កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤
ខែធ្នូ 11, 2024ព្រឹត្តិការណ៍ និងសកម្មភាព
ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ ស្តីអំពី “ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)” ដែលមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមសរុបប្រមាណ៥០រូប ក្នុងនោះមាន ៦៥% ជាសហគ្រិនស្រ្តី និងរួមទាំងនិស្សិតប្រមាណ១០រូប នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។
កម្មវិធី EPIC វគ្គទី៣នៃឆ្នាំ ២០២៤នេះ ត្រូវបានចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាម គ្រូបណ្តុះបណ្តាល និងវាគ្មិនកិត្តិយសទាំងអស់ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រោមចូលរួមជាគណអធិបតីពីសំណាក់ លោកជំទាវ យូ បូរី អនុប្រធានសមាគមស្រ្តីកម្ពុជា, លោក ណូ លីដា អគ្គនាយក CGCC, លោកស្រី ហង់ ជួន ណារីតា នាយិកានាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្ម នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, លោក ពា វណ្ណឆាយ នាយកផ្នែកសហគ្រាសធុនតូចនិងមធ្យម នៃនាយកដ្ឋានធនាគារសាជីវកម្ម នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងគណៈគ្រប់គ្រង នៃCGCC និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
តាមរយៈ EPIC វគ្គទី៣ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់អំពី “ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)” ដែលត្រូវបានចែករំលែកដោយ លោកស្រី សែម ស្រីតូច នាយិកាប្រតិបត្តិ និងស្ថាបនិកសហគ្រាស អ៊ីភីអិល ផូលីនែត និងជាប្រធានសមាគមទឹកឃ្មុំកម្ពុជាដែលលោកស្រីបានចែករំលែកនូវឧបករណ៍ឌីជីថល ដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្ម, របៀបប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើនការលក់ ការគ្រប់គ្រងផ្នែកលក់និងអាជីវកម្ម ទំនាក់ទំនងអតិថិជន ការផ្សព្វផ្សាយផលិតផលឬសេវាកម្ម ការការពារការគំរាមកំហែងសន្តិសុខសាយប័រ និងចែករំលែកអំពីវិធីសាស្រ្តក្នុងការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារនាពេលអនាគត និងឌីជីថលនីយកម្ម ដើម្បីរក្សាការប្រកួតប្រជែង និងនិរន្តរភាពនៃអាជីវកម្ម។ សិក្ខាកាមទាំងអស់ ក៏បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុមទៅលើប្រធានបទជុំវិញសារៈសំខាន់នៃការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធឌីជីថល បញ្ហាប្រឈមក្នុងការផ្លាស់ប្តូរទៅរកការប្រើប្រាស់ប្រព័ន្ធឌីជីថល និងសំណូមពរឬសំណើនានា។