CGCC សហការរៀបចំ “ពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធី Knowledge Sharing Program (KSP) ឆ្នាំ២០២៤/២០២៥

នារសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំ “ពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធី Knowledge Sharing Program (KSP) ឆ្នាំ២០២៤/២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម  Koh Seung Beom ប្រធានក្រុមប្រឹក្សាផ្នែកអប់រំហិរញ្ញវត្ថុ(Financial Education Council – FEC) នៃសាធារណរដ្ឋកូរ៉េ រួមទាំងវត្តមានគណប្រតិភូរបស់សាធារណរដ្ឋកូរ៉េ ថ្នាក់ដឹកនាំ និងបុគ្គលិក CGCC តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និងដៃគូអភិវឌ្ឍន៍សរុបប្រមាណជាង៥០រូប។

ពិធីសម្ភោធដាក់ឱ្យដំណើរការនេះ ត្រូវបានរៀបចំឡើងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ CGCC និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនដល់សាធារណជន និងដៃគូសហការរបស់ CGCC អំពីវឌ្ឍនភាព និងផែនការសកម្មភាពរបស់ CGCC សម្រាប់កម្មវិធី KSP ឆ្នាំ២០២៤/២០២៥នេះ។

CGCC ត្រូវបានជ្រើសរើសជាស្ថាប័នមួយរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីអនុវត្តគម្រោង KSP ឆ្នាំ ២០២៤/២០២៥ បន្ទាប់ពីមានការប្រគួតប្រជែងយ៉ាងស្វិតស្វាញជាមួយស្ថាប័ន​ និងប្រទេសជាច្រើនក្នុងពិភពលោក ដែលបានដាក់ស្នើសុំគម្រោងនេះ ជូនទៅរដ្ឋាភិបាលរបស់សាធារណរដ្ឋកូរ៉េ។ គម្រោង KSP នឹងផ្តោតទៅលើ (១) ការបង្កើនសមត្ថភាពវិភាគឥណទានសម្រាប់ប្រតិបត្តិការធានាឥណទាន (២) ការគ្រប់គ្រងហានិភ័យ និង (៣) ការបង្កើតគម្រោងធានាឥណទាន ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។