CGCC ចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី លុយខ្ញុំ ជីវិតខ្ញុំ របស់វិទ្យុស្រ្តីកម្ពុជា គាំទ្រដោយសមាគមធនាគារនៅកម្ពុជា

នាថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្មនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងកម្មវិធី លុយខ្ញុំ ជីវិតខ្ញុំ ដែលផលិតដោយ វិទ្យុស្ត្រី គាំទ្រដោយ សមាគមធនាគារនៅកម្ពុជា (ABC) ដែលប្រធានបទនៃកម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនទាក់ទងនឹងCGCC, លក្ខខណ្ឌ និងនីតិវិធីដើម្បីទទួលបានការធានា និងជាពិសេសគឺអត្ថប្រយោជន៍​នៃយន្តការធានាឥណទានសម្រាប់អាជីវកម្ម។ 

 

តាមរយៈកម្មវិធីនេះ លោកស្រីម៉ានីកា បានចូលរួមចែករំលែកអំពីតួនាទី ផលិតផល និងសេវាកម្មរបស់ CGCC ដើម្បីបញ្ជ្រាបឱ្យសាធារណជនបានស្គាល់អំពី CGCC កាន់តែច្បាស់ និងអាចឱ្យម្ចាស់អាជីវកម្មអាចទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់សេវាធានាឥណទាន តាមរយៈការស្នើសុំកម្ចីទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ/មីក្រូហិរញ្ញវត្ថុ ដែលជាដៃគូរបស់ CGCC ក្នុងករណីខ្វះឬមិនមានទ្រព្យធានាគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានលើកយកករណីជោគជ័យ នៃសហគ្រិនស្រ្តីមួយរូប ដែលបានស្នើកម្ចីពីគ្រឹះស្ថានធនាគារដៃគូរបស់ CGCC ដែលមានការធានាពី CGCC ដែលបានជួយពង្រីកលទ្ធភាពទទួលបានកម្ចី ក្នុងការប្រើប្រាស់ចាំបាច់។ បន្ថែមពីលើនេះ លោកស្រីក៏បានចែករំលែកអំពីការចូលរួមរបស់ CGCC លើការកសាងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម ដែលជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពនានារបស់ CGCC។

ជាអនុសាសន៍និងសំណូមពរ ដល់សហគ្រាស និងម្ចាស់អាជីវកម្ម (SMEs) លោកស្រីបានលើកទឹកចិត្តឱ្យពួកគាត់គួរតែត្រៀមខ្លួនអោយបានល្អ ក្នុងការទទួលកម្ចីផ្លូវការ តាមរយៈការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងតាមស្តង់ដារ ដើម្បីអាចអភិវឌ្ឍខ្លួនឱ្យបានវែងឆ្ងាយទៅជាក្រុមហ៊ុនអាជីវកម្មស្តង់ដារ និងសំណូមពរដល់គ្រឹះស្ថានហិរញ្ញវត្ថុដៃគូរបស់ CGCC ឱ្យបន្តផ្សព្វផ្សាយបន្ថែមដល់បុគ្គលិក និងសាខាទាំងអស់ អំពីសេវាធានាឥណទានរបស់CGCC ដែលអាចជួយសម្រួលតម្រូវការទ្រព្យធានា និងជំរុញលទ្ធភាពទទួលបានកម្ចីផ្លូវការរបស់ SME៕