CGCC ចូលរួមក្នុងកិច្ចពិភាក្សាលើ ហិរញ្ញវត្ថុសម្រាប់អាជីវកម្មធុនតូច និងមធ្យម

នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅការិយាល័យសហគ្រិនខ្មែរ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC  បានចូលរួមជាវាគ្មិនកិត្តិយសមួយរូបក្នុងកិច្ចពិភាក្សាលើប្រធានបទ “ហិរញ្ញវត្ថុសម្រាប់អាជីវកម្មធុនតូច និងមធ្យម” ដែលត្រូវបានរៀបចំឡើងនៅក្នុងជំនួបលើកចុងក្រោយ នៃកម្មវិធី​ហិរញ្ញវត្ថុសម្រាប់អាជីវកម្ម រដូវកាលទី២ ដោយសហគ្រិនខ្មែរ។

តាមរយៈកិច្ចពិភាក្សានេះ លោក យុន ផន បានចែករំលែកអំពីយន្តការធានាឥណទាន និងអត្ថប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការពីគ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈសេវាកម្ម និងផលិតផលរបស់ CGCC ដែលរួមមាន ការធានាលើកម្ចីអាជីវកម្ម ការធានាសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពសម្រាប់សហគ្រិនរបស់ CGCC ដើម្បីជួយអភិវឌ្ឍអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។

សហគ្រិនដែលជាម្ចាស់អាជីវកម្មទាំងអស់ មិនត្រឹមតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការស្វែងយល់ពីការចែករំលែករបស់វាគ្មិនកិត្តិយស ទៅលើទិដ្ឋភាព និងនិន្នាការនៃហិរញ្ញប្បទានសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា​ រួមទាំងបញ្ហាប្រឈម និងដំណោះស្រាយប៉ុណ្ណោះទេ តែថែមទាំងមានឱកាសបានលើកឡើងនូវសំណួរនានាដែលពួកគាត់បាននិងកំពុងជួបប្រទះ ដើម្បីទទួលបានអនុសាសន៍ពីវាគ្មិនយកទៅកែលម្អលើប្រតិបត្តិការអាជីវកម្ម និងពង្រីកចំណេះដឹងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះក្នុងការបង្កើនលទ្ធភាពអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន សម្រាប់ការទទួលបានហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះនានា៕