមាគមមីក្រូហិរញ្ញវត្ថុ ក្នុងការពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវ ស្របដោយគោលការណ៍អភិវឌ្ឍន៍សកល ព្រមទាំងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគម្រូសម្រាប់ហិរញ្ញប្បទាន ប្រកបដោយនិរន្តភាព។